ជាតិ
សេដ្ឋកិច្ច
២​ខែ​ដើមឆ្នាំ​២០១៩ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ជាង​១​លាន​នាក់ ដែល​ភាគច្រើន​ជនជាតិ​ចិន​
30, Mar 2019 , 9:59 am        
រូបភាព
រូបភាពបានពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍​
រូបភាពបានពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍​
​ភ្នំពេញ​៖  ២​ខែ​ដំបូង​ឆ្នាំ​២០១៩ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ជាង​១​លាន ២៤​ម៉ឺន​នាក់ ដែល​កើន​ជិត​១០​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងទេសចរណ៍​។​

 
​របាយការណ៍​ដដែល​ប​ន្ត​ថា ក្នុងចំណោម​ភ្ញៀវទេសចរ​១០​ប្រទេស​ដែល​មកលេង​កម្សាន្ត​នៅ​កម្ពុជា​ច្រើនជាងគេ គឺ ជនជាតិ​ចិន​ដែលមាន​ជិត​៤២​ម៉ឺន​នាក់ កើនឡើង​ជិត ៣២​ភាគរយ​។ ក្រៅពីនេះ​ជនជាតិ​វៀតណាម​មាន​ជាង​១២,៤​ម៉ឺន​នាក់​,  ឡាវ​មាន​ជាង​៨,៦​ម៉ឺន​នាក់​, កូរ៉េ​មាន​ជិត​៨,៩​ម៉ឺន​នាក់​, ថៃ​ជាង​៦,៩​ម៉ឺន​នាក់​, អាមេរិក​មាន​ជាង​៥​ម៉ឺន​នាក់​, បារាំង​ជាង​៤​ម៉ឺន​នាក់​, អង់គ្លេស​មាន​ជិត​៤​ម៉ឺន​នាក់​, ជប៉ុន​មាន​ជិត​៤​ម៉ឺន​នាក់ និង​ម៉ាឡេស៊ី​មាន​ជាង​៣​ម៉ឺន​នាក់​។ 
 
​ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​រំពឹងថា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​៦.៦​លាន​នាក់ និង​ជាង​៧​លាន​នាក់​ក្នុង​ឆ្នាំ​២០២០ ក្នុងនោះ​មាន​ទេសចរ​ចិន ៣​លាន​នាក់​។ ឆ្នាំ​២០២៥ ទទួលបាន​ភ្ញៀវទេសចរ​សរុប​១១​លាន​នាក់ ក្នុងនោះ​ទេសចរ​ចិន​មាន​៥​លាន​នាក់  និង​ឆ្នាំ​២០៣០ ទទួល​ទេសចរ​ចិន​បាន​៨​លាន​នាក់ ក្នុង​ចំនួន​ទេសចរ​សរុប ១៥​លាន​នាក់​។ 
 
​សូម​រម្លឹកថា កាល​ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​សរុប ៦,២​លាន​នាក់ ដោយ​ទទួល​រកចំណូលបាន ៤,៣៥៦​លាន​ដុល្លារ​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ​។ ក្នុងនោះ​មាន​ទេសចរ​ចិន​ចំនួន​១,៩​លាន​នាក់​៕
 

Tag:
 ទេសចរណ៍​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com