កីឡាជាតិ
ជាតិ
ក្រុម U18 បាទី​ដកខ្លួន​ចេញពី​ការប្រកួត​ពានរង្វាន់​ស​ម្តេច ហ៊ុន សែន​
29, Mar 2019 , 7:19 pm        
រូបភាព
ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ ពេលប្រកួតជាមួយក្រុមគីរីវង់
ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ ពេលប្រកួតជាមួយក្រុមគីរីវង់
ដោយ:
​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ជ្រើសរើស​ឲ្យ​លេង​ក្នុង​ក្របខណ្ឌ​កំពូល​កម្ពុជា បានសម្រេច​ដកខ្លួន​ពី​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៩ ដោយសារ​ខ្លាច​ប៉ះពាល់​ដល់​សិក្សា​។ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ធ្លាប់​អះអាងថា សហព័ន្ធ ចាត់ទុក​ការសិក្សា​របស់​កីឡាករ​ជា​ជា​កត្តា​អាទិភាព ខណៈ​ការអភិវឌ្ឍ​បាល់ទាត់​ជា​កត្តា​សំខាន់​ទី​២​។

 
​លេខាធិការ​ប្រតិបត្តិ​នៃ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​(CNCC)​លោក ឆាំង ពិសិដ្ឋ បាន​បញ្ជាក់ថា ក្រុមកីឡា​បាល់ទាត់​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី បានសម្រេច​ដកខ្លួន​ពី​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​ឆ្នាំនេះ ក្រោម​ហេតុផល​ខ្លាច​ប៉ះពាល់​ដល់​ការសិក្សា​របស់​កីឡាករ​។ ព្រោះ​កីឡាករ​បាទី​ស្ទើរ​ទាំងអស់​ជា​សិស្ស​កំពុង​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​។ ម្យ៉ាងទៀត ក្រុម U18 បាទី​ជាប់​ភារកិច្ច​ប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​កំពូល បន្ទាប់ពី​សហព័ន្ធ​ជ្រើសរើស​ពួកគេ​ឲ្យ​ចូលរួម​នៅ​ឆ្នាំនេះ​។ 
 
«​ថ្នាក់ដឹកនាំ​គិតថា ការលេង​ក្នុង​លី​ក​កំពូល​និង​ការសិក្សា​គឺ​វា​គ្រប់គ្រាន់​ហើយ​សម្រាប់​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​។ ដូច្នេះ​ឆ្នាំនេះ​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​លេង​ក្នុង​ពាន​សម្តេច ហ៊ុន សែន នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការសិក្សា​របស់​ពួកគេ​។ អ៊ីចឹង​យើង​កុំ​ទាន់​បន្ថែម​បន្ទុក​ដល់​ពួកគាត់ ប៉ុណ្ណឹង​វា​គ្រប់គ្រាន់​ហើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឆាំង ពិសិដ្ឋ​។​
 
​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ធ្លាប់បាន​លើកឡើង​ក្នុង​មហាសន្និបាត​កន្លងមក​ថា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ចាត់ទុក​ការសិក្សា​របស់​កីឡាករ​ជា​រឿង​អាទិភាព​ជាង​អ្វី​ទាំងអស់ ទោះបី​គោលដៅ​របស់​សហព័ន្ធ​ផ្តោតលើ​ការអភិវឌ្ឍ​កីឡាបាល់ទាត់​ក៏ដោយ​។ 
 
​តាម​រូបមន្ត​ក្រុម​លេង​ក្នុង​ក្របខណ្ឌ​កំពូល​ទាំង​១៤​ឆ្នាំនេះ គឺ​ទទួលបាន​កៅអី​ឡើងទៅ​ប្រកួត​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​ដោយ​ស្វ័យប្រវត្តិ​។ ប៉ុន្តែ​ដោយសារ​ការដកខ្លួនរ​បស់ U18 បាទី តម្រូវ​ឲ្យ​គណកម្មការ​រៀបចំ​ពានរង្វាន់​នេះ​ជ្រើសរើស​ក្រុម​៣​ឡើង​មកពី​ថ្នាក់​ខេត្ត ដើម្បី​បង្គ្រប់​១៦​ក្រុម​លេង​នៅ​ថ្នាក់ជាតិ ខណៈ​ពីដំបូង​គ្រោង​ជ្រើសរើស​តែ​លេខ​១ និង​លេខ​២​តែប៉ុណ្ណោះ​៕ 

Tag:
 បាល់ទាត់​
  U18 បាទី​
  Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com