ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​ដក​អាជីវកម្ម​ផ្លូវដែក​ពី​លោក គិត ម៉េង
29, Mar 2019 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​បានសម្រេច​ដក​សិទ្ធិធ្វើ​អាជីវកម្ម​ផ្លូវដែក​ពី​ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េ​ល​វេ​យ៍​របស់លោក គិត ម៉េង ទៅឱ្យ​ក្រសួង​សាធារណការ និងដឹក​ជញ្ជូន​ជា​អ្នកគ្រប់គ្រង​បណ្ដោះអាសន្ន មុននឹង​ដាក់​ឲ្យ​ដេញថ្លៃ​ជាថ្មី​ឡើងវិញ​។ ការដក​នេះ ក្រោម​ហេតុផល​ថា ការអភិវឌ្ឍ និង​ផ្ដល់​សេវា​នៃប្រតិបត្តិ​ការដឹកជញ្ជូន​ផ្លូវដែក​បច្ចុប្បន្ន​ដោយ​ក្រុមហ៊ុន​នេះ ហាក់​មិនសូវ​ឈានទៅ​មុខ ខណៈ​វិស័យ​ដឹកជញ្ជូន​របស់​កម្ពុ​ជាកា​ន់​តែមាន​តម្រូវការ​ខ្ពស់ និង​ទាមទារ​ស្ដង់ដារ​។ នេះ​បើតាម​ការប្រកាស​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​រដ្ឋាភិបាល និង​វិស័យ​ឯកជន​លើក​ទី​១៨ នៅ​ថ្ងៃទី​២៩​ខែមីនា​នេះ​។​

 
​សូម​ស្តាប់​ប្រសាសន៍​សម្តេច ហ៊ុន សែន ខាងក្រោម​នេះ​៖
 


 
«​គួរ​ឲ្យ​សោកស្ដាយ​ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​មកនេះ វិស័យ​ដឹកជញ្ជូន​ផ្លូវដែក​ហាក់​មិន​ទទួលបាន​ជោគជ័យ​ប៉ុន្មាន​ទេ បើទោះបី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ខិតខំ​លើកទឹកចិត្ត​ផ្សព្វផ្សាយ​ពី​វិស័យនេះ​យ៉ាងណាក៏ដោយ​»​។ នេះ​ជា​ប្រសាសន៍​សម្ដេច ហ៊ុន សែន មុននឹង​សម្ដេច​បន្ត​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​សម្រេច​ដក​ការធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់ រ៉េ​ល​វេ​យ៍ ក្នុង​ប្រតិបត្តិការ​ផ្លូវដែក ហើយ​រដ្ឋាភិបាល​សម្រេច​ប្រគល់​ការធ្វើ​ប្រតិបត្តិការ​ផ្លូវដែក​ទៅ​ឲ្យ​ក្រសួង​សាធារណការ​ជា​បណ្ដោះអាសន្ន ដើម្បី​គ្រប់គ្រង​ដំណើរការ​ឡើងវិញ មុននឹង​ឈានដល់​ការដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ ជ្រើសរើស​ក្រុមហ៊ុន​ដែលមាន​សមត្ថភាព និង​បទពិសោធន៍​គ្រប់គ្រាន់​មក​សហការ​ជាមួយ​រដ្ឋាភិបាល សំដៅ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្លូវដែក​កម្ពុ​ជាម​មាន​ស្ដង់ដារ​អន្តរជាតិ​»​។​
 
​ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​បញ្ជាក់ថា រឿង​ដកសិទ្ធិ​អាជីវកម្ម​ផ្លូវដែក​ពី Royal Railways នេះ គេ​មិន​ត្រូវមាន​ការភាន់ច្រឡំ​ណាមួយ​ទៅលើ​លោក គិត ម៉េង ដែលជា​ប្រធាន​ក្រុមហ៊ុន​នេះនោះ​ទេ​។ សម្ដេច​លើកឡើងថា លោក គិត ម៉េង បាន​ទទួលថ្មបាក់​ពី​អ្នកវិនិយោគ​អូស្ត្រាលី​។​
 
​បើតាម​សម្ដេច ហ៊ុន សែន កាលពី​ឆ្នាំ​២០០៩ រដ្ឋាភិបាល​បានធ្វើ​សម្បទាន​គម្រោង​ផ្លូវដែក​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​ពី​អូស្ដ្រាលី ដើម្បី​ពង្រឹង​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​របស់​កម្ពុជា តែ​នៅ​ឆ្នាំ​២០១៤ ក្រុមហ៊ុន​នេះ​បាន​បង្វែរ​ភាគហ៊ុន ៥៥​ភាគរយ​ទៅ​ឲ្យ​ក្រុមហ៊ុន Royal Group ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់លោក គិត ម៉េង កាន់កាប់​ភាគហ៊ុន​ទាំងស្រុង​ចាប់ពីពេលនោះ​មក​។​
 
«​កុំ​ថា​ខ្ញុំ​បន្ទោស​ឧកញ៉ា គិត ម៉េង គឺ​អត់​ទេ​ណា ដោយសារ​ស្ថានភាព​វា​តម្រូវ​។ អា​ថូ​ល (​ក្រុមហ៊ុន​អូស្ដ្រាលី​) ដកខ្លួន​ចេញ មិនដឹង​នរណា​ជួស ក៏ គិត ម៉េង ទិញ​យកទៅ​។ ឥឡូវនេះ​បើ​ទុក​ឲ្យ គិត ម៉េង តទៅទៀត​មានតែ​ដួលរលំ​ទាំងអស់គ្នា ផ្លូវដែក​ក៏​រលំ ហើយ​ការដឹក​ជ​ញ្ជូ​ន​តាម​ផ្លូវដែក បន្ថយ​ការកកស្ទះ បន្ថយ​តម្លៃ ក៏​ទៅ​មិន​រួច​។ សូម​លោក​ឧកញ៉ា​យោគយល់ លោក​ឧកញ៉ា​រួចខ្លួន​ទៅវិញ​ទេ ព្រោះ​លោក​ទទួលថ្មបាក់​ពី​គេ​»៕
 

Tag:
 ផ្លូវដែក​
© រក្សាសិទ្ធិដោយ thmeythmey.com