កីឡាជាតិ
ជាតិ
គ្រូ​វិសាខា​ថា ត្រៀមខ្លួន​បានល្អ តែ​មិន​ហ៊ាន​មើលស្រាល​គីរីវង់​
30, Mar 2019 , 10:30 am        
រូបភាព
ខ្សែប្រយុទ្ធ Coulibaly Souleymane អ្នករកគ្រាប់បានច្រើនជាងគេក្នុងសប្តាហ៍ទី១ ក្រោយរកបាន៣គ្រាប់ឲ្យគីរីវង់
ខ្សែប្រយុទ្ធ Coulibaly Souleymane អ្នករកគ្រាប់បានច្រើនជាងគេក្នុងសប្តាហ៍ទី១ ក្រោយរកបាន៣គ្រាប់ឲ្យគីរីវង់
ដោយ:
​គ្រូបង្វឹក​ក្រុម​វិសាខា អះអាង​ពី​ការត្រៀមខ្លួន​រួចរាល់​ក្នុងការ​ស្វាគមន៍​ក្រុម​គីរីវង់​សុខ​សែន​ជ័យ នា​ជំនួប​សប្តាហ៍​ទី​២​នៃ​ពានរង្វាន់​ក្របខណ្ឌ​កំពូល​កម្ពុជា​នៅ​ថ្ងៃ​សៅរ៍​នេះ​។ ប៉ុន្តែ​ហាក់​មិន​ហ៊ាន​មើលស្រាល​សមត្ថភាព​ក្រុម​ទើប​ឡើង​ថ្មី​នេះឡើយ​។ នៅថ្ងៃនេះ​ដែរ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​ប៉ះ​អាស៊ី​អឺរ៉ុប​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ខណៈ​ក្រុម​ណាហ្គា​វើ​លត​ទល់​ជាមួយ​ក្រសួងការពារជាតិ​(​ទ័ព​)​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។

 
​លោក ហុក សុ​ជី​វ័​ន្ត គ្រូបង្វឹក​ក្រុម​វិសាខា​បាន​និយាយថា ក្រុម​លោក​បាន​ហ្វឹកហាត់​បង្កើន​សមត្ថភាព​ត្រៀម​រួចរាល់​ហើយ ក្នុងការ​ស្វាគមន៍​ក្រុម​ចំណូល​ថ្មី​គីរីវង់​សុខ​ជ័យ​នៅ​សប្តាហ៍​នេះ​។ ទោះបី​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ​មួយ​នេះ ទើប​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ជ្រើសរើស​ឲ្យ​លេង​ក្នុង​ក្របខណ្ឌ​កំពូល​សាជាថ្មី​ក៏ដោយ តែ​លោក សុ​ជី​វ័​ន្ត ហាក់​ឲ្យ​តម្លៃ​ខ្ពស់​លើ​ក្រុម​នេះ​ថា ជា​ក្រុម​ដែល​ខ្លួន​មិនអាច​មើលស្រាល​បាន​។ 
 
«​យើង​បាន​ត្រៀម​នូវ​អ្វីដែល​ថ្មី​រួចរាល់​ហើយ​ក្នុងការ​ប្រកួត​ជាមួយ​ក្រុម​គីរីវង់​។ មិន​សំខាន់​ក្រុម​ណា​ឈរ​កំពូល​តារាង ឬ​បាត​តារាង​នោះទេ ព្រោះ​វា​ជាការ​ប្រកួត​លើក​ទី​១ យើង​មិនអាច​វាយតម្លៃថា ក្រុម​ណា​មាន​សមត្ថ​ភាពខ្លាំង​ជាង​ក្រុម​ណា​នោះទេ សំខាន់​លើ​ខ្លួន​យើង ត្រូវ​រៀបចំ​ឲ្យ​បានល្អ​ដើម្បី​ប្រកួត​ជាមួយ​គេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហុក សុ​ជី​វ័​ន្ត​។ 
 
​សម្រាប់​លោក ហុក សុ​ជី​វ័​ន្ត ក្នុង​រដូវ​កាល​ថ្មី​នេះ ទាំង​ក្រុម​ចាស់​និង​ក្រុម​ចំណូល​ថ្មី​សុទ្ធតែ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ ពោលគឺ​ពុំមាន​ក្រុម​ណា​ខ្លាំង​ដាច់​គេ ហើយ​ឈ្នះ​គ្រប់ការ​ប្រកួត​នោះទេ​។ គ្រូបង្វឹក​រូបនេះ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ខ្ញុំ​ជឿជាក់ថា ក្នុង​រដូវ​កាល​នេះ​គ្មាន​ក្រុម​មួយណា​ប្រាកដ​ខ្លួន​ថា ត្រូវតែ​ឈ្នះ​គ្រប់ការ​ប្រកួត​នោះទេ​។ ព្រោះ​គ្រប់​ក្រុម​ទាំង​កំពង់ចាម ឬ​គីរីវង់ ដែល​ទើប​ឡើងមក​ថ្មី​សុទ្ធតែ​បាន​ត្រៀមខ្លួន​ល្អ​ដូចគ្នា គឺ​ពួកគេ​មាន​គ្រូបង្វឹក និង​កីឡាករ​បរទេស​ល្អៗ ដូច្នេះ​គ្រប់​ក្លិប​ស្ទើរតែ​ប្រហាក់ប្រហែលគ្នា​»​។ 
 
​ក្រុម​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៣​នៅ​ឆ្នាំ​២០១៨ ខាងលើ ត្រូវ​បើកទ្វារ​កីឡដ្ឋាន​វិសាខា​ស្វាគមន៍​ក្រុម​គីរីវង់​សុខ​សែន​ជ័យ នា​ជំនួប​សប្តាហ៍​ទី​២​នៃ​ពានរង្វាន់​ក្របខណ្ឌ​កំពូល​កម្ពុជា​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៩​នេះ​។ សម្រាប់​ជំនួប​បើកឆាក​វិសាខា​បានបញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ០-០ ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ ខណៈ​គីរីវង់​សុខ​សែន​ជ័យ​យកឈ្នះ​ក្រុមយុវជន U18 បាទី​ក្នុង​លទ្ធផល ៤-១​។ 
 
​នៅ​ថ្ងៃ​សៅរ៍​នេះដែរ ក្រុម​ណាហ្គា​វើ​ល ដែល​យកឈ្នះ​អាស៊ី​អឺរ៉ុប ១-០ នា​ជំនួប​បើកឆាក ត្រូវ​ប្រើប្រាស់​កីឡដ្ឋាន​ស្តា​ត​ចាស់ ដើម្បី​តទល់​ជាមួយ​ក្រុម​ក្រសួងការពារជាតិ ដែល​ស្មើ ១-១ ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ​សប្តាហ៍​មុន នៅ​ម៉ោង​៦​ល្ងាច​។ ចំណែក​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ប៉ះ​អាស៊ី​អឺរ៉ុប​នៅ​ម៉ោង​៣:៣០​នាទី​រសៀល នា​កីឡដ្ឋាន​អាស៊ី​អឺរ៉ុប​៕ 
 

Tag:
 បាល់ទាត់​
  ហុក សុ​ជី​វ័​ន្ត​
  Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com