ជាតិ
អាជ្ញាធរជាតិអប្សរា៖ ការកាប់ទន្ទ្រានព្រៃក្នុងតំបន់នៅតែមាន អាជ្ញាធរជាតិអប្សរា៖ ការកាប់ទន្ទ្រានព្រៃក្នុងតំបន់នៅតែមាន
× សៀមរាប៖ ក្រៅពីបទល្មើសលួចសង់ផ្ទះនៅតំបន់ការពារហើយនោះ ក្នុងនោះការកាប់ទន្ទ្រានព្រៃក៏ជាបញ្ហាចោទសម្រាប់អាជ្ញាធរជាតិអប្សរា ក្នុងការគ្រប់គ្រង និងអភិរក្សតំបន់រមណីយដ្ឋានអង្គរផងដែរ។ យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា ការកាប់ទន្ទ្រានព្រៃ នៅតែពិបាកក្នុងការទប់ស្កាត់ និងបង្ការ។
ក្នុងខ្លឹមសារអត្ថបទចុះផ្សាយនៅថ្ងៃទី២៩ មីនា អាជ្ញាធរជាតិអប្សរាបានលើកឡើងថា ការបំផ្លាញព្រៃឈើក្នុងតំបន់អង្គរ គឺកើតចេញពីការកាប់ទន្ទ្រានដីព្រៃរមណីយដ្ឋានយកធ្វើជាកម្មសិទ្ធិ។ ហើយការកាប់នោះ ធ្វើឡើងដោយប្រជាពលរដ្ឋ ខ្លះជាអ្នកស៊ីឈ្នួលឱ្យឈ្មួញ ឬអ្នកទិញដីទុក បំណងដើម្បីធ្វើលំនៅដ្ឋាន ធ្វើចម្ការ និងលក់ដូរខុសច្បាប់។
ចំពោះទីតាំងដែលកើតមានករណីនេះជាញឹកញាប់ រួមមាននៅតំបន់ភូមិក្រវ៉ាន់កែងផ្លូវ៦០ម៉ែត្រ ភូមិអារក្សស្វាយ ភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ភូមិគោកបេង ភូមិនគរក្រៅ សង្កាត់គោកចក ភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប ភូមិភ្លង់ គោកគ្រើល ភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ភូមិអូរទទឹង ឃុំព្រះដាក ស្រុកបន្ទាយស្រី ភូមិគិរីមានន្ទ ឃុំអំពិល ស្រុកប្រាសាទបាគង។ល។
លោក គឹមស៊ី មន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញធរជាតិអប្សរា បានឱ្យដឹងថា ករណីដែលទប់ស្កាត់បានបទល្មើសជាក់ស្តែងនាពេលកន្លងមក អាជ្ញាធរជាតិអប្សរាបានធ្វើការណែនាំ ដោយរៀបចំកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពបទល្មើស និងក្នុងករណីមិនរាងចាល ដោយនៅតែបន្តប្រព្រឹត្តបទល្មើស គឺបញ្ជូនទៅកាន់មន្ត្រីឧទ្យានុរក្ស ដើម្បីអនុវត្តនិតិវិធីបន្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com