កីឡាជាតិ
ជាតិ
ក្រសួង​អប់រំ រំពឹង​កីឡា​៨​ប្រភេទ ដណ្តើមបាន​មេដាយ​នៅ​ស៊ី​ហ្គេម​ឆ្នាំនេះ​
01, Apr 2019 , 8:39 am        
រូបភាព
ដោយ:
​កីឡា​សក្តានុពល​ចំនួន​៨​ប្រភេទ ត្រូវបាន​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា ដាក់​គោលដៅ​ជាមួយ​ក្តី​រំពឹង​ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ SEA Games លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​ឆ្នាំនេះ​។ ក្នុងចំណោម​កីឡា​សក្តានុពល​ទាំងនេះ​ភាគច្រើន​ជា​ប្រភេទ​កីឡា ដែល​ទទួលបាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​។

 
​កីឡា​តេ​ក្វាន់​ដូ ប៉េតង់ ចំបាប់ ប្រដាល់​គុន​ខ្មែរ សីដក់ វាយ​កូន​បាល់ ប្រដាល់សកល និង​ជី​ជិត​ស៊ូ ត្រូវបាន​ក្រសួង​អប់រំ យុវជន​និង​កីឡា​ដាក់​ក្តី​រំពឹង​ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ SEA Games នៅ​ប្រទេស​ហ្វីលីពីន​ក្នុង​ឆ្នាំ​២០១៩​នេះ​។ នេះ​បើ​យោងតាម​របាយការណ៍ ដែល​បង្ហាញ​ដោយ​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា ក្នុង​បទ​បង្ហាញ​ស្តីពី ដំណើរ​ឆ្ពោះទៅកាន់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នា​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​
 
​ភាគច្រើន​នៃ​ប្រភេទ​កីឡា​ទាំងនេះ សុទ្ធសឹង​ជា​កីឡា​សក្តានុពល ដែល​ដណ្តើមបាន​មេដាយ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​២៩​នៅ​ម៉ាឡេស៊ី​ឆ្នាំ​២០១៧ និង​កីឡា Asian Games នៅ​ឥណ្ឌូណេស៊ី​ឆ្នាំ​២០១៨​។ ក្នុងនោះ​កីឡា​ប៉េតង់​ដណ្តើមបាន​មេដាយមាស​១ ប្រាក់​១ និង​សំរឹទ្ធ​៣, ប្រដាល់​គុន​ខ្មែរ​មាស​១ ប្រាក់​១ និង​សំរឹទ្ធ​២, តេ​ក្វាន់​ដូ​មាស​១ និង​សំរឹទ្ធ​២, សីដក់​មេដាយ​សំរឹទ្ធ​២, ប្រដាល់សកល និង​វាយ​កូនឃ្លី​លើ​តុ​ទទួលបាន​មេដាយ​សំរឹទ្ធ​ម្នាក់​មួយ ខណៈ​កីឡា​ជឺ​ជិត​ស៊ូ​ដណ្តើមបាន​មេដាយមាស​១ នា​ការប្រកួត​កីឡា Asian Games​។​
 
​នា​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ឆ្នាំ​២០១៧ កម្ពុជា​បញ្ចប់​ក្នុង​ចំណាត់​លេខ​៨​ក្នុង​តារាង​មេដាយ​សរុប ក្រោយ​ដណ្តើមបាន​មេដាយមាស​៣ ប្រាក់​២ និង​សំរឹទ្ធ​១២​។ ខណៈ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ឈរ​កំពូល​តារាង​ក្រោយ​ដណ្តើមបាន​មេដាយមាស​១៤៥ ប្រាក់​៩២ និង​សំរឹទ្ធ​៨៦ ដែល​តាម​ពីក្រោយ​ដោយ​ថៃ​(​មាស​៧២ ប្រាក់​៨៦ សំរឹទ្ធ​៨៨) វៀតណាម​(​មាស​៥៨ ប្រាក់​៥០ សំរឹទ្ធ​៦០) និង​សិង្ហ​បុរី​(៥៧, ៥៨, ៧៣)៕         
 

Tag:
 SEA Games 2019
  ហ្វីលីពីន​
  ក្រសួង​អប់រំ យុវជន និង​កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com