ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​សម្បូរ​ទឹកដោះ​អោយ​កូនបៅ​មែន​ទេ​? ទទួលទាន​អាហារ​ទាំងនេះ​
01, Apr 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយពេល​សម្រាល អ្វីដែល​ស្ត្រី​ជា​ម្ដាយ​គួរ​ធ្វើ​ដើម្បី​ខ្លួនឯង និង​កូន គឺ​សម្រាក​អោយបាន​គ្រប់គ្រាន់ និង​ទទួលទាន​អាហារ​សុខភាព​ល្អ​សម្បូរ​ដោយ​សារធាតុចិញ្ចឹម​។   អ្វីដែល​សំខាន់​ទៀត​នោះ គឺ​របប​អាហារ​ត្រឹមត្រូវ​ក៏​ជួយ​បង្កើន​ទឹកដោះ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ប៉ុន្តែ​ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែល​ជួយផ្ដល់​ថាមពល​បន្ថែម​និង​បង្កើន​ទឹកដោះ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព  Health.com.kh នឹង​បង្ហាញ​អោយដឹងពី​ប្រភេទ​នៃ​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​កំឡុងពេល​កំពុង​បំបៅ​ដោះ​កូន ៖

 
១. ត្រី​សាល​ម៉ុ​ន​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ដែល​ជួយ​បង្កើន​បរិមាណ​នៃ​ការ​ទឹកដោះ​។ ត្រី​សាល​ម៉ុ​ន ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ជាតិ​ខ្លាញ់ DHA ដែល​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​សរសៃប្រសាទ​របស់​ក្មេង និង​ជួយ​អោយ​ស្ត្រី​ជា​ម្ដាយ​រក្សាបាន​នូវ​អារម្មណ៍ល្អ​ជៀសផុត​ពី​ជំងឺ​បាក់​ទឹកចិត្ត​ក្រោយ​សម្រាលកូន​។​
 
២. អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​
 
​ទឹកដោះគោ​, យ៉ា​អួរ​, ឈី​ស និង​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ផ្សេងទៀត គឺ​សំខាន់​ណាស់​ដែល​គួរតែមាន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​ស្ត្រី​ជា​ម្ដាយ​កំពុង​បំបៅ​ដោះ​កូន​។ អាហារ​ទាំងនេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​, វីតាមីន D, វីតាមីន B និង​ជាពិសេស​នោះ គឺ​ជាតិ​កាល់ស្យូម​ដែល​ចាំបាច់​ក្នុងការ​លូតលាស់ ឬ​អភិវឌ្ឍ​ឆ្អឹង​របស់​ទារក​។​
 
៣. សាច់គោ​គ្មាន​ខ្លាញ់
 
​ស្ត្រី​ជា​ម្ដាយ​គ្រប់រូប គឺ​សុទ្ធតែ​ត្រូវការ​ថាមពល​បន្ថែម ហើយ​សាច់គោ​គ្មាន​ខ្លាញ់​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​សារធាតុចិញ្ចឹម​ដែល​ជួយផ្ដល់​កម្លាំង​ដល់​រាងកាយ​។ វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​, វីតាមីន B12 និង​ជាពិសេស​ជាតិ​ដែក​ចាំបាច់​សម្រាប់​បង្កើន​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម និង​ថាមពល​ឆាប់រហ័ស​។​
 
៤. ស៊ុត​
 
​ស៊ុត ជា​អាហារ​ពេលព្រឹក​ល្អ​បំផុត​មួយ​ដែលមាន​រសជាតិ​ឆ្ងាញ់ ហើយ​មិន​ពិបាក​នឹង​ចម្អិន​ទៀត​។ វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន រួមទាំង​វីតាមីន D និង choline ដែល​ចាំបាច់​សម្រាប់​ការលូតលាស់​ឆ្អឹង និង​ការអភិវឌ្ឍ​ខួរក្បាល​របស់​ទារក​។​
 
៥. ក្រូច​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ធ្វើអោយ​វា​ក្លាយជា​អាហារ​ល្អ​បំផុត​មួយ​ជួយ​បង្កើន​ការផលិត​ទឹកដោះ​។ បរិមាណ​នៃ​វីតាមីន C ក្នុង​ផ្លែក្រូច​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​ស្ត្រី​ជា​ម្ដាយ និង​ទារក​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺ​ផ្សេងៗ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​
 
៦. បាយ​អង្ករសម្រូប
 
​បាយ​អង្ករសម្រូប​អាច​ផ្ដល់នូវ​ថាមពល​បន្ថែម​ដែល​ស្ត្រី​ជា​ម្ដាយ​កំពុង​បំបៅ​ដោះ​កូន​ត្រូវការ និង​ថែមទាំង​ជួយ​បង្កើន​ការផលិត​ទឹកដោះ​សម្រាប់​ទារក​ទៀតផង​។​
 
៧. បន្លែ​បៃតង​
 
​បន្លែ​បៃតង​ជា​អាហារ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ហ្វូ​លិ​ក​ដែល​ជួយ​រាងកាយ​ក្នុង​ការផលិត​កោសិកា​ឈាម​ថ្មី​។ បន្លែ​បៃតង​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C និង​ជាតិ​ដែក​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com