ជាតិ
បទវិភាគ
គ្រប់គ្នា​ចាំមើល ប៉ាវ​ចិន «​ខ្មែរ​» ក្នុង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​!
31, Mar 2019 , 2:33 pm        
រូបភាព
​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​ផ្តាច់ជីវិត​និស្សិត​ត្រៀម​បញ្ចប់​មហាវិទ្យាល័យ​ម្នាក់​កំពុង​បង្ក​ឲ្យ​ការជជែក​ដេញដោល​ពី​វប្បធម៌​និ​ទណ្ឌ​ភាព និង​ស្តង់ដា​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​បច្ចុប្បន្ន​។ តាម​មតិ​ស្តួចស្តើង​របស់ខ្ញុំ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​គួរ​ក្លាយជា​កម្លាំង​ជំរុញ​ឲ្យ​មានការ​បញ្ចប់​រាល់​វប្បធម៌​ទណ្ឌ​ភាព និង​ធានា​ការអនុវត្ត​គោលការណ៍​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​ក្នុងសង្គម ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ទាំងអស់​ក្នុងសង្គម​កម្ពុជា​។

 
​យុវតី ឌុំ រី​ដា មាន​វ័យ​២២​ឆ្នាំ  និង​មាន​ទីលំនៅ​នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក Range Rover មួយគ្រឿង​បើកបរ​ដោយ​យុវតី​ម្នាក់​​។ រី​ដា ជា​និស្សិត​ឆ្នាំ​ទី​៤ ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ នៃ​សាកលវិទ្យាល័យ​ផា​រ៉ា​ហ្គ​ន និង ត្រៀម​បញ្ចប់​ការសិក្សា​ដោយបាន​ពិន្ទុ​ខ្ពស់​ផងដែរ​។ 
 
​យ៉ាងណាក៏ដោយ ក្រោយ​កើតហេតុ​រហូតដល់​បី​ថ្ងៃ​ពោលគឺ ព្រឹក​ថ្ងៃ​សុក្រ​ទី ២៩ ខែមីនា ទើប​យុវតី​ជា​ជនបង្ក​ឈ្មោះ យិន ម៉ា​ណា ចេញមុខ​បង្ហាញខ្លួន​ដើម្បី​ទទួលទោស​។ មុន​មានការ​បង្ហាញខ្លួន​នេះ ខាង​ប៉ូលិស​បានប្រកាស​ផ្តល់​ពេលវេលា​បី​ថ្ងៃ​សម្រាប់​ជនបង្ក ទោះជា​ដឹង​ច្បាស់​ពី​អត្តសញ្ញាណ​នៃ​ជន​នោះ​រួចទៅហើយ​ក្តី​។ 
 
​តាមពិតទៅ ការបាត់បង់​ធនធានមនុស្ស​ដ៏​ល្អ​ម្នាក់​ដូចជា រី​ដា គឺជា​រឿង​គួរ​ឲ្យ​សោកស្តាយ​បំផុត​មួយ​មិន​ត្រឹមតែ​សម្រាប់​គ្រួសារ តែ​ក៏​សម្រាប់​មិត្តភក្តិ មិត្ត​រួមការ​ងារ និង​សង្គម​កម្ពុជា​ទាំងមូល​ដែរ​។ ក្រៅពី​ភាព​សោកស្តាយ អ្នក​ដែល​តាមដាន​រឿងរ៉ាវ​កើតហេតុ​ក៏​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត និង​ខឹងសម្បារ​ភាពយឺតយ៉ាវ​ក្នុងការ​អនុវត្ត​ច្បាប់​លើ​ជនបង្ក និង​រិះគន់​ប្រព័ន្ធយុត្តិធម៌​កម្ពុជា​ដែរ​។​
 
​ខ្លះ​លើក​ជា​សំណួរ​ថា តើ​ប្រព័ន្ធ​ច្បាប់​កម្ពុជា​ពិតជា​មាន​តម្រូវ​ឲ្យ​មានការ​ទុកពេល​ឲ្យ​ជន​ប្រព្រឹត្ត​បទល្មើស​ត្រៀមខ្លួន​ចូលមក​ទទួលទោស​មែន​ឬទេ​? តើ​ក្នុងករណី​ដែល​ជនបង្ក​នោះ​ជាម​នុស្ស​ផ្សេង​គ្មាន​បុណ្យ​សក្តិ ទ្រព្យធន ឬ​អំណាច​នោះ នឹងមាន​វាសនា​ដូចគ្នា​នឹង​ករណីនេះ ឬក៏​ខុសគ្នា​? នេះ​ជា​ចម្ងល់​ដែល​គ្រប់គ្នា​ត្រូវការ​ចម្លើយ​។​
 
​អស់​ការអត់ធ្មត់​នឹង​ភាពយឺតយ៉ាវ​នេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ចែកចាយ​សារ​ប្រកូក​ប្រកាស​ដូច​ចា «​យើង​ត្រូវការ​យុត្តិធម៌​សម្រាប់​រី​ដា​» និង​«​យុត្តិធម៌​គួរ​មាន​ស្មើគ្នា​ចំពោះ​អ្នកក្រ និង​អ្នកមាន​» ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មានការ​ចូលរួម​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​។ សាធារណជន​ភាគច្រើន​សង្ឃឹមថា សំឡេង​របស់ខ្លួន​នឹង​អាចដាក់​សម្ពាធ​ឲ្យ​មានការ​នាំខ្លួន​ជនបង្ក​គ្រោះថ្នាក់​មក​ផ្តន្ទាទោស​តាមច្បាប់ និង​ធានាបាន​ថា គ្មាន​ឡើយ​និ​ទណ្ឌ​ភាព (​និយាយ​ម្យ៉ាងទៀត​បាន​ថា «​ការយក​រួចខ្លួន​រប​ស់ជន​បង្កដោយ​គ្មាន​ទទួលទោស​ទណ្ឌ​») ក្នុង​សំណុំរឿង​មួយ​នេះ​។ 
 
«​គោលការណ៍​ស្មើគ្នា​ចំពោះមុខ​ច្បាប់​» មានចែង​យ៉ាងច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែលជា​ច្បាប់កំពូល​របស់​រដ្ឋ​។ វា​មានន័យថា ច្បាប់​ត្រូវអនុវត្ត​ចំពោះ​រាល់​មនុស្ស​គ្រប់គ្នា​ឲ្យ​តែ​ប្រព្រឹត្ត​ខុសច្បាប់ មិន​រើសអើង​វណ្ណៈ មាន ឬ​ក្រ ស្រី​ឬ​ប្រុស ឬ​ពូជសាសន៍​អ្វី​ឡើយ​។ 
 
​ប៉ុន្តែ​គួរ​សោកស្តាយ ដូច​ប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេងទៀត​ដែរ តាម​ការអនុវត្ត​ជាក់ស្តែង គោលការណ៍​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​នេះ​ហាក់​មិនមាន​ប្រាកដ​ឡើយ​ក្នុង​ប្រព័ន្ធយុត្តិធម៌​កម្ពុជា​។ ច្បាប់​ត្រូវបាន​បែងចែក​ក្នុងការ​អនុវត្ត​អាស្រ័យ​ទៅតាម​មនុស្ស​ដែល​បំពាន​ច្បាប់ ហើយ​យុត្តិធម៌​មាន​ស្តង់ដា​ច្រើន​ជាន់ និង​និ​ទណ្ឌ​ភាព​នៅតែ​បន្ត​មាន​វត្តមាន​ក្នុងសង្គម​កម្ពុជា​ដដែល​។ 
 
​យ៉ាងណា​ក៏ដោយចុះ តាម​ការយល់ឃើញ​រប​ស់​ខ្ញុំ ករណី​បាត់បង់​ជីវិត​របស់ រី​ដា គួរ​ជា​ចំណុច​ចាប់ផ្តើម​ថ្មី​មួយ​នៃ​ការផ្លាស់ប្តូរ​មួយ​ដ៏​សំខាន់​ក្នុងការ​អនុវត្ត​ច្បាប់​ក្នុង​វិស័យ​យុត្តិធម៌​កម្ពុជា​។ វា​មិនមែន​សម្រាប់តែ រី​ដា តែ​ដើម្បី​ជនរងគ្រោះ​គ្រប់គ្នា​ដែល​ប្រឈម​នឹង​បញ្ហា​អយុត្តិធម៌​។ ជាក់ស្តែង​កាលពីពេល​ថ្មីៗ​កន្លងមកនេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកទឹកចិត្ត​ឲ្យ​ទូរទស្សន៍​ចាក់​បញ្ចាំង​រឿង​តុលាការ​មុខ​ដែក ឬ ប៉ាវ​ចិន ដើម្បី​សិក្សា​ពី​ការកាត់ក្តី​ដោយ​យុត្តិធម៌ និង​មិន​រើសមុខ​។​
 
​គោលការណ៍​ស្មើគ្នា​ចំពោះមុខ​ច្បាប់​ត្រូវតែ​អនុវត្ត​ត្រឹមត្រូវ​លើ​គ្រប់​ករណី​ទាំងអស់​មិន​ថា តែ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ទេ នៅក្នុង​សង្គម​ដែល​ប្រកាន់ខ្ជាប់​គោលការណ៍​នីតិរដ្ឋ ហើយ​វប្បធម៌​និ​ទណ្ឌ​ភាព និង​យុត្តិធម៌​មាន​ស្ដង់ដា​បែងចែក​នេះ​ក៏​មិនត្រូវ​បន្ត​មាន​វត្តមាន​នៅក្នុង​សង្គម​កម្ពុជា​ទៀត​ដែរ​។ 
 
​ជាធម្មតា នៅពេល​មាន​អ្នកណាម្នាក់​រំលោភបំពាន​ច្បាប់ អ្វីដែល​យើង​គ្រប់គ្នា​ចង់ឃើញ​គឺ ជន​នោះ​ត្រូវ​ទទួលទោស​ភ្លាមៗ​តាម​ការកម្រិត​នៃ​ច្បាប់​ដែលមាន​ចែង​ជា​ធរមាន​។ ចំណែក​ទម្ងន់​នៃ​ទណ្ឌកម្ម​ចំពោះ​បុគ្គល​នោះ​ហើយ​គឺជា​ការព្រមាន​ឬ​កំញើញ​មនុស្ស​ផ្សេងទៀត​កុំ​ឲ្យ​ប្រព្រឹត្ត​ខុសច្បាប់​ទៀត ឬ​ធ្វើ​ឲ្យ​មនុស្ស​រាងចាល​។ 
 
​វា​ក៏​បង្ហាញ​ឲ្យ​ឃើញ​ដូចគ្នា​ថា ជីវិត​និង​ភាពថ្លៃថ្នូ​របស់​អ្នក​ដែល​រងគ្រោះ​ដោយសារ​ទង្វើ​បំពាន​ច្បាប់​ត្រូវបាន​ការពារ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ ភាពជឿ​ទុកចិត្ត និង​ភាពកក់ក្តៅ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ក៏​នឹង​កើតមានឡើង​ដូចគ្នា​។   
 
​បើសិនជា​យុត្តិធម៌​ត្រូវបាន​បែងចែក ហើយ​គោលការណ៍​ស្មើគ្នា​ចំពោះមុខ​ច្បាប់​នៅតែ​មិន​ត្រូវបាន​អនុវត្ត វា​នឹង​បន្ត​ធ្វើជា​ឧបសគ្គ​ដ៏​ធំ​ក្នុង​ការកែប្រែ​ប្រព័ន្ធយុត្តិធម៌​សង្គម​កម្ពុជា​ដែរ​។ មនុស្ស​គ្រប់គ្នា​ជាពិសេស​អ្នកមាន​លុយ មានអំណាច មានយស​ស័ក្តិ ប្រាកដជា​ចិញ្ចឹមចិត្ត​បន្ត​ប្រព្រឹត្ត​ខុស និង​មិន​រាងចាល​ឡើយ ដ្បិត​ខ្លួន​នៅតែ​អាច​រួច​ផុតពី​សំណាញ់​ច្បាប់​ដដែល​នៅ​ចុងក្រោយ​។
 
​លើសពីនេះទៅទៀត ដើម្បី​ជំរុញ​ឲ្យ​យុត្តិធម៌​សង្គម​កើតមានឡើង​ប្រាកដ​មិន​ត្រឹមតែ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ទេ វា​ពិតជា​ត្រូវការ​ការចូលរួម​ឈឺឆ្អាល​ពី​មនុស្ស​ទាំងអស់​ក្នុងសង្គម​។ បើ​មនុស្ស​ម្នាក់ៗ​បន្ត​រក្សា​ភាព​អាត្មានិយម និង​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​ទាំងនេះ យុត្តិធម៌​ពេញលេញ និង​ពិតប្រាកដ​ប្រហែលជា​ពិបាក​នឹង​សម្រេចបាន​។​
 
​ចុងក្រោយ ខ្ញុំ​សង្ឃឹមថា សាធារណជន​កម្ពុជា​ដែល​បាន​ចូលរួម​ស្វែងរក​យុត្តិធម៌​ដល់ រី​ដា និង​ប្រឆាំង​រាល់​ភាពអយុត្តិធម៌​សង្គម នឹង​បន្តសកម្មភាព​រួមគ្នា​ទៀត​ដើម្បី​បញ្ចប់​វប្បធម៌​និ​ទណ្ឌ​ភាព​ក្នុងសង្គម និង​បន្ត​ធ្វើជា​ភ្នែក​ជា​ច្រមុះ​ជំរុញ​ឲ្យ​មានការ​អនុវត្ត​គោលការណ៍​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​ខ្ជាប់ខ្ជួន​។ ការកែប្រែ​ចំណុច​ខ្វះខាត​នៃ​សង្គម​គឺ​ត្រូវ​ចាប់ផ្តើម​ចេញពី​យើង​ម្នាក់ៗ​៕


​ដោយ​ ៖ សៃ សា​មឺ​ឌី ជាពលរដ្ឋរស់នៅខេត្តព្រៃវែង។ 

© រក្សាសិទ្ធិដោយ thmeythmey.com