ជាតិ
សង្គមជាតិ
សិង្ហបុរីហៅកម្ពុជាឲ្យចូលសមាជិកអនុសញ្ញាដោះស្រាយវិវាទពាណិជ្ជកម្មដោយការសម្រុះសម្រួល
× ភ្នំពេញ៖ ស្ថានទូតសិង្ហបុរីប្រចាំនៅប្រទេសកម្ពុជាបានរៀបចំវគ្គសិក្សាមួយអំពីការដោះស្រាយវិវាទពាណិជ្ជកម្មអន្តរជាតិតាមរយៈការសម្រុះសម្រួល ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីកម្ពុជាលើផ្នែកនេះ ខណៈសិង្ហបុរីបានស្នើឲ្យកម្ពុជាចូលជាសមាជិកអនុសញ្ញាអន្តរជាតិស្តីពីកិច្ចព្រមព្រៀងដំណោះស្រាយតាមការសម្រុះសម្រួល។
លោក Chusn Wee Meng អ្នកជំនាញផ្នែកដោះស្រាយវិវាទពាណិជ្ជកម្ម បានឲ្យដឹងថា ការដោះសាយវិវាទដោយមានភាគីទី៣ជាអ្នកសម្របសម្រួល ជាគោលនយោបាយបែបឈ្នះ-ឈ្នះ ហើយវាចំណាយពេលតិច ដែលខុសពីការដោះស្រាយតាមប្រព័ន្ធតុលាការដែលជាការសម្រេចចិត្តរបស់ចៅក្រម និងចំណាយពេលយូរ និងថវិកាច្រើន។ ដូច្នេះអ្នកវិនិយោគងាកមកប្រើប្រាស់មធ្យោបាយដោះស្រាយជម្លោះអាជីវកម្ម តាមរយៈការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះវិញ។ ប្រទេសជាច្រើនជាពិសេសប្រទេសរបស់លោកបានអនុវត្តនូវការដោះស្រាយជម្លោះតាមរយៈអ្នកសម្រុះសម្រួល ហើយគោលការណ៍នេះក៏បានទទួលស្គាល់ដោយអង្គការសហប្រជាជាតិផងដែរ (អនុសញ្ញាអន្តរជាតិស្តីពីកិច្ចព្រមព្រៀងដំណោះស្រាយតាមការសម្រុះសម្រួល) កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨។
លោកបន្តែមថា វគ្គបណ្ដុះបណ្ដាលនេះនឹងជួយឲ្យមន្ត្រីពាក់ព័ន្ធកម្ពុជាយល់ដឹងបន្ថែមទៀតមធ្យោបាយដោះស្រាយដ៏មានប្រសិទ្ធភាពលើករណីវិវាទពាណិជ្ជកម្មក្នុងប្រទេស និងតំបន់ និងស្វែងយល់ពីអនុសញ្ញាអន្តរជាតិស្តីពីកិច្ចព្រមព្រៀងដំណោះស្រាយតាមការស្រមុះស្រមួលរបស់អង្គការសហប្រជាតិផងដែរ។
លោកស្រី Sharon Smong មន្ត្រីផ្នែកច្បាប់របស់សិង្ហបុរី បានអះអាងថា កម្ពុជាក៏នឹងចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិស្តីពីកិច្ចព្រមព្រៀងដំណោះស្រាយតាមការសម្រុះសម្រួល ដែលនឹងធ្វើនៅប្រទេសសិង្ហបុរីនា ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះផងដែរ។ ដូច្នេះការសិក្សារស្វែងយល់បន្តែមនេះជារឿងដ៏ល្អសម្រាប់កម្ពុជា។ លោកស្រីជឿជាក់ថា អ្នកវិនិយោគសិង្ហបុរីនឹងបន្តមកដាក់ទុនរកស៊ីនៅកម្ពុជាបន្ថែមទៀត ដើម្បីជួយជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោក ពេជ ឫទ្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់ប្រទេសសិង្ហបុរីដែលតែងតែជួយគាំទ្រលើផ្នែកនានា ជាពិសេសវិស័យអប់រំ។ ហើយសិក្ខាសាលានេះ នឹងជួយពង្រឹងជំនាញបន្ថែមដល់មន្ត្រីកម្ពុជា លើការដោះស្រាយវិវាទពាណិជ្ជកម្មក្នុងក្របខណ្ឌពិភពលោក និងតំបន់អាស៊ាន។
សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីមកពីក្រសួងនានា ប្រមាណ១០នាក់ និងធ្វើការចែករំលែកដោយអ្នកជំនាញសិង្ហបុរីផ្នែកដោះស្រាយវិវាទពាណិជ្ជកម្ម ដែលមានរយៈពេលគិតពីថ្ងៃ ២៨ ដល់ថ្ងៃ ២៩ ខែមិនា ឆ្នាំ២០១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com