កីឡាជាតិ
ជាតិ
លោក ស សុខា តែងតែ​ដាស់តឿន​កីឡាករ​កីឡាការិនី កុំ​ឲ្យ​យក​ជំងឺ​តួឯក​ដាក់ខ្លួន​
31, Mar 2019 , 7:19 pm        
រូបភាព
លោក ស សុខា ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករកីឡាការិនី កាលពីពេលកន្លងទៅ
លោក ស សុខា ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករកីឡាការិនី កាលពីពេលកន្លងទៅ
ដោយ:
​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក្រើនរំលឹក​ដល់​កីឡាករ​កីឡាការិនី កុំ​ឲ្យ​យក​ជំងឺ​តួឯក​ដាក់ខ្លួន ព្រោះ​វា​អាច​នាំទៅរក​ភាពបរាជ័យ​។ តាម​ការកត់សម្គាល់​ជំងឺ​តួឯក​នេះ តែង​កើតមាន​លើ​កីឡាករ​កីឡាការិនី​មាន​សមត្ថភាព​លេចធ្លោ និង​ទទួលបាន​ជោគ​ទាំង​លើ​ឆាក​ជាតិ និង​អន្តរជាតិ​។ ថ្នាក់ដឹកនាំ​ក្រសួង​រូបនេះ ជំរុញ​ឲ្យ​អត្ត​ព​លិ​ក​ឆ្នើម​ទាំងអស់​បន្ត​ខិតខំ​អភិវឌ្ឍ​សមត្ថភាព និង​ចែករំលែក​បទពិសោធ​ដល់​ប្អូនៗ ដោយ​ជៀសវាង​យក​ពេលវេលា​ទៅ​ដើរលេង ឬ​ធ្វើ​រឿង​ដែល​គ្មាន​ប្រយោជន៍​។​

 
​នា​ពិធី​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​ម្ចាស់​ជ័យលាភី​មេដាយមាស ប្រាក់ និង​សំ​រឺ​ទ្ធ​លើ​កីឡា​វ៉ូ​វី​ណា​ម​និង​គុន​ដាវ​កាលពីពេល​ថ្មីៗ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា ដាស់តឿន​ដល់​កីឡាករ​កីឡាការិនី​ទាំងអស់ កុំ​ឲ្យ​យក​ជំងឺ​តួឯក​ដាក់ខ្លួន ព្រោះ​ជំងឺ​នេះ​អាច​នាំ​ពួកគេ​ទៅរក​បរាជ័យ​។ ការ​ដាស់តឿន​បែបនេះ បន្ទាប់ពី​សង្កេតឃើញ​មាន​ជំងឺ​នេះ កើត​ឡើងលើ​កីឡាករ​មួយចំនួន ក្រោយ​ពួកគេ​ក្លាយជា​កីឡាករ​ល្បី និង​ទទួលបាន​ជោគជ័យ​លើ​ឆាក​អន្តរជាតិ​។ 
 
​លោក ស សុខា កត់សម្គាល់​ឃើញថា ពេល​ជំងឺ​តួឯក​នេះ​កើតមាន​លើ​កីឡាករ​ណា​ម្នាក់ វា​នឹងធ្វើ​ឲ្យ​កីឡាករ​នោះ​ខ្វះ​ការប្រុងប្រយ័ត្ន​ក្នុងការ​ប្រកួត និង​ខ្ជីខ្ជា​ក្នុងការ​ហ្វឹកហាត់​ជាដើម​។ «​និយាយ​ជាទូទៅ​ខ្មែរ​យើង​ឲ្យ​តែមាន​ជំងឺ​តារា​ចូលខ្លួន​លែង​សូវ​ប្រុងប្រយ័ត្ន ក៏ដូចជា​យកចិត្តទុកដាក់​ក្នុងការ​ហ្វឹកហាត់​របស់​ខ្លួន​។ ការ​ជិះសេះ​លែងដៃ​នេះហើយ ធ្វើ​ឲ្យ​យើង​បរាជ័យ​នាពេលខាងមុខ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ស សុខា​។​
 
​លោក ជំរុញ​ឲ្យ​កីឡាករ​កីឡាការិនី ដែល​ទទួលបាន​ជោគជ័យ​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ហ្វឹកហាត់​អភិវឌ្ឍន៍​បន្ថែម​ឲ្យ​កាន់តែ​ប្រសើរ ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា ក្នុងនាម​តំណាង​ឲ្យ​ប្រទេសជាតិ​។ លើសពីនេះ ពួកគេ​ត្រូវ​ធ្វើជា​គំរូ​ល្អ សម្រាប់​សិស្ស​ប្អូន និង​ក្មេងៗ​ជំនាន់​ក្រោយ ដែល​បាន​យក​ពួកគេ​ធ្វើជា​កីឡាករ​ក្នុង​ចិត្ត​(Idol) តាមរយៈ​ការចែករំលែក​ពីបទ​ពិសោធ​ជោគជ័យ​ដល់​ពួកគេ​។​
 
​ទន្ទឹមនឹងនេះ លោក​ស្នើ​ឲ្យ​កីឡាករ​កីឡាការិនី​ទាំងអស់ កុំ​យក​ពេល​ហ្វឹកហាត់​ទៅធ្វើ​រឿង​ឥតប្រយោជន៍ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ខ្លួន គ្រួសារ និង​សង្គមជាតិ​។ លោក​សង្កត់ធ្ងន់ថា ជំងឺ​តួឯក និង​ភាព​ខ្ជិលច្រអូស​ក្នុងការ​ហ្វឹកហាត់ វា​នឹងធ្វើ​ឲ្យ​កីឡាករ​បរាជ័យ និង​បាត់បង់​តម្លៃ និង​ប្រជាប្រិយភាព​៕ 

Tag:
 ស សុខា​
  ក្រសួង​អប់រំ​យុវជន​និង​កីឡា​
© រក្សាសិទ្ធិដោយ thmeythmey.com