ជាតិ
សួន​អាកាស​លក្ខណ​គ្រួសារ ជួយ​ឲ្យ​កសិករ​ខេត្តកោះកុង​ចំណេញ​ថវិកា និង​គេច​ផុតពី​បញ្ហា​គ្រោះរាំងស្ងួត​
31, Mar 2019 , 10:19 pm        
រូបភាព
​ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ​រស់នៅ​ស្រុក​ថ្មបាំង​និង​ស្រុក​បទុម​សាគរ នៃ​ខេត្តកោះកុង បានរៀបចំ​សួន​លើ​ធ្នើរ សម្រាប់​ដាំ​ដំណាំ​ផ្សេងៗ ដែល​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ថែទាំ​។ លោក វង្ស សាវឿន អ្នកសម្របសម្រួល​កសិក​រ​របស់​អង្គការ​សេ​ដាក ដែល​ធ្វើការ​ជាមួយ​កសិករ​នៅ​ខេត្តកោះកុង បាន​បញ្ជាក់ថា ការដាំដុះ​បែបនេះ ជួយ​ដល់​កសិករ​កាត់បន្ថយ​ការចំណាយ ជាពិសេស​កសិករ​អាច​គេច​ផុតពី​បញ្ហា​គ្រោះរាំងស្ងួត និង​ការ​ប្រឈម​នឹង​ស្ថានភាព​ទឹកប្រៃ​។


 
​ការកែច្នៃ​ផ្ទៃដី​តូចចង្អៀត​សម្រាប់​ដាំ​ដំណាំ តាមរយៈ​ការរៀបចំ​សួន​លើ​ធ្នើរ ឬ​សួន​អាកាស​លក្ខណ​គ្រួសារ បាន​ជួយ​ឲ្យ​កសិករ​ក្នុង​ខេត្តកោះកុង​កាត់បន្ថយ​ការចំណាយ និង​ចំណេញ​ដល់​សុខភាព​។ ការដាំដុះ​បែបនេះ ជា​គម្រូ​ភាព​ដល់​កសិករ​ដទៃ រួមទាំង​ការបណ្ដុះ​ការស្រឡាញ់​ចំពោះ​ដំណាំ​ផងដែរ​។ 
 
​លោក វង្ស សាវឿន អ្នកសម្របសម្រួល​កសិក​រ​របស់​អង្គការ​សេ​ដាក ដែល​ជំរុញ​កសិករ​ឲ្យ​ដាំ​ដំណាំ​លើ​ធ្នើរ បាន​លើកឡើងថា​៖ « ក្រោយ​អង្គការ​សេ​ដាក បាន​ចុះទៅ​បណ្ដុះបណ្ដាល និង​ណែនាំ​ឲ្យ​ដាំ​ដំណាំ​បែបនេះ កសិករ​បាន​អនុវត្តតាម ហើយ​ទទួលបាន​លទ្ធផល​ល្អ​។ ហើយ​វា​ជួយ​ដល់​ការដាំដុះ​ដែល​ប្រឈម​នឹង​ស្ថានភាព​ទឹកប្រៃ​ផងដែរ​»​។ 


 
​បើតាម​លោក វង្ស សាវឿន ការដាំ​ដំណាំ​លើ​ធ្នើរ ផ្ដល់​អត្ថប្រយោជន៍​ដល់​កសិករ​ដូចជា កាត់បន្ថយ​ការចំណាយ​, ប្រើប្រាស់​ទឹក​អស់​តិច វា​មាន​ភាពងាយស្រួល​ក្នុង​ការដាំដុះ​ដោយ​មិន​ព្រួយបារម្ភ​សត្វ​បំផ្លាញ និង​ជា​គម្រូ​សម្រាប់​កសិករ​ដទៃ​ផងដែរ​។ 
 
​អ្នក​សម្រួល​សម្រប​កសិក​ម្ម​រូបនេះ ជំរុញ​ឲ្យ​កសិករ​អ្នក​ខេត្ត​ដទៃ​ងាក​មក​ដាំ​ដំណាំ តាម​បច្ចេកទេស​ងាយៗ នៅលើ​ធ្នើរ​បែបនេះ ដោយ​ទប់ស្កាត់​ការទិញ​បន្លែ​ផ្លែឈើ​ពី​ខាងក្រៅ​។ ទន្ទឹមនឹងនេះ លោក វង្ស សាវឿន ក៏បាន​អំពាវនាវ​ដល់​ក្រសួងកសិកម្ម ឲ្យ​បញ្ជូន​បុគ្គលិក​ចុះ​តាម​មូលដ្ឋាន ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​កសិក​រ ជាពិសេស​ចូលរួម​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក និង​ស្វែងរក​ទីផ្សារ​សម្រាប់​កសិករ​៕









Tag:
 កសិកម្ម​
  សួន​ដំណាំ​លើ​ធ្នើរ​
© រក្សាសិទ្ធិដោយ thmeythmey.com