ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អាជ្ញាធរ​ជួសជុល​ផ្លូវ​ទំនប់​បារាយណ៍ ដើម្បី​ពង្រឹង​តួ​ទំនប់ និង​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ
31, Mar 2019 , 10:39 pm        
រូបភាព
​សៀមរាប​៖ បារាយណ៍ទឹកថ្លា ឬ​បារាយណ៍​ខាងលិច ជា​អាង​ស្ដុក​ទឹក​ដ៏​សំខាន់​សម្រាប់​តំបន់​អង្គរ​។ កន្លងមក ដោយសារ​ផ្លូវ​រង​ការខូចខាត និង​ទឹក​ហូរ​ច្រោះ​នា​រដូវវស្សា បានធ្វើឱ្យ​ផ្នែក​ខ្លះ​នៃ​ទំនប់​នេះ រង​ក​ខាត​ខូ​ត​ខាត​។ ថ្មីៗ​នេះ អាជ្ញាធរ​ទើបនឹង​ជួសជុល​ផ្លូវ​នៅលើ​ខ្នង​ទំនប់​បារាយណ៍​ខាងលិច​នេះ​។ ផ្លូវ​នេះ​ធ្វើឡើង​ដើម្បី​ប្រយោជន៍​ទាំង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក៏ដូចជា​ពង្រឹង​តួ​ទំនប់​ឱ្យ​មាំ​ឡើងវិញ​។ ផ្លូវ​លើ​ខ្នង​ទំនប់​បារាយណ៍​មាន​ប្រវែង​សរុប​ទាំងអស់​២០​គីឡូម៉ែត្រ ហើយ​បច្ចុប្បន្ន​ការជួសជុល​បាន​ប្រវែង ១០​គីឡូម៉ែត្រ​ហើយ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប ដូចតទៅ​




 
​អ្នក​សៀមរាប និង​ភ្ញៀវទេសចរ​មួយចំនួនធំ ច្បាស់​ជា​បាន​ស្គាល់​បារាយណ៍ទឹកថ្លា ឬ​ខ្លះ​និយម​ហៅ​បារាយណ៍​ខាងលិច​ជាក់​ជាមិនខាន​។ បារាយណ៍​នេះ ស្ដុក​ទឹកបាន​ប្រមាណ ៥៣​លាន​ម៉ែត្រ​កូប ដែល​បម្រើ​ប្រយោជន៍​ទាំង​ប្រព័ន្ធធារាសាស្ដ្រ​ក្នុង​តំបន់​អង្គរ និង​ស្រោចស្រព​ផ្ទៃដី​កសិកម្ម​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​នោះ​ផងដែរ​។ ភ្ញៀវទេសចរ តែង​ទៅ​កម្សាន្ត​នៅ​តំបន់​នេះ​ទាំង​រដូវប្រាំង និង​វស្សា ដ្បិត​មាន​ទេសភាព​ត្រកាល និង​បរិយាកាស​បរិសុទ្ធ​។ ដើម្បី​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ដែល​និយម​ទៅ​កម្សាន្ត​នៅ​បារាយណ៍​ខាងលិច អាជ្ញាធរ​ជាតិ​អប្សរា ទើបនឹង​ជួសជុល​ផ្លូវដី​ក្រហម​នៅ​ផ្នែក​ខាងកើត និង​ខាងលិច​ខ្នង​បារាយណ៍​នេះ​។​
 
​លោក មាន់ ផានិត មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ទទួលបន្ទុក​ការងារ​នៅ​បារាយណ៍​ខាងលិច បានឱ្យដឹងថា ផ្លូវ​ថ្មី​ចំនួន​២​ខ្សែ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ទើបនឹង​ជួសជុល​នេះ ធ្វើឡើង​ក្នុង​បំណង​ដើម្បី​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ទាំងនោះ ក៏ដូចជា​សម្រួល​ចរាចរណ៍​ដល់​ភ្ញៀវទេសចរ​ផងដែរ​។ ផ្នែក​ខាងលិច​នៃ​បារាយណ៍ គឺជា​គោលដៅ​ទស្សនា​ថ្ងៃ​រះ​ដ៏​ទាក់ទាញ រីឯ​ផ្នែក​ខាងកើត​វិញ ភ្ញៀវ​ចាប់អារម្មណ៍​ក្នុងការ​ទស្សនា​ថ្ងៃ​លិច​។ តាម​ការបញ្ជាក់​របស់​លោក ផានិត កន្លងមក​ផ្លូវ​ទាំងនេះ​រង​ការខូចខាត មាន​ជង្ហុក និង​ដក់​ទឹក​នា​រដូវវស្សា ពិបាកធ្វើ​ដំណើរ​ខ្លាំង​។ ក្រៅពីនេះ ក្នុងការ​ជួសជុល​នេះដែរ ក៏​ក្នុង​បំណង​ដើម្បី​ពង្រឹង​តួ​ទំនប់​ផងដែរ​។​
 
​ផ្លូវ​ដែល​ទើប​ទទួលបាន​ការជួស​ជុល​នេះ មាន​ប្រវែង​សរុប​ជិត​៣​ពាន់​ម៉ែត្រ ដោយ​ផ្នែក​ខាងលិច​ប្រវែង ២២០០​ម៉ែត្រ និង​ខាងកើត​ប្រវែង​ជាង ៥០០​ម៉ែត្រ​។ ផ្លូវ​នេះ​បាន​បម្រើ​ប្រយោជន៍​ដល់​ពលរដ្ឋ​នៅ​ភូមិ​មួយចំនួន​ដូចជា គោក​បេង គោក​ត្នោត ពាម ប្រាសាទ​ចារ គោក​ពោធិ៍​ជាដើម ជា​ប្រយោជន៍​ដើម្បី​ឆ្លងកាត់​នាំ​កសិផល​ទៅ​លក់​នៅ​ទីរួមស្រុក​ពួក ក៏ដូចជា​ក្រុង​សៀមរាប​។ បើតាម​ការបញ្ជា​ក់រប​ស់លោក ផានិត បច្ចុប្បន្ន​ការជួសជុល​ផ្លូវ​នៅ​ខ្នង​បារាយណ៍​មាន​ប្រវែង​ត្រឹម​១០​គីឡូម៉ែត្រ ដោយ​នៅសល់​ប្រវែង ១០​គីឡូម៉ែត្រ ដែល​នឹងត្រូវ​រៀបចំ​គម្រោង​ជួសជុល​នាពេលខាងមុខ​។​
 
​បន្ទាប់ពី​ផ្លូវ​នៅតាម​ខ្នង​បារាយណ៍​ត្រូវបាន​ជួស​ជួល​ហើយ គេ​សង្កេតឃើញថា មាន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​កាន់តែច្រើន​ចូលមក​កម្សាន្ត​នៅ​បារាយណ៍​ខាងលិច​នេះ ពិសេស​នៅ​ផ្នែក​ខាងលិច​តែម្ដង ដែលមាន​បរិយាកាស​ដ៏​ស្រស់ស្អាត​។ គេ​អាច​មើលឃើញ​ផ្ទៃ​ដ៏​ល្វឹងល្វើយ​នៃ​បារាយណ៍ ដែល​ក្នុង​រដូវប្រាំង​នេះ ទឹក​នៅ​មិន​សល់​ច្រើន​ទេ ប៉ុន្តែ​ក៏​មិន​ខ្សត់​អ្នក​មកលេង​ដែរ​។ នេះ​មិនបាន​បរិយាយ​ពី​បរិយាកាស​នា​រដូវវស្សា​ផង ដែលមាន​ផ្ទៃ​ទឹក​ល្វឹងល្វើយ ជាទី​គាប់​កម្សាន្ត​របស់​ទេសច​រទូ​ទៅ​។​


 
​កំពុង​ជិះ​ម៉ូតូ​កាត់​ផ្លូវ​ដែល​ទើបនឹង​ជួសជុល​ហើយ លោក ឆាយ ផាត និង​ភរិយា​កំពុងធ្វើដំណើរ​ទៅលេង​ដន្លង​របស់លោក​នៅ​ភូមិ​ខាងត្បូង​បារាយណ៍​ខាងលិច​។ លោក​ថា តែង​ឆ្លងកាត់​ផ្លូវ​ខ្នង​បារាយណ៍​ខាងលិច​នេះ​ជារឿយៗ ពីមុន​ការធ្វើ​ចរាចរណ៍​នៅ​តំបន់​នេះ​ហាក់​ពិបាក​បន្ដិច ដ្បិត​មាន​ជង្ហុក​ធំៗ​នា​រដូវប្រាំង ឯ​រដូវវស្សា​រអិល ពិបាក​ជិះ​ណាស់​។ ដូច្នេះ លោក​អស់​បារម្ភ​ចំពោះ​ការធ្វើដំណើរ​កាត់​តាម​ទីតាំង​នេះ​ទៀតហើយ​ទៅ​ថ្ងៃមុខ ព្រោះថា​មាន​ផ្លូវដី​ក្រហម​ថ្មី​។​
 
​រីឯ​លោក ណាត ជា​បុគ្គលិក​ធនាគារ និង​ឧស្សាហ៍​ជិះ​កាត់​ផ្លូវ​ខ្នង​បារាយណ៍​ខាងលិច​ដែរនោះ ក៏បាន​សាទរ​ចំពោះ​សមិទ្ធិផល​ថ្មី​នេះដែរ​។ លោក​សុំឱ្យ​អាជ្ញាធរ​បន្ត​អភិវឌ្ឍន៍​ផ្លូវ​នៅ​តំបន់​ឆ្ងាយ​ពី​ក្រុង​ឱ្យ​បានល្អ​បន្ថែមទៀត ដើម្បី​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ទូទៅ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com