កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ គ្រាប់​ចុង​ម៉ោង​នាំ Liverpool ឡើង​កំពូល​តារាង​វិញ ខណៈ Chelsea មិន​ឆ្ងាយ​ពី Top 4
01, Apr 2019 , 10:41 am        
រូបភាព
Liverpool បាន​ឡើងទៅ​ឈរ​កំពូល​តារាង Premier League វិញ​បន្ទាប់​យកឈ្នះ Tottenham Hotspur ២-១ នា​ការប្រកួត​នៅ​យប់​ថ្ងៃទី​៣១ ខែមីនា​។ ជ័យជម្នះ​របស់​ហង្ស​ក្រហម នាំ​ឲ្យ Spurs ធ្លាក់​ក្នុង​ភាព​យ៉ាប់យឺន​ដោយ​ត្រូវ​ប្រទាញប្រទង់​ជាមួយ Manchester United, Arsenal និង Chelsea ដើម្បី​ដណ្តើម​កៅអី​លេង Champions League រដូវ​កាល​ក្រោយ​។​


 
​គ្រាប់​បាល់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​ចុង​ម៉ោង​ពី​សំណាក់​ខ្សែការពារ​ក្រុម​មាន់​ខ្នាយ​មាស Toby Alderweireld បាន​ជួយ​ឲ្យ Liverpool ទទួលបាន​៣​ពិន្ទុ​បន្ថែមទៀត​ដើម្បី​ស្ថិតនៅ​កំពូល​តារាង​។ 
 
​នៅ​ដើមតង់​ទី​១​នាទី​១៦ ខ្សែប្រយុទ្ធ Roberto Firmino បានតែ​តបាល់​បញ្ចូល​ទី​ជួយ​ក្រុម​លោក Jurgen Klopp នាំមុខ​ក្រុម​ភ្ញៀវ​១​គ្រាប់​មុន ពី​ការបញ្ជូន​បាល់​យ៉ាង​ល្អ​ពី​មិត្ត​រួម​ក្រុម Andy Robertson​។ ចូលដល់​តង់​ទី​២ នាទី​៧០ Lucas Moura ជា​អ្នករក​គ្រាប់​បាល់​តាម​ស្មើ​វិញ​សម្រាប់​ក្រុម​លោក Mauricio Pochettino មុនពេល​ខ្សែការពារ Alderweireld ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង (Own Goal) នៅ​នាទី​៩០ ដែល​ធ្វើ​ឲ្យ Spurs បរាជ័យ ២-១​។​
 
៣​ពិន្ទុ​បន្ថែម​សម្រាប់​ការប្រកួត​ទី​៣២​នេះ​បាន​ជួយ Liverpool កើន​ដល់​៧៩​ពិន្ទុ នាំមុខ​ក្រុម​ការពារ​ជើងឯក​លី​គ​កំពូល​អង់គ្លេស Man City ដែល​ទើប​ប្រកួត​បាន​៣១​លើក​ចំនួន​២​ពិន្ទុ​។​
​សម្រាប់ Spurs នេះ​ជា​បរាជ័យ​ទី​៤​ហើយ​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​ធ្វើការ​ធ្ងន់​មួយកម្រិត​ទៀត​ដោយ​ត្រូវ​ប្រជែង​គ្នា​ដណ្តើម​ចំណាត់ថ្នាក់​លេខ ៣ ឬ​៤ ដើម្បី​ធានា​កៅអី​លេង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​រដូវ​កាល​ក្រោយ​។​
 
​បច្ចុប្បន្ន ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Pochettino ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣ មាន​៦១​ពិន្ទុ​ក្រោយ​ឆ្លងកាត់​ការប្រកួត​៣១​លើក តាម​ពីក្រោយ​ដោយ Man Utd ដែលមាន​៦១​ពិន្ទុ​ដូចគ្នា ខណៈ Chelsea នៅ​លេខ​៦ មាន​៦០​ពិន្ទុ​។ រីឯ Arsenal ឈ​នៅ​លេខ​រៀង​ទី​៥​ក្នុង​តារាង​មាន​៦០​ដែរ តែ​ក្រុម​រហស្សនាម​កាំភ្លើង​ធំ​នៅសល់​១​ប្រកួត​ក្នុង​ដៃ​ទៀត​។​
 
​ដោយឡែក​ក្នុងចំណោម​ក្រុម​នៅ​បាត​តារាង​ចំនួន​៣ ឃើញថា Huddersfield Town បាន​ធ្លាក់​ចេញពី​ក្របខណ្ឌ Premier League ដោយ​ស្វ័យប្រវត្តិ​ហើយ​ទោះ​ដល់​សល់​៦​ប្រកួត​ទៀត​ក្តី​។ ប្រកួត​បាន​៣២​សប្តាហ៍ Huddersfield រកបាន​ត្រឹមតែ​១៤​ពិន្ទុ​ប៉ុណ្ណោះ ខណៈ Burnley ដែល​ឈ្នះ Wolverhampton ២-០ និង Southampton ដែល​បាន​ស៊ី Brighton ១-០ ឈរ​ពីលើ​តំបន់​សុវត្ថិភាព​បណ្តោះអាសន្ន ដោយមាន​៣៣​ពិន្ទុ​រៀងៗ​ខ្លួន​។​


 
Cardiff City ដែល​ចាញ់ Chelsea ២-១ ទាំង​ចម្រូងចម្រាស​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១៨ មាន​២៨​ពិន្ទុ​សម្រាប់​ការបង្ហាញ​ខ្លួន​៣២​លើក ខណៈ Fulham នៅ​លេខ​រៀង​ទី​១៩ មានតែ​១៧​ពិន្ទុ ដែលមាន​ឱកាស​តិចតួច​ប៉ុណ្ណោះ​ក្នុង​ការបន្ត​ខ្លួន​លេង​នៅ​លី​គ​លំដាប់​កំពូល​នេះ​រដូវ​កាល​ក្រោយ​ទៀត​៕


 
 

Tag:
 បាល់ទាត់​
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com