អន្តរជាតិ
ជប៉ុន បញ្ចេញ​ឈ្មោះ​សករាជ​សម្រាប់​អធិរាជ​ថ្មី​
01, Apr 2019 , 10:50 am        
រូបភាព
លេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន Yoshihide Suga លើកឈ្មោះសករាជថ្មី Reiwa សម្រាប់រាជ្យអធិរាជថ្មី។ (រូបភាព AFP)
លេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន Yoshihide Suga លើកឈ្មោះសករាជថ្មី Reiwa សម្រាប់រាជ្យអធិរាជថ្មី។ (រូបភាព AFP)
​នៅ​ថ្ងៃទី​១ ខែមេសា រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​ឈ្មោះ​សករាជ​ថ្មី​សម្រាប់​ប្រើ​សម្គាល់​រជ្ជកាល​របស់​អធិរាជ​ថ្មី​។ រជ្ជទាយាទ​ណា​រ៉ូ​ហ៊ី​តុ នឹង​ឡើង​គ្រងរាជ្យ​ជា​អធិរាជ​ថ្មី​របស់ជប៉ុន​នៅ​ថ្ងៃទី​១ ខែឧសភា​ខាងមុខ​ក្រោយ​ការដាក់រាជ្យ​របស់​បិតា​ទ្រង់ គឺ​អធិរាជ​អាគី​ហ៊ី​តុ​។ ការប្រកាស​ឈ្មោះ​សករាជ​ថ្មី​ជាមុន​នេះ មាន​គោលដៅ​ទុក​ឱកាស​ឲ្យ​ស្ថាប័នរដ្ឋ និង​ឯកជន​ទាំងអស់​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ការផ្លាស់ប្ដូរ​នេះ ពិសេស​ការរៀបចំ​ប្រក្រតីទិន​ថ្មី​ផង​។​

 
​អធិរាជ​អាគី​ហ៊ី​តុ នឹងដាក់​រាជ្យ​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែមេសា​។ មួយថ្ងៃ​បន្ទាប់ គឺ​ថ្ងៃទី​១ ខែឧសភា រជ្ជទាយាទ​ណា​រ៉ូ​ហ៊ី​តុ នឹង​ឡើង​គ្រងរាជ្យ​ជា​អធិរាជ​ជប៉ុន​ជា​ផ្លូវការ​។ សករាជ​ថ្មី មាន​ឈ្មោះថា Reiwa ។ Rei មានន័យថា សណ្ដាប់ធ្នាប់ ឬក៏​នក្ខត្តឫក្ស ឯ Wa អាច​បកប្រែ​ទៅជា​សន្តិភាព ឬ​សុខដុម​។ លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga ជា​អ្នក​ប្រកាស​ឈ្មោះ​សករាជ​ថ្មី​នេះ​នៅ​ថ្ងៃទី​១ ខែមេសា បន្ទាប់ពី​អ្នកជំនាញ​ជ្រើសរើស​រួចមក​។​
 
​ការប្រកាស​ឈ្មោះ​សករាជ​ថ្មី​នេះ ជា​រឿង​ដែល​ប្រជាជន​ជប៉ុន​រង់ចាំ​យ៉ាងខ្លាំង ដោយសារ​សករាជ​ថ្មី​ត្រូវ​ជំនួស​សករាជ​ចាស់ Heisei របស់​អធិរាជ​អាគី​ហ៊ី​តុ ដែល​មានន័យថា សន្តិភាព​គ្រប់​ទីកន្លែង​។ ម្យ៉ាងទៀត ទោះជា​ប្រក្រតីទិន​បែប​លោកខាងលិច​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលាយ​ក្ដី នៅ​ជប៉ុន គេ​នៅតែ​ឃើញ​មានការ​ប្រើប្រាស់​ប្រក្រតីទិន​បែប​ចិន​ដដែល មិន​ថា​នៅលើ​ឯកសារ​របស់​រដ្ឋ ក្រុមហ៊ុន​ឯកជន ឬ​កំណត់ត្រា​កុំព្យូទ័រ​ឡើយ​។ 
 
​ការដាក់​ជ្រើសរើស​ឈ្មោះ​សករាជ​ថ្មី ជា​ទំនៀមទម្លាប់​ដ៏​សំខាន់ ហើយ​អាថ៌កំបាំង​បំផុត​។ ឈ្មោះ​សករាជ​ថ្មី ត្រូវមាន​តួអក្សរ​មិន​លើសពីរ​តួ​ឡើយ ងាយស្រួល​អាន និង​សរសេរ ហើយ​មិនមែនជា​ឈ្មោះ​សាមញ្ញ​ទៅទៀត​។ លើសពីនោះ តួអក្សរ​នៃ​សករាជ​ថ្មី​នេះ ក៏​មិនអាច​ជាន់គ្នា​នឹង​តួអក្សរ​ដំបូង​នៃ​សករាជ​បួន​ចុងក្រោយ​ទៀត​ដែរ គឺ Heisei, Showa, Taisho និង Meiji ។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​ជាមួយនឹង​ការប្រកាស​សករាជ​ថ្មី​នេះដែរ បញ្ហា​ឈឺក្បាល​នឹង​ធ្លាក់​អ្នក​បោះពុម្ព​ប្រក្រតីទិន​ដែលមាន​ទាំង​ក្បួន​លោកខាងលិច និង​ក្បួន​បុរាណ​ជប៉ុន​។ រដ្ឋាភិបាលកណ្ដាល និង​តំបន់ ក៏ត្រូវ​ប្រញាប់​កែប្រែ​ថ្ងៃខែ​របស់​ឯកសារ​ពួកគេ​ឲ្យ​ស្របតាម​សករាជ​ថ្មី​នេះដែរ​។ 
 
​សូមបញ្ជាក់ថា ជប៉ុន​ដែលជា​ប្រទេស​រាជានិយម​ចំណាស់​ជាងគេ​មួយ​របស់​ពិភពលោក មាន​សករាជ ឬ​gengo ជិត​២៥០​មកហើយ​តាំងពី​ការអនុវត្ត​ក្បួន​បែបនេះ​តាំងពី​សតវត្សរ៍​ទី​៧ មក​។ ជប៉ុន គឺជា​ប្រទេស​តែមួយគត់​ដែល​គេ​ជឿថា អធិរាជ​សព្វ​ថ្ងៃជា​សារ​លោហិត​ផ្ទាល់​របស់​អធិរាជ​មុនគេ​របស់​ជប៉ុន​ផងដែរ​។ 
 
​អ​ធិ​រាជ្យ​អាគី​ហ៊ី​តុ ដែល​បំពេញ​រាជកិច្ច​ច្រើន​លើ​ការផ្សះផ្សា​របស់​ប្រទេស​រងគ្រោះ​ដោយសារ​សកម្មភាព​យោធា​ចក្រពត្តិ​ជប៉ុន​ក្នុងសម័យ​សង្គ្រាម ក៏​ជា​មហាក្សត្រ​ជប៉ុន​ដំបូង​ក្នុង​រយៈពេល​ជាង​ពីរ​រយ​ឆ្នាំ​មកនេះ​ដែល​សម្រេច​ព្រះទ័យ​ដាក់រាជ្យ​។ តាមច្បាប់ អធិរាជ​ត្រូវ​សោយរាជ្យ​អស់​មួយ​ព្រះជន្ម​ឯណោះ​៕
 

Tag:
 ​ជប៉ុន​
  អាគី​ហ៊ី​តុ​
  ណា​រ៉ូ​ហ៊ី​តុ​
© រក្សាសិទ្ធិដោយ thmeythmey.com