ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេបក្ស​កាន់អំណាច ដាក់​គោលដៅ​កម្ចាត់​ក្រុមប្រឆាំង ដូច​កម្ចាត់ ប៉ុល ពត​
01, Apr 2019 , 1:33 pm        
រូបភាព
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្សកាន់អំណាច បានប្រកាស​ខ្លាំងៗ​ថា បានដាក់​គោលដៅ​កម្ចាត់​ក្រុម​អ្នកប្រឆាំង ជាពិសេស​សំដៅលើ​លោក សម រង្ស៊ី  ដូច​ការ​កម្ចាត់​ក្រុមខ្មែរក្រហម​។ ការប្រកាស​នេះ គឺធ្វើឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា នា​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩​។



 
​នៅ​ចំពោះមុខ​និស្សិត​ទាំងនោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​ទៅក្រុមប្រឆាំងនិង​លោក សម រង្ស៊ី យ៉ាង​ដូច្នេះ​ថា​៖«​អ្នក​ចាំ​មើលទៅ ហ៊ុន សែន ឈរ​មាំ​ណាស់ កុំ​សូវ​ពេក​។ ប៉ុន ប៉ុល ពត ខ្លាំង​ប៉ុណ្ណឹង នៅ ហ៊ុន សែន វាយ​ដួល​ទាំងអស់​។ ឥឡូវ អា​ធុន​ប៉ុណ្ណេះ​....​ទៅ​នៅ​លេង​នៅក្រៅ [​ប្រទេស​] ទៅ​....​។ អ្នកឯង រក​វិធី​កម្ចាត់​ខ្ញុំ ខ្ញុំ​ក៏​ដាក់​គោលដៅ​កម្ចាត់​ឯង​ដូចគ្នា​។ អាហ្នឹង​ឲ្យ​វា​ច្បាស់លាស់​ជាមួយគ្នា​អ៊ី​ចឹ​ង​តែម្តងទៅ​»​។
 
​សម្តេចនាយក​រដ្ឋមន្ត្រី ប្រកាស​បែបនេះ គឺ​ដោយសារតែ​ខឹង​អ្នកប្រឆាំង ដែល​​នៅ​បន្ត​ជេរប្រមាថ​ពី​ក្រៅប្រទេស​មក​។ អ្វីដែល​ធ្វើ​ឲ្យ​មេដឹកនាំ​រូបនេះ រឹតតែ​ខឹង គឺ​នៅពេល​នឹក​ដល់​ការប្រមាថ​មួយ ដែល​មិនអាច​ទទួលយកបាន គឺ​ការ​ចោទថា ភរិយា​និង​កូន​របស់ខ្លួន ជា​ភរិយា​និង​ជា​កូន​របស់​មេដឹកនាំ​វៀ​តណា​ម​។ មេដឹកនាំ​រូបនេះ ប្តេជ្ញាថា​៖«​រឿង​មួយ​នេះ អ្នកឯង​ត្រូវ​ចាំ មួយជីវិត​របស់ខ្ញុំ ខ្ញុំ​ មិន​អត់ឱន​ឲ្យ​អ្នកឯង​ទេ​។  ការប្រមាថ​មួយ​នេះ មិនអាច​យោគយល់ ហើយក៏​មិនអាច​និយាយ​គ្នា​កើត​ដែរ​»​។ 
 
​ប្រធាន​គណបក្សកាន់អំណាច  អះអាងថា លោក សម រង្ស៊ី  ជា​អ្នក​ណែនាំ​កូន​-​ចៅ ឲ្យ​ប្រមាថ​និង​លាប​ពណ៌​លើ​ប្រពន្ធ​-​កូន​របស់ខ្លួន​។ ប្រធាន​គណបក្សកាន់អំណាច លើកឡើងថា​៖«​ខ្ញុំ ទុក​ឱកាស​ឲ្យ​គេ​សុំទោស និង​ឲ្យ​គេ ប្រកាស​ថ្កោលទោស​ក្រុម​អ្នកធ្វើ តែ​ធ្វើ​ម៉េច​បាន បើ​គេ​ជា​អ្នក​ណែនាំ​ឲ្យ​កូន​-​ចៅ​ឲ្យ​ធ្វើ​»​។

ប៉ុន្មានម៉ោងក្រោយមក លោក សម រង្ស៊ី  មេដឹកនាំ​ក្រុមប្រឆាំង ដែល​កំពុង​និរទេស ក៏ឆ្លើយតបនឹងសម្តេច ហ៊ុន សែន។ លោក បានបង្ហោះសារលើទំព័រហ្វេសប៊ុកថា លោក មិនដែលចាប់អារម្មណ៍ពីរឿងឯកជនរបស់អ្នកដទៃ ឬគ្រួសារអ្នកដទៃឡើយ។

តាមរយៈសារនោះ លោក បានរិះគន់សម្តេច ហ៊ុន សែន ថា ជាមេដឹកនាំមិនទទួលខុសត្រូវ ហើយចង់បង្វែរអារម្មណ៍របស់មហាជនពីបញ្ហាប្រទេសជាតិ ដែលខ្លួន មិនចេះដោះស្រាយ ទៅជាបញ្ហាឯកជននិងក្រុមគ្រួសារទៅវិញ។ លោក បានសរសេរបែបនេះថា៖«គាត់ដើរចោទប្រកាន់គេឯង ទាក់ទងទៅនឹងរឿងផ្ទាល់ខ្លួន និងគ្រួសាររបស់គាត់ ពីព្រោះគាត់ត្រូវការលេស ដើម្បីបង្ក្រាបគូប្រកួតនយោបាយរបស់គាត់»។

កន្លងមក លោក សម រង្ស៊ី ក៏ធ្លាប់​ច្រានចោល​ដែរថា លោក ពុំដែល​ណែនាំ​មន្ត្រី​គណបក្សប្រឆាំង​ឲ្យ​ប្រមាថ​ក្រុមគ្រួសារ​របស់នាយក​រដ្ឋមន្ត្រី ឬគ្រួសាររបស់​អ្នកណាម្នាក់​ឡើយ​។ លោក ថែមទាំង​បកស្រាយ​ថា លោក ជា​អ្នកនយោបាយ ដែល​គិតគូរ​ពី​រឿង​ប្រទេសជាតិ​ជាធំ ដោយ​មិន​ចូលចិត្ត​យក​រឿង​បុគ្គល​ផ្ទាល់ខ្លួន​មក​និយាយ​នោះទេ​។ 

លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង ដែលទើបទទួលបានសិទ្ធិនយោបាយវិញ យល់ឃើញថា ការព្រមានរបស់ប្រធានគណបក្សកាន់អំណាច ហាក់មានលក្ខណៈធ្ងន់ធ្ងរ។ ប៉ុន្តែ លោក ចាត់ទុកថាជារឿងធម្មតា ព្រោះក្រុមលោក តែងរងការព្រមានជារឿយៗទៅហើយ ពីសំណាក់រដ្ឋាភិបាល។ លោក ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖«វាស៊ាំសម្រាប់ពួកខ្ញុំទៅហើយ»។ 

អតីតមន្ត្រីគណបក្សប្រឆាំងរូបនេះ មិនមែនរិះគន់តែការប្រើភាសាគ្រោតគ្រាតនិងការគំរាមកំហែងរបស់ប្រធានគណបក្សកាន់អំណាចនោះទេ សូម្បីតែលោក សម រង្ស៊ី ដែលជាមេកើយរបស់លោក លោក រិះគន់ដែរ។ លោក បញ្ជាក់ថា៖«មានកន្លែងខ្លះ ខ្ញុំ ក៏មិនគាំទ្រឯកឧត្តម សម រង្ស៊ី ដែរ ដូចជាគាត់ ប្រើពាក្យថាពាលនិងថោកទាបជាដើម។ គេ ក៏ពិបាកទទួលយកដែរ»។

លោក ស្នើឲ្យមេដឹកនាំនយោបាយកំពូលទាំងពីរនេះ បន្ទន់ឥរិយាបថដាក់គ្នា ទើបអាចឈានទៅរកដំណោះស្រាយបាន។  
 
​ក្នុងពីធីចែកសញ្ញាបត្រនោះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​ចំអក​ឲ្យ​លោក សម រង្ស៊ី ផងដែរថា មិនអាច​ទៅរួច​ទេ ដែល​លោក ព្យាយាម​បំផុសបំផុល​ឲ្យ​កងកម្លាំងប្រដាប់អាវុធ ងើប​បះបោរ​​។ ប្រមុខ​រដ្ឋាភិបាល តប​ទៅ​លោក សម រង្ស៊ី  បែបនេះ​ថា​៖«​ម៉ា​ថ្ងៃៗ គិតតែ​អំពាវនាវ​ឲ្យ​កងទ័ព​បះបោរ​វាយ​ហ៊ុន សែន​។ ចាំ​តើ អ្នកឯង ចាំ​ទាល់តែ​ថ្ងៃ​ងាប់​ខ្លួនឯង​ទៅ​»​។ 
 
​បច្ចុប្បន្ន លោក សម រង្ស៊ី  កំពុង​រៀបចំ​ផែនការ​វិល​មក​ប្រទេស​កម្ពុជា​វិញ ក្នុង​ឆ្នាំ​២០១៩​នេះ​។ លោក អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស វិល​មកជា​មួយ​លោក​។ ក្រុម​អ្នកប្រឆាំង​នៅក្រៅ​ប្រទេស កំពុង​ដើរ​រៃអង្គាស​ថវិកា​ឲ្យ​បាន​យ៉ាងតិច​៣​សែន​ដុល្លារ សម្រាប់​ការធ្វើ​មាតុភូមិ​និវត្ត​របស់​មេដឹកនាំ​ខ្លួន​។ ទន្ទឹមនេះ ថ្នាក់ដឹកនាំ​ក្រុមប្រឆាំង បានដាក់​បញ្ជា​ពី​ក្រៅប្រទេស​មក ឲ្យ​មន្ត្រី​របស់ខ្លួន ដើរ​ប្រមូល​អ្នកគាំទ្រ ដើម្បី​ត្រៀម​ទទួល​លោក សម រង្ស៊ី។ 
 
​ស្រប​ជាមួយគ្នានេះ លោក សម រង្ស៊ី  បាន​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ ឈប់​ស្តាប់​បញ្ជា​រដ្ឋាភិបាល ដោយ​ងាក​មក​ចូលរួម​ជាមួយ​លោក និង​ប្រជាពលរដ្ឋ​។ លោក មាន​ជំនឿ​ខ្ពស់​ថា កម្ពុជា នឹងមាន​ការផ្លាស់ប្តូរ​នៅ​ឆ្នាំ​២០១៩៕ 
 
 

Tag:
 ហ៊ុន សែន​
  សម រង្ស៊ី​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com