សៀមរាប៖ ក្រសួងទេសចរណ៍ រំពឹងទទួលបានភ្ញៀវអន្តរជាតិច្រើន នៅក្នុងព្រឹត្តិការណ៍វាយកូនគោលអាស៊ី ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣-៥ ខែមេសា ឆ្នាំ២០១៩ ។ កីឡាវាយកូនគោលនេះ នឹងរៀបចំនៅទីលានវាយកូនគោលរបស់រមណីយដ្ឋានសុខា-អង្គរ សណ្ឋាគារភូកេត្រា និងសណ្ឋាគារប៊ូយ៉ុង។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍កីឡាវាយកូនគោលនេះ គឺជាពិធីជួបជុំមួយរវាងអ្នកលក់ និងអ្នកទិញ សម្រាប់ការពិភាក្សាគ្នាលើកញ្ចប់ទស្សនកិច្ចទេសចរណ៍ ក្នុងការនាំភ្ញៀវទេសចរដើរទស្សនាផង និងលេងកីឡាផង ជាពិសេសកីឡាវាយកូនគោលនេះតែម្ដង។
«ទេសចរណ៍កីឡាវាយកូនគោលនេះ ជាប្រភេទទេសចរណ៍មួយ ដែលភ្ញៀវទេសចរមានការចំណាយច្រើនជាងដំណើរកម្សាន្តផ្សេងៗ ពីព្រោះអ្នកចូលលេងភាគច្រើនជាអ្នកវិនិយោគ ម្ចាស់ក្រុមហ៊ុន មហាសេដ្ឋី ឬក៏អ្នកដែលមានជីវភាពធូរធាណាស់»។ នេះជាការបញ្ជាក់របស់ក្រសួងទេសចរណ៍នៅលើហ្វេសប៊ុក។
លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បាននិយាយថា ការរៀបចំព្រឹត្តិការណ៍កីឡានេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងខិតខំជំរុញវិស័យទេសចរណ៍កីឡាវាយកូលគោលរីកដុះដាលឡើង ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជាផង និងត្រៀមខ្លួនក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះផង។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ រំពឹងថា ព្រឹត្តិការណ៍មួយនេះ នឹងជំរុញកំណើនទេសចរអន្តរជាតិមកកាន់កម្ពុជាបន្ថែមទៀត ក្រោយពីកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,២លាននាក់ កើនឡើង ១០,៧ភាគរយ នៅឆ្នាំ២០១៨ កន្លងទៅ។
ព្រឹត្តិការណ៍កីឡាវាយកូនគោលអន្តរជាតិនេះ តែងធ្វើឡើងនៅតាមប្រទេសនានាជារៀងរាល់ឆ្នាំ ដូចជានៅប្រទេសថៃ ម៉ាឡេស៊ី ចិន ឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីន ។ហើយនៅឆ្នាំ២០១៩ អង្គការទេសចរណ៍វាយកូនគោលអន្តរជាតិ បានជ្រើសរើសយកខេត្តសៀមរាប ប្រទេសកម្ពុជា រៀបចំព្រឹត្តិការណ៍នេះឡើង ដោយសារប្រទេសកម្ពុជាមានទីលានវាយកូនគោលបទដ្ឋានអន្តរជាតិ មានតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅទូទាំងពិភពលោក ។ ជាពិសេសខេត្តសៀមរាប ទើបភ្ញៀវទេសចរ និងអ្នកវិនិយោគធំៗលើវិស័យទេសចរណ៍កីឡាវាយកូនគោល ពេញចិត្តក្នុងការមកទស្សនា និងមកចូលរួមក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំនេះ។ នេះជាការលើកឡើងរបស់លោក Peter walton អគ្គនាយកអង្គការទេសចរណ៍វាយកូនគោលអន្តរជាតិ។
អគ្គនាយកអង្គការទេសចរណ៍វាយកូនគោលអន្តរជាតិរូបនេះ បានលើកឡើងដូច្នេះថា៖«អ្នកចូលរួមទាំងនោះមិនត្រឹមតែមកលេងកីឡាវាយកូនគោលប៉ុណ្ណោះទេ តែថែមទាំងបានចូលទស្សនានៅតាមប្រាសាទ និងរមណីយដ្ឋានទេសចរណ៍នានានៅកម្ពុជា ពិសេសគឺប្រាសាទអង្គរវត្ត ហើយនឹងបានភ្លក្សម្ហូបអាហារខ្មែរដែលមានរសជាតិឆ្ងាញ់ពិសា បានមើលឃើញដោយផ្ទាល់នូវស្នាមញញឹមពីធម្មជាតិ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា»។
អ្នកចូលរួមក្នុងព្រឹត្តិការណ៍កីឡាវាយកូនគោលអន្តរជាតិទាំង៥៦២នាក់នោះ មានមកពីតំបន់អាស៊ាន តំបន់អឺរ៉ុប ប្រទេសចិន ហុងកុង ជប៉ុន កូរ៉េខាងត្បូង តំបន់មជ្ឈិបូព៌ា អាហ្វ្រិកខាងត្បូង ឥណ្ឌា ទ្វីបអាមេរិកខាងជើង និងមកពីប្រទេសអូស្ត្រាលី។ នេះបើតាមលោក Peter walton៕