រថយន្ត
អន្តរជាតិ
ក្រុង Stuttgart ប្រទេស​អាល្លឺម៉ង់ ចាប់ផ្តើម​ហាមឃាត់​រថ​យន្ត​ប្រើ​ម៉ា​ស៊ូ​ត​
01, Apr 2019 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ក្រុង Stuttgart ប្រទេស​អាល្លឺម៉ង់ បានចាប់ផ្តើម​ហាមឃាត់​ការ​ចរាចរណ៍​រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត ចាប់ពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៩ នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​បទដ្ឋាន​ប្រឆាំង​ការបំពុល​បរិស្ថាន Euro 4​។ បទដ្ឋាន​នៃ​ការ​បំ​ភាយ​ឧស្ម័ន​នៅ​សហគមន៍​អឺរ៉ុប Euro 4 ត្រូវបាន​អនុម័ត​តាំង​ពី​ដើមខែ​មករា ឆ្នាំ​២០០៦​មកម្ល៉េះ ហើយ​ជាមួយគ្នា រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត​ដែល​ចេញលក់​នៅមុន​ឆ្នាំ​២០១០ សុទ្ធតែ​ស្ថិតក្នុង​បញ្ជី​ហាមប្រាម​នៅក្នុង​ក្រុង​អាល្លឺម៉ង់​មួយ​នេះ​។​

 
​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​អាល្លឺម៉ង់ នេះ​ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ស្រឡាញ់​បរិស្ថាន ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ​ក្រុង Stuttgart និយម​ប្រើប្រាស់​រថយន្ត​ម៉ា​ស៊ូ​ត​។ បច្ចុប្បន្ន អាជ្ញាធរ លើកទឹកចិត្ត​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ផ្សេង​ដែល​មិនមាន​ការបំពុល​បរិស្ថាន ហើយក៏​មានការ​ស្នើសុំ​ការលើកលែង​នៅ​តំបន់​មួយចំនួន​ផងដែរ​។​
 
«​ចាប់ពីពេលនេះ​ទៅ នឹង​មានការ​រឹតត្បិត​នៅ​តំបន់​បៃតង​សម្រាប់​រថយន្ត​ចាស់ៗ​ដែល​ប្រើ​ម៉ា​ស៊ូ​ត​។ សម្រាប់​អំឡុងពេល​អន្តរកាល ពលរដ្ឋ​អាច​ជ្រើសរើស​ការធ្វើដំណើរ​តាម​មធ្យោបាយ​ផ្សេងទៀត តែ​ក៏​អាច​លើកលែង​សម្រាប់​ហេតុផល​មួយចំនួន​ផងដែរ​»​។ នេះ​ជាការ​អះអាង​របស់លោក Andreas Schwarz ប្រធាន​ក្រុម​សមាជិកសភា​បៃតង​ប្រចាំ Baden-Wurttemberg​។​
 
​បន្ទាប់ពី​ការសម្រេចចិត្ត​ហាមប្រាម​នេះ ម្ចាស់​យានយន្ត​ដែល​ប្រើប្រាស់​រថយន្ត​បទដ្ឋាន Euro 5 ក៏មាន​ការព្រួយបារម្ភ​ផងដែរ​។ ទោះបីជា​ការហាមឃាត់រ​ថ​យន្ត​ម៉ាស៊ីន​មិនទាន់​ត្រូវបាន​កំហិត​១០០​ភាគរយ​ក៏ដោយ ប៉ុន្តែ​អាជ្ញាធរ​ក្រុង Stuttgart នឹងមាន​ការសម្រេចចិត្ត​ផ្លូវការ​ទាក់ទង​នឹង​ករណីនេះ នា​ពាក់កណ្តាល​ឆ្នាំ​២០១៩ តែម្តង​។​
 
​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រុមប្រឹក្សា​ក្រុងប៉ារីស បាន​បោះឆ្នោត​លើ​សេចក្តីសម្រេច​បង្កើត​តំបន់​បំ​ភាយ​ឧស្ម័ន​កម្រិត​ទាប (FZE)​។ ក្នុង​តំបន់​នោះ រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត​ចន្លោះ​ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០០ ត្រូវ​ហាមឃាត់​ទាំងស្រុង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com