កីឡាអន្តរជាតិ
អន្តរជាតិ
Zidane ចង់បាន Pogba ទៅ Bernabeu ព្រោះ​លោក​ចូលចិត្ត​ខ្សែបម្រើ​នេះ​ខ្លាំងណាស់​
02, Apr 2019 , 9:29 am        
រូបភាព
​លោក Zinedine Zidane អ្នកចាត់ការ​ទូទៅ​ក្រុម Real Madrid សារភាពថា​លោក​ពិត​ចូលចិត្ត Paul Pogba ខ្លាំងណាស់ ហើយ​ថែមទាំង​សរសើរ​ខ្សែបម្រើ​ឆ្នើម Manchester United រូបនេះ​ថា​ដឹង​ពី​របៀប​លេង​គ្រប់​ស្ថាន​ការ​នៅលើ​ទីលាន​ទៀតផង​។​


 
Zidane បាន​ត្រលប់​ចូល​ដឹកនាំ​ក្រុម​រហស្សនាម​ស្តេច​ស​វិញ​កាលពី​ខែមីនា ដើម្បី​ជំនួស​លោក Santiago Solari បន្ទាប់​ចាកចេញ​ពី​ក្លិប​នេះ​រយៈពេល​១០​ខែ​។ ការវិល​ត្រលប់​ជាថ្មី​នេះ​អ្នកចាត់ការ​សញ្ចា​តិ​បារាំង វ័យ​៤៦​ឆ្នាំ​ក៏​កំពុង​សម្លឹងមើល​កីឡាករ​មានគុណ​ភាព​ថ្មី​ទៀត​ដើម្បី​មក​រួម​ក្រុម ខណៈ​ក្រុម​កំពុង​ធ្លាក់​ទម្រង់​លេង​ទាំង​ក្នុង​លី​គ និង​នៅ​ក្របខណ្ឌ​អឺរ៉ុប​។​
 
​ស្របពេល Pogba មានការ​ផ្សារភ្ជាប់​ជាមួយ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​និង​ថែមទាំង​និយាយថា Real ជា​ក្លិប​ក្នុង​ក្តី​សុបិន​របស់​កីឡាករ​បាល់ទាត់​គ្រប់រូប​ផង​នោះ Zidane ក៏បាន​រំលឹក​ឈ្មោះ​ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូបនេះ​ថា​៖«​ខ្ញុំ​ស្គាល់​គាត់ (Pogba)​។ គាត់​បាន​នាំមក​នូវ​អ្វីៗ​ជាច្រើន​ហើយ​មាន​កីឡាករ​តិចតួច​ណាស់ដែ​ល​ធ្វើបាន​ដូច​គាត់​»​។​
 
Pogba វ័យ​២៦​ឆ្នាំ បាន​វិល​ត្រលប់​ទៅ Man Utd ពី Juventus ក្នុងតម្លៃ​កំណត់ត្រា ៨៩​លាន​ផោន (១១៦​លាន​ដុល្លារ​) ក្នុង​ឆ្នាំ​២០១៦ ប៉ុន្តែ​អនាគត​របស់គេ​នៅ​ទឹកដី Old Trafford ហាក់​មាន​ភាពមិនច្បាស់លាស់​នៅ​ដើមរដូវ​កាល​នេះ អំឡុង​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Jose Mourinho ។​
 
​ប៉ុន្តែ​ចាប់តាំងពី​លោក Ole Gunnar Solskjaer ឡើងទៅ​ជំនួស​តំណែង​លោក Mourinho វិញ​នោះ Pogba ចាប់ផ្តើម​លេង​ល្អ​ឡើងវិញ​ដោយ​រកបាន​៩​គ្រាប់ ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​ស​នេះ​។​
 
«Pogba ជា​ខ្សែបម្រើ​ម្នាក់​ដែល​យល់​ទាំង​ការលេង​បែប​ការពារ និង​វាយ​ប្រយុទ្ធ​បាន​យ៉ាង​ល្អ​។ ប៉ុន្តែ​គាត់​មិនមែនជា​កីឡាករ​របស់ខ្ញុំ​ទេ​គាត់​គឺ​របស់ Man Utd»​។ នេះ​ជាការ​លើកឡើង​របស់ Zidane​។ 
 
​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​បារាំង​បន្ថែម​ដដែលៗ​ថា បន្ទាប់ពី Man Utd គឺមាន Real Madrid ចាប់អារម្មណ៍​គាត់​ដូច្នេះ​នៅពេលដែល​បទពិសោធរ​បស់​គាត់​នៅ​ទឹកដី Old Trafford បញ្ចប់ គ្មាន​ហេតុអ្វី Pogba មិន​ទៅ​ទឹកដី Bernabeu នោះទេ​»​។​
 
​ចាប់តាំងពី​ការ​ត្រលប់​ទៅដល់​របស់ Zidane ភ្លាម​ក្លិប​យក្ស Real Madrid បាន​ចុះ​កិច្ចព្រមព្រៀង​ទិញយក​ខ្សែការពារ Eder Militao ពី FC Porto ក្នុងតម្លៃ ៤២,៧​លាន​ផោន (៥៦​លាន​ដុល្លារ​អាមេរិក ហើយ​កីឡាករ​ប្រេ​ស៊ី​ល​នេះ​នឹង​ទៅកាន់​ទឹកដី Santiago Bernabeu ក្រោយ​ចប់​រដូវ​កាល​នេះ​។​៕

Tag:
 បាល់ទាត់​
  Zinedine Zidane
  Paul Pogba
© រក្សាសិទ្ធិដោយ thmeythmey.com