ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​សេដ្ឋកិច្ច​៖ បើ​អនុវត្ត​បង់ពន្ធ​ត្រឹមត្រូវ កម្ពុជា​នឹង​កើន​ចំណូល​ជាង​១០​ភាគរយ​ថែមទៀត
01, Apr 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ភាពខ្វះ​ចន្លោះ​នៃ​ការអនុវត្ត​បង់ពន្ធ នៅតែ​កើតមាន ដែល​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ចំណូល ដោយសារ​ភាពមិនស្មោះត្រង់​នេះ​។ សម្រាប់​អ្នកវិភាគ​សេដ្ឋកិច្ច បើ​អ្នករកស៊ី និង​ពលរដ្ឋ​អនុវត្ត​ការបង់ពន្ធ​ត្រឹមត្រូវ​នោះ កម្ពុជា នឹង​កើន​ចំណូល​ពន្ធ​ជាង​១០​ភាគរយ​បន្ថែមទៀត នៃ​ចំណូល​សរុប​បច្ចុប្បន្ន ជាង​២,១៩៧​លាន​ដុល្លារ​។​

 
​ខាងក្រោម​នេះ គឺជា​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក គី សេរី​វ​ឌ្ឍ សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភា និង​ជា​អ្នកវិភាគ​សេដ្ឋកិច្ច​៖
 
​លោក រំដួល ចិ​ត្រា​៖ នៅ​ថ្ងៃទី​១ មេសា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​អ្នករកស៊ី ក៏ដូចជា​ប្រជាពលរដ្ឋ អនុវត្ត​វប្បធម៌​បង់ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​។ ដោយសារ​លោក ជា​អ្នកជំនាញ​សេដ្ឋកិច្ច​មួយរូប ដូច្នេះ​ខ្ញុំ​ចង់​ជម្រាបសួរ​លោក​ថា តើ​ការអនុវត្ត​បង់ពន្ធ​នៅ​កម្ពុជា​សព្វថ្ងៃនេះ នៅមាន​ចំណុច​ខ្វះចន្លោះ​កន្លែង​ណាខ្លះ ដែល​លោក​មើលឃើញ​នោះ​?
 
​លោក គី សេរី​វ​ឌ្ឍ ៖ ការបង់ពន្ធ​បច្ចុប្បន្ននេះ ដោយសារតែ​យើង​ប្រើ​តាម​ប្រព័ន្ធ​របប​ស្វ័យ​ប្រកាស ដែល​តម្រូវ​ឲ្យ​អ្នក​បង់ពន្ធ​ហ្នឹង គាត់​ទៅ​ប្រកាស​បង់ពន្ធ​ដោយ​ខ្លួនឯង​។ អ៊ីចឹង​ឧទាហរណ៍ គាត់​បើក​អាជីវកម្ម​មួយ ហើយ​គាត់​គិតថា​ចំណេញ​ប៉ុន្មាន​នោះ គាត់​ត្រូវ​ទៅ​បង់ពន្ធ​១​ភាគរយ​នៃ​ប្រាក់ចំណូល​ក្រុមហ៊ុន ក្រោយមក​បាន​ទូទាត់​ប្រាក់​ពន្ធ​ទៅ ត្រូវ​បង់ពន្ធ​ពី​១០​ភាគរយ ទៅ​២០​ភាគរយ នៃ​ពន្ធ​អាជីវកម្ម​ធម្មតា ហើយ​បើ​ពន្ធ​លើ​ធនធានធម្មជាតិ មាន​២៥​ភាគរយ​។ ដូច្នេះ​អ្នក​ប្រកាស​ពន្ធ​ហ្នឹង ត្រូវ​ទៅ​ប្រកាស​ដោយ​ខ្លួនឯង អ៊ីចឹង​ការប្រកាស​ពន្ធ​នេះ វា​មាន​បញ្ហា​ត្រង់​ធ្វើបញ្ជី​គណនេយ្យ​។ ទី​១ នៅពេល​ពួកគាត់​(​អ្នក​ប្រកាស​ពន្ធ​) បិទ​បញ្ជី​គណនេយ្យ​ហ្នឹង គឺ​គាត់​បិទ​បញ្ជី​មួយ​ឲ្យ​ឃើញ​ប្រាក់ចំណេញ​តិច​ទៅ គាត់​អាច​បង់ពន្ធ​តិច​។ ប៉ុន្តែ​ខាង​ពន្ធដារ​នេះ ក៏មាន​អ្នក​ចុះ​ត្រួតពិនិត្យ (​សវនកម្ម​) តាម​ក្រុមហ៊ុន​រកស៊ី​ដែរ ប៉ុន្តែ​ការចុះ​ត្រួតពិនិត្យ​នេះ វា​មាន​ពេលវេលា​យូរ​បន្តិច ឧទាហរណ៍​៤​ទៅ​៥​ឆ្នាំ ទើប​ចុះទៅ​ត្រួតពិនិត្យ​ម្ដង​។ ហើយ​ប្រសិនបើ​ត្រូវរ៉ូវ​គ្នា​រវាង​អ្នក​សវនកម្ម និង​ម្ចាស់​ក្រុមហ៊ុន​ទៀត​ទៅ គឺ​បញ្ជី​គណនេយ្យ​នោះ នឹង​ចាត់ទុក​ត្រឹមត្រូវ​អ៊ីចឹងទៅ​។ ដូច្នេះ​វា​ខ្វះចន្លោះ​កន្លែង​ហ្នឹង​។​
 
​ទី​២ អ្នក​បង់ពន្ធ អ្នក​ជាប់ពន្ធ​ហ្នឹង គាត់​មើល​ច្បាប់​ពន្ធដារ​អត់​យល់​។ ច្បាប់​ពន្ធដារ​នេះ វា​នៅមាន​ចន្លោះប្រហោង ដែល​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ មានការ​ពន្យល់​មិន​ច្បាស់​។ ទើបបានជា​ខាង​ពន្ធដារ​នេះ បើក​វគ្គ​បង្រៀន​ពន្ធដា​រ​ថែមទៀត ដើម្បី​ឲ្យ​អ្នក​បិទ​បញ្ជី​ពន្ធ​ហ្នឹង គាត់​បាន​យល់​។ ដូច្នេះ​វគ្គ​ពន្ធដារ​នេះ វា​បាន​ជួយ​មួយចំនួន​ដែរ តែ​វា​នៅមាន​អាជីវកម្ម​តូចៗ​នោះ គាត់​ពិបាកធ្វើ​។ ហើយ​បញ្ហា​មួយទៀត គឺ​បញ្ហា​អាជីវកម្ម​ខ្នាតតូច ដែល​ប្រព័ន្ធ​បង់ពន្ធ គេ​ប្រើ​ប្រព័ន្ធ​Sample ។ ប្រព័ន្ធ​Sample ហ្នឹង គ្រាន់​តែមាន​បញ្ជី​ទិញ​លក់ ក៏​គេ​អាច​បង់ពន្ធ​បានដែរ ដូច្នេះ​ប្រព័ន្ធ​Sample​នេះ វា​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ច្រើនណាស់​។ ហើយ​ទី​៣ ខ្ញុំ​គិតថា ប្រព័ន្ធ​Sample នៃ​ការបង់ពន្ធ​នេះ វា​ជា​បញ្ហា​ប្រឈម​មួយទៀត ជាមួយ​ប្រព័ន្ធ​អនុវត្ត​ស្ដង់ដារ​គណនេយ្យ​របស់​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ ព្រោះ​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ គេ​លើកទឹកចិត្ត​ឲ្យ​អាជីវកម្ម​ទាំងអស់ ចុះបញ្ជី​គណនេយ្យ​តាម​ប្រព័ន្ធ​ស្ដង់ដារ SMEs ។ ឯ​ចំណែក​ពន្ធដារ គាត់​ឲ្យ​គេ​បង់ពន្ធ​តាម​ប្រព័ន្ធ Sample ដូច្នេះ​វា​ដើរ​បញ្ច្រាស់​គ្នា នៅ​កន្លែង​នេះ​បន្តិច ដែល​បញ្ហា​ប្រឈម​គឺ​វា​ធ្វើ​ឲ្យ​ប្រព័ន្ធ​គណនេយ្យ​របស់​ក្រុម​ប្រឹក្សាជាតិ មិន​ត្រូវបាន​អនុវត្ត ដោយសារតែ​អ្នក​ជាប់ពន្ធ​ម្នាក់ៗ ចង់​បង់ពន្ធ​តាម​Sample ដែល​បង់ពន្ធ​តិច​។ ទាង​នេះ​ជា​បញ្ហា​ប្រឈម​ដែល​ខ្ញុំ​បាន​មើលឃើញ​។​
 
​លោក រំដួល ចិ​ត្រា​៖ ខ្ញុំ​ចាប់អារម្មណ៍​ពាក្យ​លោក​ខាងលើ​និយាយថា បើ​ខាង​សវនកម្ម​ចុះ​ត្រួតពិនិត្យ ហើយ​មាន​ភាព​ត្រូវរ៉ូវ​គ្នា​ជាមួយ​ខាង​ក្រុមហ៊ុន​នោះ វា​នឹង​អាចមាន​ការឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ តាមរយៈ​ការបិទ​បញ្ចប់​បញ្ហា ដែល​នាំ​ឲ្យ​បាត់បង់​ថវិកាជាតិ​។ ក្នុងន័យ​អ៊ីចឹង​មែន​ទេ​?

​លោក គី សេរី​វ​ឌ្ឍ​៖ បាទ​! ហ្នឹងហើយ​វា​អាចមាន​ការឃុបឃិត​នៅពេល​ធ្វើ​សវនកម្ម​។ ហើយ​ទី​២ ក្រុមហ៊ុន​ខ្លះ នៅពេល​គេ​ជិត​ចាប់​ផ្ដើមធ្វើ​សវនកម្ម (Audit )​គាត់​ប្រកាស​ក្ស័យធន បិទ​រោងចក្រ​តែម្ដង បិទទ្វារ​ហើយ​គាត់​ដូរ​ឈ្មោះ​ថ្មី ហើយ​ប្រតិបត្តិការ​ដដែល តែ​ដូរ​តែ​ឈ្មោះ​និង​ចុះបញ្ជី​ថ្មី ទៅជា​ក្រុមហ៊ុន​ថ្មី ។ អ៊ីចឹង​បញ្ហា​ប្រឈម​ដែល​កើតមាន​បច្ចុប្បន្ន គឺ​អ៊ីចឹង​ហើយ ដូ​ច្ន​ត្រូវមាន​ការពង្រឹង​មន្ត្រី​ពន្ធដារ​នេះ ឲ្យ​បាន​រឹងមាំ​។​
 
​លោក រំដួល ចិ​ត្រា​៖ ចុះបើ​សិន​មានការ​អនុវត្ត​ត្រឹមត្រូវ តើ​ចំណូល​ពន្ធ​នឹងមាន​ការកើនឡើង​ប៉ុណ្ណា​ដែរ​ក្នុង​មួយឆ្នាំ ខណៈដែល​កម្ពុជា ប្រមូល​ពន្ធ​ជាង​២​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៨​កន្លងមក​? 
 
​លោក គី សេរី​វ​ឌ្ឍ​៖ ជាការ​មើលឃើញ​របស់​ខ្ញុំ គឺ​យើង​នឹង​កើន​ចំណូល​ពន្ធ​លើស​ហ្នឹង បាន​ពី​១០ ទៅ​១៥​ភាគរយ​បន្ថែមទៀត ។ នេះ​ជា​អ្វីដែល​យើង​បានឃើញ នឹង​មើល​ដឹង ប៉ុន្តែ​វា​នៅមាន​ករណី​ដែល​យើង​មើល​មិនដឹង​ផ្សេងទៀត គឺ​យើង​ស្មាន​មិនបាន​។ តែ​អ្វីដែល​យើង​មើល​ដឹង​នេះ គឺ​ចំណូល​នឹង​កើនឡើង​ពី​១០​ទៅ​១៥​ភាគរយ​ទៀត​។​
​លោក រំដួល ចិ​ត្រា​៖ អ្វីដែល​លោក​លើកឡើង​នេះ គឺ​តាម​អ្វីដែល​លោក​បាន​ស្រាវជ្រាវ​ដែរ ឬ​យ៉ាងណា​?
 
​លោក គី សេរី​វ​ឌ្ឍ​៖ យើង​បានធ្វើ​ការសង្កេត​តាមដាន​ចំពោះ​អ្នក​ព្យាយាម​គេចពន្ធ​ហ្នឹង គឺ​ភាគច្រើន​ពួក​សហគ្រាស​ធុន​តូច និង​ធន​មធ្យម​(SMEs) ។ អ៊ីចឹង​បញ្ហា​បាត់​ពន្ធ​របស់​SMEs នេះ ដោយសារ​ខ្ញុំ​បានធ្វើការ Observation ទៅ ប្រហែលជា​បាត់​ប៉ុណ្ណឹង (​ជាង​១០​ភាគរយ​) នៃ​ចំណូល​ពន្ធ​សរុប​សម្រាប់​SMEs​។ ហើយ​នៅ​ក្រុមហ៊ុន​ធំៗ​ទៀត ដែល​ធ្លាប់ធ្វើ​សវនកម្ម​នោះ វា​មាន​ទំហំ​ធំៗ​មែនទែន ដែល​យើង​មិនអាច​វាស់​បាន ទើប​យើង​គ្មាន​ទិន្នន័យ​។​
 
​លោក រំដួល ចិ​ត្រា​៖ កត្តា​អ្វីដែល​នាំ​ឲ្យ SMEs គេចវេះ​ពី​ការបង់ពន្ធ​នេះ​? តើ​មកពី​មូលហេតុ​អ្វី​ដែរ​?
 
​លោក គី សេរី​វ​ឌ្ឍ​៖ ជាទូទៅ SMEs នៅ​ប្រទេស​ណា ក៏ដូចជា​ប្រទេស​ណា​ដែរ ការ​គេចវេះ​ពន្ធ​របស់​SMEs ហ្នឹង មាន​ច្រើន​ដូចគ្នា សូម្បីតែ​នៅ​កូរ៉េ ក៏​មានការ​គេចពន្ធ​ដូចគ្នា ពិសេស​ភោជនីយដ្ឋាន និង​សេវា​ផ្សេងៗ ដែល​អត់​ប្រើ​ប្រព័ន្ធ​ទូទាត់​តាម​ធនាគារ ហើយ​គេ​ប្រើការ​ទូទាត់​តាម​ក្រដាសប្រាក់ ដែល​វា​ងាយស្រួល​គេចពន្ធ​។ ដូច្នេះ​ខ្ញុំ​គិតថា ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​បង់ពន្ធ​ត្រឹមត្រូវ​នោះ គឺ​យើង​ត្រូវ​ឲ្យ​ពួកគាត់ មានការ​ទូទាត់​តាម​ប្រព័ន្ធ​ធនាគារ ដែលមាន​កម្មវិធី​Apps នោះ​វា​ផ្ដល់​ភាពងាយស្រួល​សម្រាប់​ការគ្រប់គ្រង​ការបង់ពន្ធ​។​
 
​លោក រំដួល ចិ​ត្រា ៖ ឥឡូវនេះ អគ្គនាយក​ពន្ធដារ​លោក គង់ វិបុល ក៏បាន​ប្រកាស​ពី​ការប្រើប្រាស់​ប្រព័ន្ធ​បង់ពន្ធ​តាម​អន​ឡាញ​ជាដើម​ដែរ តើ​ការបង់ពន្ធ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ វា​មាន​ប្រសិទ្ធភាព​កម្រិតណា​ដែរ​?
 
​លោក គី សេរី​វ​ឌ្ឍ​៖ ការបង់ពន្ធ​តាម​ប្រព័ន្ធ​អន​ឡាញ​ហ្នឹង វា​គ្រាន់តែ​ជាការ​គេច​ពី​ការ​កាន់​ក្រដាសប្រាក់​ទៅ​ឲ្យ​មន្ត្រី​ពន្ធដារ​តែ​ប៉ុណ្ណឹង​ទេ​។ ក៏ប៉ុន្តែ​នៅមាន​ការធ្វើ​បញ្ជី​មួយទៀត ដែល​ការធ្វើ​បញ្ជី​នេះ គេ​អាចធ្វើ​បន្លំ​នោះ​តាម​ខ្ញុំ​ដឹង​ក្រុមហ៊ុន​ខ្លះ មាន​បញ្ជី​របាយ​គណនេយ្យ​រហូតដល់​ទៅ​៣ គឺ​បញ្ជី​ទី​១ សម្រាប់​បង្ហាញ​ទៅ​ម្ចាស់​ហ៊ុន វា​គឺជា​បញ្ជី​ពិត​របស់គេ ហើយ​គេ​មិន​បញ្ចេញ​វា​ទេ​។ បញ្ជី​ទី​២ គឺ​បញ្ជី​បង់ពន្ធ ជា​បញ្ជី​គណនេយ្យ​ដូចគ្នា​តែ​បង់ពន្ធ ដូច្នេះ​គេ​ធ្វើ​យ៉ាង​ឲ្យ​ឃើញ​ចំណេញ​តិច​។ ហើយ​បញ្ជី​មួយទៀត គឺ​បញ្ជី​លក់​ភាគហ៊ុន​នោះ គឺជា​បញ្ជី​ដែល​គេ​ធ្វើ​ឲ្យ​វា​ឲ្យ​ឃើញ​ពី​ផលចំណេញ​ក្រុមហ៊ុន​ធំ​ទៅ ដើម្បី​ឲ្យ​គេ​ទិញ​ភាគហ៊ុន និង​ទិញ​Share គាត់​ច្រើន​។ អ៊ីចឹង​វា​មាន​សុទ្ធតែ​វិធី​បែបនេះ មានន័យថា​ក្រមសីលធម៌​វិជ្ជាជីវៈ នៅក្នុង​គណនេយ្យ​ដែល​ក្រុមហ៊ុន​មួយចំនួន ធ្វើបែបនេះ គឺ​វា​អត់​មាន​។ នេះ​សុទ្ធតែជា​បញ្ហា​ប្រឈម​ហើយ ដែល​រដ្ឋាភិបាល អាជ្ញាធរ​ជាតិ​គណនេយ្យ ឬ​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ ឬ​ខាង​ពន្ធដារ ត្រូវ​សហការគ្នា​ក្នុងការ​គ្រប់គ្រង​ការអនុវត្ត​ពន្ធ​ឲ្យ​បានល្អ ក្នុងការ​ចុះបញ្ជី​គណនេយ្យ​ឲ្យ​បាន​សមស្រប​៕ 

Tag:
 គី សេរី​វ​ឌ្ឍ​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com