ជាតិ
សង្គមជាតិ
បញ្ជូនលោក ផែង វណ្ណៈ ទៅតុលាការ ក្រោយឆ្លងកាត់ការសាកសួរពីរាជអាវុធហត្ថ
02, Apr 2019 , 2:20 pm        
រូបភាព
លោក ផែង វណ្ណៈ ចុះពីរថយន្ត ពេលកម្លាំងកងរាជអាវុធហត្ថ នាំទៅដល់សាលាដំបូងរាជធានីភ្នំពេញ
លោក ផែង វណ្ណៈ ចុះពីរថយន្ត ពេលកម្លាំងកងរាជអាវុធហត្ថ នាំទៅដល់សាលាដំបូងរាជធានីភ្នំពេញ
កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ចប់ការសាកសួរលើលោក ផែង វណ្ណៈ អ្នកប្រើប្រាស់បណ្តាញសង្គមដ៏ល្បីម្នាក់ ហើយក៏បញ្ជូនទៅឲ្យព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះ ដើម្បីបន្តនីតិវិធី។



ការនាំលោក ផែង វណ្ណៈ ទៅសួរ និងឈានដល់ការបញ្ជូនទៅតុលាការ គឺកើតឡើងក្រោយមានបណ្តឹងពីលោក គី តិច មេធាវីរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកមេធាវី ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា៖«គាត់ មានចេតនាបរិហារកេរ្តិ៍ និង ចោទសម្តេច ថា ជាអ្នកនៅពីក្រោយឃាតកម្មលើលោក កែម ឡី»។

លោក ផែង វណ្ណៈ ត្រូវបានលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយសារសង្ស័យថាលោក ប្រព្រឹត្តអំពើពុករលួយ។ លោក ពេជ្រ ស្រស់ សង្ស័យបែបនេះ ក្រោយឃើញលោក វណ្ណៈ ធ្វើជាតំណាងឲ្យគ្រួសាររបស់កញ្ញា យិន ម៉ាណា ដែលបានបើករថយន្តបុកកញ្ញា ឌុំ រីដា ឲ្យស្លាប់ ដោយពេលនោះ លោក ផែង វណ្ណៈ បានយកថវិកា៥ពាន់ដុល្លារពីគ្រួសាររបស់កញ្ញា យិន ម៉ាណា ទៅចូលបុណ្យសពកញ្ញា ឌុំ រីដា។

លោក ផែង វណ្ណៈ បានសរសេរសារលើបណ្តាញសង្គម ដើម្បីឆ្លើយតបនឹងបណ្តឹងរបស់លោក ពេជ្រ ស្រស់។ លោក បង្ហាញការហួសចិត្តថា គ្រាន់តែលោក យកថវិការ ទៅចូលបុណ្យ ក៏មានទោសនិងត្រូវគេប្តឹងដែរ។ បន្ទាប់មក លោក ក៏លើកពីករណីរបស់សម្តេច ហ៊ុន សែន ដែលបានយកថវិកាទៅចូលបុណ្យលោក កែម ឡី ដែលត្រូវបានគេបាញ់សម្លាប់ កាលពីខែកក្កដា ឆ្នាំ២០១៦។

លោក ចោទជាសំណួរថា បើប្តឹងលោក ថា ពាក់ព័ន្ធនឹងអំពើពុករលួយ ព្រោះតែ លោក យកថវិកាទៅចូលបុណ្យសពកញ្ញា ឌុំ រីដា ចុះហេតុអ្វី បានជាលោក ពេជ្រ ស្រស់ មិនប្តឹងសម្តេច ហ៊ុន សែន ពីបទប្រព្រឹត្តអំពើពុករលួយដែរទៅ ព្រោះសម្តេច បានឲ្យគេយកថវិកាទៅចូលបុណ្យលោក កែម ឡី?

ការប្រៀបធៀបនេះហើយ ដែលជាអង្គហេតុ នាំឲ្យលោក ផែង វណ្ណៈ រងបណ្តឹងពីមេធាវីរបស់សម្តេច ហ៊ុន សែន និងឈានទៅដល់ការនាំខ្លួនទៅសាកសួរ។ លោកមេធាវី គី តិច បកស្រាយបែបនេះថា៖«ការប្រៀបធៀបរបស់គាត់ គឺជាការបរិហារកេរ្តិ៍និងជាការចោទប្រកាន់ថាសម្តេច ជាឃាតកសម្លាប់លោក កែម ឡី»។

លោក ផែង វណ្ណៈ ក៏រងបណ្តឹងមួយទៀត ពីសារព័ត៌មាន Fresh News ផងដែរ៕

Tag:
 ហ៊ុន សែន​
  ផែង វណ្ណៈ
© រក្សាសិទ្ធិដោយ thmeythmey.com