ONE Championship
កីឡាជាតិ
ជាតិ
ឡៅ ចិត្រា ចាំមិនភ្លេចនៅសង្វៀន One Championship ពេលប្រកួតលើកដំបូង ឡៅ ចិត្រា ស្លៀកខោពណ៌ស
× ដោយ៖ ស៊ីធី
អ្នកលេងគុនខ្មែរ ឡៅ ចិត្រា បានបង្ហើបពីចំណុចចងចាំបំផុតមិនអាចបំភ្លេចបានក្នុងការប្រកួតនៅសង្វៀន One Championship ពេលចាញ់ពិន្ទុជើងខ្លាំងថៃ Superlek Kiatmoo9 នៅក្រុងបាងកក កាលពាក់កណ្ដាលខែកុម្ភៈកន្លងទៅ និងសន្យាថានឹងធ្វើឲ្យល្អសម្រាប់ជំនួបលើកក្រោយ បើសិនបានឡើងវាយនៅសង្វៀននេះម្តងទៀត។
ចិត្រា ដែលមានវ័យ ១៩ ឆ្នាំ ថ្លែងរឿងមិនអាចបំភ្លេចបានយ៉ាងដូច្នេះ៖ «ខ្ញុំតូចចិត្ត ខ្លាំងណាស់ដែលវ៉ៃគេមិនត្រូវ គេរហ័សពេកមិននឹកស្មានដល់ ទោះខ្ញុំបានទស្សនាវីដេអូគេជាច្រើនក៏ដោយ។ គេមានបម្លាស់ទីលឿនខ្លាំងណាស់។ ក្នុងនោះគេវ៉ៃសន្ធប់មកលើយើងតាំងពីដើមទឹកមក មិនឲ្យខ្ញុំដកឃ្លារួច។ ចំណែកខ្ញុំវិញ វ៉ៃចេញដៃ និង ជើងយឺតជាងគេហើយ មានជំហរយឹតជាង Superlek ទៀតផង។ »
កីឡាករប្រដាល់គុនខ្មែរវ័យ ១៩ ឆ្នាំមកពីក្លិប ប្រដាល់ឆត្រយោង៩១១ បានបញ្ជាក់ទៀតថា ការប្រកួតនៅសង្វៀនកម្រិតពិភពលោកខាងលើ ប្លែកខ្លាំងទោះគេធ្លាប់ប្រកួតក្នុងស្រុក និង អន្តរជាតិជាច្រើនដងក្ដី។ កីឡាករប្រដាល់វ័យក្មេងរូបនេះសង្កត់ធ្ងន់ថា ការប្រកួតក្នុងក្របខ័ណ្ឌអន្តរជាតិ One Championship មានលក្ខណៈតឹងតែងណាស់។ ទោះជាការប្រកួតលើកដំបូងនៅ សង្វៀន One ប៉ុន្តែ ចិត្រា មិនមានបញ្ហាប្រឈមដូចជាការធ្វើដំណើរតាមយន្តហោះ ឬ បញ្ហាញុំាម្ហូបអាហារនៅព្រះរាជាណាចក្រថៃនោះឡើយ ព្រោះគេអះអាងថា មានលក្ខណៈស្រដៀងគ្នាទៅនឹងការរស់នៅ និង ហូបចុកដូចនៅកម្ពុជាដែរ។
បន្ទាប់ពីបរាជ័យសឹងមិននឹកស្មានដល់ ប្អូនប្រុសបង្កើតរបស់ ឡៅ ស៊ីណាត់ និង ឡៅ ចន្ទ្រា នឹងខំប្រឹងហ្វឹកហាត់ឲ្យខ្លាំងក្លាថែមទៀតដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការចេញទៅប្រកួតជាថ្មីក្នុងកម្រិតអន្តរជាតិ និង ព្យាយាមប៉ះប៉ូវរាល់ចំណុចខ្សោយ ដែលបានទទួលជាមេរៀនពីកីឡាករកំពូលថៃ Superlek។ ម្ចាស់ខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦០ គីឡូក្រាម ប្ដេជ្ញាអភិវឌ្ឍខ្លួនហ្វឹកហាត់ឲ្យមានបម្លាស់ទីលឿន វ៉ៃចេញលឿន និង បង្កើនជំហរឲ្យរឹងមាំដើម្បីទប់ទល់នឹងគូបដិបក្ខអន្តរជាតិខ្លាំងៗនៅថ្ងៃអនាគត។
យ៉ាងណាក្ដី បន្ទាប់ពីរងបរាជ័យនៅប្រទេសថៃកាលខែ កុម្ភៈ ប៉ុន្តែ ឡៅ ចិត្រា បានស្ដារមុខមាត់ឡើងវិញដោយឈ្នះ ជើងខ្លាំងថៃ Mai Soth ដោយពិន្ទុកាលចុងសប្ដាហ៍កន្លងទៅនេះ នៅសង្វៀន ស៊ីអិនស៊ី។ ក្រៅពីការហ្វឹកហាត់នៅក្លិបរបស់ខ្លួន និង ខិតខំឥតឈប់ឈរដោយខ្លួនឯង អ្នកលេងគុនខ្មែរដដែលនេះនឹងចូលហ្វឹកហាត់ប្រដាល់ក្នុងក្រុមជម្រើសជាតិជាមួយ លោក គ្រូ ឡុង សាលវ័ន្ត និង អេ ភូថង ក្រោយពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដើម្បីត្រៀមប្រកួតនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម តំណាងឲ្យកម្ពុជា ដែលរៀបចំនៅហ្វីលីពីន នាចុងឆ្នាំ ២០១៩ នេះ។
បច្ចុប្បន្ន ឡៅ ចិត្រា មានកំណត់ត្រាប្រកួត១៤៨ លើក ដែលក្នុងនោះ ឈ្នះ ១២១ លើក, ចាញ់ ២២ លើក និង ស្មើ ៥ លើក៕
Tag:
One Championship
ឡៅ ចិត្រា
© រក្សាសិទ្ធិដោយ thmeythmey.com