ជាតិ
សង្គមជាតិ
រដ្ឋបាលភ្នំពេញថា ការចាក់ដីនៅដៃទន្លេបាសាក់ គឺដើម្បីកែលម្អច្រាំងដៃទន្លេ
× ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានជុំវិញករណីចាក់ដីចូលក្នុងដៃទន្លេបាសាក់ ដោយអះអាងថា ការចាក់បំពេញដីនេះ ក្នុងគោលបំណងកែលម្អច្រាំងដៃទន្លេ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃទី២ មេសានេះ សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «ការចាក់បំពេញដីនេះ គឺក្នុងគោលបំណងកែលម្អច្រាំងដៃទន្លេបាសាក់ ឲ្យច្រាំងខាងលិចស្របនឹងច្រាំងខាងកើត ដើម្បីធានាបាននូវសោភ័ណភាពល្អ ឈានទៅស្ថាបនាផ្លូវថ្មើរជើង ចាប់ពីតំបន់អភិវឌ្ឍកោះពេជ្រដល់គល់ស្ពានព្រះមុនីវង្ស»។
ការបកស្រាយរបស់សាលារាជធានីភ្នំពេញ គឺធ្វើឡើងក្រោយពីមានព័ត៌មានជុំវិញករណីចាក់ដីចូលក្នុងដៃទន្លេបាសាក់ ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីពេលថ្មីៗនេះ។
ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានចុះទៅដល់ទីតាំងចាក់បំពេញដីនៅយប់ថ្ងៃទី២ មេសាផងដែរ។ លោក ឃួង ស្រេង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រដ្ឋបាលរាជធានីភ្នំពេញ មិនមានបំណងលុបដៃទន្លេបាសាក់ឡើយ។ លោក បញ្ជាក់ទៀតថា ការចាក់ដីនៅដៃទន្លេនេះ ជាការសាងសង់អាងចម្រោះទឹកស្អុយ ដែលជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ មិនមែនជាការចាក់លុបដៃទន្លេនោះទេ៕ © រក្សាសិទ្ធិដោយ thmeythmey.com