ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាកា​រៈទាំង​នេះ​អាច​បញ្ជាក់បាន​ថា រាងកាយ​កំពុងតែ​ខ្វះ​ជាតិ​ប៉ូ​តា​ស្យូ​ម​ហើយ​
04, Apr 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប៉ូ​តា​ស្យូ​ម​គឺជា​ជាតិ​រ៉ែ​មួយ​ប្រភេទ​ដែល​សំខាន់​សម្រាប់​រាងកាយ​ម​នុស្ស​យើង​។ យ៉ាងណាមិញ វា​មាន​នាទី​ខុសៗ​គ្នាច្រើន​ណាស់​ក្នុង​ខ្លួន​ដូចជា​៖

 
  • ​សម្របសម្រួល​ដល់​តុល្យភាព​ជាតិ​ទឹក​ក្នុង​កោសិកា​
  • ​ថែរក្សា​ការ​កន្ត្រាក់​សាច់ដុំ​បាន​យ៉ាង​ល្អ​
  • ​ជំនួយ​ដល់​មុខងារ​សរសៃប្រសាទ​បាន​ល្អ​បំផុត​
  • ​កាត់បន្ថយ​សម្ពាធ​ឈាម​
  • ​បង្ការ​ការកើត​គ្រួស​ក្នុង​តម្រងនោម និង​ជំងឺ​ពុក​ឆ្អឹង​
​វា​មិនមាន​អ្វីដែល​ត្រូវ​ឆ្ងល់​ថា​ហេតុអ្វី​បានជា​ការ​កង្វះ​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​ខ្លួន​អាចជា​បញ្ហា​ធំ​ឡើយ តែ​ការ​កង្វះ​ជាតិ​រ៉ែ​មួយ​នេះ​ធ្ងន់ធ្ងរ ហើយ​រក​មិនឃើញ​ទៀត​នោះ អាចជា​រឿង​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​។ បើសិនជា​អ្នក​មិន​ទទួលបាន​ជាតិ​ប៉ូ​តា​ស្យូ​ម​គ្រប់គ្រាន់​ពី​របប​អាហារ​ទេ អ្នក​ប្រហែល​ជាមាន​អាកា​រៈ​នៃ​ការ​កង្វះ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដូចខាងក្រោម​នេះ​៖
 
​ខ្សោយ​
 
​ភាព​ខ្សោយ​នេះ​ច្រើនតែ​ជា​បញ្ហា​ដំបូង​គេ​បំផុត​ដែល​អ្នក​សម្គាល់​ដឹងថា កំពុងតែ​ខ្វះ​ជាតិ​ប៉ូ​តា​ស្យូ​ម​ហើយ​។ ដូច​អ្វីដែល​ខ្ញុំ​បានបញ្ជាក់​ពី​ខាងលើ​អ៊ីចឹង​ថា ប៉ូ​តា​ស្យូ​ម​មាន​នាទី​ជួយ​ឲ្យ​សាច់ដុំ​កន្ត្រាក់​បានល្អ​។ ដូច្នេះ​បើសិនជា​វត្តមាន​របស់​វា​ខ្វះ ដូច្នេះ​ការ​ខ្សោយ​សាច់ដុំ​នឹង​កើតឡើង​។ 
 
​រមួលក្រពើ​
 
​ដោយសារតែ​ប៉ូ​តា​ស្យូ​ម​ជា​ជីវជាតិ​ដ៏​សំខាន់​សម្រាប់​ការ​កន្ត្រាក់​សាច់ដុំ ដូច្នេះ​អ្នក​ងាយ​នឹង​រមួលក្រពើ​ណាស់​បើសិនជា​កង្វះ​វា​ក្នុង​ឈាម​។ វា​អាច​នឹងធ្វើ​ឲ្យ​កន្ត្រាក់​សាច់ដុំ​ជាប់​រយៈពេល​យូរ ជា​លក្ខណៈ​បែប​រមួលក្រពើ​តែម្តង​។ 
 
​ការ​ញ័រ​ដើមទ្រូង​
 
​បេះដូង​មនុស្ស​យើង​ក៏​ជា​សាច់ដុំ​ដែរ​។ ហេតុ​ដូច្នេះហើយ ការ​កង្វះ​ជាតិ​ប៉ូ​តា​ស្យូ​ម  វា​នឹងខ្វះ​អ្វីមួយ​សម្រាប់​សម្រួល​ដល់​ការ​កន្ត្រាក់​របស់​សាច់ដុំ​បេះដូង រហូតដល់​ធ្វើ​ឲ្យ​បេះដូង​ញ័រ​បាន ខណៈពេល​ការ​ញ័រ​ដើមទ្រូង​នេះ​ក៏​អាច​កើតឡើង​ដោយសារតែ​រាងកាយ​ធ្វើការ​ងារ​ហត់ ស្ត្រេ​ស និង​ថប់​អារម្មណ៍​ដែរ​។ 
 
​បញ្ហា​នៃ​ការរំលាយ​អាហារ​
 
​ផ្លូវ​ក្រពះ​ពោះវៀន​ទាំងមូល​គឺ​ពោរពេញ​ទៅដោយ​សាច់ដុំ​រលោង ដូច្នេះ​អ្នក​ក៏​អាច​ស្មាន​ដឹងថា មាន​អ្វី​កើតឡើង​ដែរ​ចំពោះ​សាច់ដុំ​មួយ​នេះ​បើសិនជា​កង្វះ​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​ខ្លួន​។ នៅពេល​សាច់ដុំ​ក្នុង​ផ្លូវ​រំលាយ​អាហារ​ខ្សោយ វា​ទំនងជា​ងាយ​ធ្វើ​ឲ្យ​ឈឺពោះ ហើមពោះ ខ្យល់​ក្នុង​ពោះ និង​ទល់លាមក​ណាស់​។ 

​ឈឺ​ឈៀបៗ​
 
​ជាតិ​ប៉ូ​តា​ស្យូ​ម​ដើរតួនាទី​ជា​មុខងារ​ជួយ​ថែរក្សា​ការងារ​របស់​សរសៃប្រសាទ​។ ដូច្នេះ​ការ​កង្វះ​ជីវជាតិ​មួយ​នេះ នឹងធ្វើ​ឲ្យ​មាន​អារម្មណ៍​ឈឺ​ឈៀបៗ ជាពិសេស​នៅ​ប្រអប់ដៃ ដៃ ប្រអប់ជើង និង​ជើង​។ ប៉ុន្តែ​បញ្ហា​នេះ​ក៏​អាច​កើតឡើង​ដោយសារតែ​មូលហេតុ​អ្វី​ផ្សេង​ដែរ ជាពិសេស​ជំងឺ​ទឹកនោមផ្អែម​តែម្តង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com