ជាតិ
សង្គមជាតិ
អភិបាលខេត្ត​សៀមរាប ស្នើឱ្យ​កងទ័ព ជួយ​ទប់ស្កាត់​ការកាប់​ទន្ទ្រាន​ព្រៃឈើ​
03, Apr 2019 , 8:39 pm        
រូបភាព
​សៀមរាប​៖ អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា បាន​ចុះសួរសុខទុក្ខ​ដល់​កងពល ដែល​ស្ថិតនៅ​ចំណុះ​ខេត្ត នា​ឳ​កាស​មុន​ចូលឆ្នាំ​ខ្មែរ​។ នៅ​វរ​សេនា​តូច​លេខ​១ តំបន់​អូរ​កូនតឹង អភិបាលខេត្ដ​សៀមរាប បាន​អំពាវនាវ​ឱ្យ​នាយទាហាន​ទាំងអស់ ជួយ​ផ្សព្វផ្សាយ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ក៏ដូចជា​ការកាប់​ទន្ទ្រាន​ព្រៃឈើ​គ្រប់​ប្រភេទ​។​

 
​នា​អំឡុងពេល​ចុះ​សួរ​សុខ​នាយទាហាន​នៅ​វរ​សេនា​តូច​លេខ​១ តំបន់​អូរ​កូនតឹង ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន នៅ​ព្រឹក​ថ្ងៃទី​២ មេសា លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បានកត់សម្គាល់​ឃើញថា ព្រៃឈើ​នៅ​តំបន់​នេះ មានការ​ផ្លាស់ប្ដូរ​។ ផ្លាស់ប្ដូរ​ត្រង់​ថា ប៉ុន្មាន​ឆ្នាំមុន​នៅពេល​លោក​ធ្លាប់ជា​ទាហាន និង​ឆ្លងកាត់​តំបន់​នេះ គឺ​ព្រៃឈើ​មាន​ច្រើនជាង​បច្ចុប្បន្ន​។ ដោយ​មើលឃើញ​ដូច្នេះហើយ ទើប​លោក​អភិបាល​ប្រាប់​ដល់​កងទ័ព​ទាំងអស់ ឲ្យ​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ពិសេស​ការកាប់​ទន្ទ្រាន​យក​ដី​ធ្វើ​ចម្ការ​។​
 
​ជាមួយគ្នានេះ លោក​អភិបាលខេត្ត​ក៏បាន​ស្នើសុំ​ដល់​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ យកចិត្តទុកដាក់​ក្នុងការ​ស្ដារ​គម្រប​ព្រៃឈើ​ឡើងវិញ ដោយ​ធ្វើ​ការដាំ​កូនឈើ​នៅ​តំបន់​ណា​ដែល​ធ្លាប់​មានព្រៃ​ពីមុន​។ លោក លើកឡើងថា «...​យក​ដើមឈើ​មក​ដាំ​កន្លែង​ដែល​ធ្លាប់​ទន្ទ្រាន យើង​ដាំ​ឡើងវិញ​ឱ្យអស់​...​ប្រសិនបើ​យើង​មិន​ដាំ ពេលខ្លះ​ដី​ទាំងនោះ​ជា​របស់​រដ្ឋ​ទេ តែ​ដល់​តែ​ពេល​អស់​ដើមឈើ បន្ដិចទៀត​នឹង​ក្លាយជា​ដីឯកជន អ៊ីចឹង​សុំឱ្យ​ដាំ​ឡើងវិញ ព្រោះ​ថាបើ​អស់​ព្រៃ ក៏​អស់​ទឹក​ដែរ​»​។ 
 
​បន្ទាប់ពី​អំពាវនាវ​ឱ្យ​កងទ័ព ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​ពិចារណា​ដាំ​ដើមឈើ​ឡើងវិញ​ហើយ​នោះ អភិបាលខេត្ត​សៀមរាប​ថ្មី​រូបនេះ ក៏បាន​បញ្ជាក់ថា សំណូមពរ​របស់លោក​មិនមែន​ដើម្បី​ទាញ​ប្រជាប្រិយភាព​ទេ តែ​លោក​មានបំណង​ចង់ឱ្យ​ខេត្ត​ទេសចរណ៍​មួយ​នេះ មាន​ភាពសម្បូរ​សប្បាយ និង​ទាញ​ប្រយោជន៍​ពី​ធនធានធម្មជាតិ​ទាំងនោះ​ផងដែរ​។​
 
​គួរ​បញ្ជាក់ថា ក្នុង​ដំណើរ​ចុះសួរសុខទុក្ខ​កងទ័ព​នៅតាម​ព្រំដែន​របស់លោក​អភិបាលខេត្ត នៅ​តំបន់​គោលដៅ​ចំនួន​២ រួមមាន កល​ពល​តូច អន្ដរាគមន៍​លេខ​៥ ចម្រុះ​ឱ្យ​កងពលធំ​អន្ដរាគមន៍​លេខ​២ សមរភូមិ​មុខ​ទិស​ទី​៣ ឈរជើង​នៅ​ភូមិ​ពោធិ​ចាស់ ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​នាយទាហាន ពលទាហាន នៃ​យោធភូមិភាគ​ទី​៤ ប្រចាំ​ទិស​ទី​២ និង​វរ​សេនា​តូច​លេខ​១ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប​៕

Tag:
 សៀមរាប​
  ព្រៃឈើ​
© រក្សាសិទ្ធិដោយ thmeythmey.com