ពីនេះ ពីនោះ
«​អរគុណ​នរណាម្នាក់​», «​អរគុណ​ចំពោះ​នរណាម្នាក់​» និង​«​អរគុណ​សម្រាប់​អ្វីមួយ​»​តើ​ប្រើ​ខុសគ្នា​ដូចម្តេច​?
15, Dec 2019 , 8:59 pm        
រូបភាព
រូបលោក ច័ន្ទ សំណព្វ បណ្ឌិត​អក្សរសាស្ត្រខ្មែរ
រូបលោក ច័ន្ទ សំណព្វ បណ្ឌិត​អក្សរសាស្ត្រខ្មែរ
ដោយ: ថ្មីៗ
​ដើម្បី​បង្ហាញ​ភាព​គួរសម​ចំពោះ​នរណាម្នាក់​ដែលមាន​គុណ​លើ​ខ្លួន ភាគច្រើន​គេ​ប្រើពាក្យ «​អរគុណ​» នេះ​។ កន្លងមក​ពលរដ្ឋ​ខ្មែរ​ប្រើពាក្យ​អរគុណ មិនទាន់​ឲ្យ​ចំ និង​ច្បាស់លាស់​ប៉ុន្មាន​ឡើយ ដោយ​អ្នកខ្លះ​ប្រើ​ជា​ពាក្យ អរគុណ​ចំពោះ​នរណាម្នាក់ ឬ​អរគុណ​នរណាម្នាក់ ដោយ​អ្នក​ខ្លះទៀត ប្រើ​ជា​ពាក្យ​ថា អរគុណ​សម្រាប់​អ្វីមួយ​។


 
សូមស្តាប់សំឡេង៖




​ឃ្លា​ទាំងបី​នេះ មិនមែនជា​ឃ្លា​ដែល​ខុស​នោះទេ គ្រាន់តែ​ការប្រើ​ខុសគ្នា និង​មានន័យ​ខុសគ្នា​តែប៉ុណ្ណោះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ច័ន្ទ សំណព្វ សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ ឃ្លា​ទាំងបី​នេះ មានតែ​ឃ្លា​ថា អរគុណ​នរណាម្នាក់ និង​អរគុណ​ចំពោះ​នរណាម្នាក់ ដែល​និយម​ប្រើ និង​មាន​អត្ថន័យ​ច្បាស់លាស់​។ លោក ច័ន្ទ សំណព្វ បាន​ពន្យល់​ឃ្លា​ថា អរគុណ​នរណាម្នាក់ គឺ​ចង់​សំដៅលើ ការ​អរគុណ​បុគ្គល​ណា​ម្នាក់​ដែល​ជួយ​យើង​ដោយផ្ទាល់​។ ឧទាហរណ៍​៖ ខ្ញុំ​អរគុណ​ចាន់នី​ដែល​បាន​ជូន​ខ្ញុំ​មក​ផ្ទះ​។ 
 
​សម្រាប់​ឃ្លា​ថា​«​អរគុណ​ចំពោះ​នរណាម្នាក់​វិញ​»​គឺ​គេ​ប្រើ​សម្រាប់តែ​អរគុណ​ចំពោះ​អ្វីមួយ​ដែល​បុគ្គល​ណា​ម្នាក់​ធ្វើ​មកលើ​ខ្លួន​។ ឧទាហរណ៍​៖ ខ្ញុំ​អរគុណ​ចំពោះ​សន្តាន​ចិត្ត​របស់​អ្នក​ដែលមាន​ចំពោះ​ខ្ញុំ​។ ដោយឡែក​ឃ្លា​ថា «​អរគុណ​សម្រាប់​អ្វីមួយ​» គឺ​មានន័យថា អរគុណ​នរណាម្នាក់​ជំនួស​ឲ្យ​នរណាម្នាក់​។ ឧទាហរណ៍​៖ ខ្ញុំ​អរគុណ​លោក​ដែល​បាន​សរសើរ​ប្អូនស្រី​របស់ខ្ញុំ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ច័ន្ទ សំណព្វ សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com