កីឡាអន្តរជាតិ
អន្តរជាតិ
Pele ជឿជាក់ថា Mbappe អាច​រកបាន​១០០០​គ្រាប់​ក្នុង​អាជីព​
03, Apr 2019 , 4:51 pm        
រូបភាព
​ស្តេច​បាល់ទាត់ Pele បាន​និយាយ​ទៅកាន់​ខ្សែប្រយុទ្ធ​ឆ្នើម​វ័យក្មេង Kylian Mbappe ថា​លោក​ជឿជាក់​លើ​សមាជិក​ក្រុម​ជើងឯក World Cup បារាំង​រូបនេះ នឹង​អាច​ស៊ុត​បាល់​បញ្ចូល​ទី​បាន ១០០០​គ្រាប់ ក្នុង​អាជីព​របស់គេ​។


 
​វីរបុរស​ប្រេ​ស៊ី​លវ័យ​៧៨​ឆ្នាំ​អះអាង​ដូច្នេះ ខណៈដែល​ខ្សែប្រយុទ្ធ​ក្រុម Paris St Germain រូបនេះ​រកបាន​ដល់​ទៅ ១០៣​គ្រាប់​រួចទៅហើយ​នៅត្រឹម​អាយុ​២០​ឆ្នាំ​។​
 
Pele បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី​២ ខែមេសា ជាទី​ដែល​លោក​បាន​ជួប Mbappe ក្នុង​កម្មវិធី​ផ្សាយពាណិជ្ជកម្ម​មួយ​ថា​៖«​វា​អាចទៅរួច ខ្ញុំ​អាច​ស៊ុត​បាន​១០២៥​គ្រាប់​រួចហើយ ដូច្នេះ​មួយ​ពាន់​គ្រាប់​សម្រាប់ Mbappe ប្រា​ដក​ជា​បាន​»​។ 
 
​អ​តី​សមាជិក​ក្រុម Monaco រូបនេះ​បាន​ក្លាយជា​កីឡាករ​វ័យក្មេង​ទី​២ បន្ទាប់ពី Pele ដែល​អាច​ស៊ុត​បញ្ចូល​ទី​ក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ពិភពលោក World Cup ក្នុង​ការជួយ​ជម្រើសជាតិ​បារាំង​ទទួល​ជ័យជម្នះ​លើ​ក្រូ​អាស៊ី​ក្នុង​លទ្ធផល ៤-២ នៅ​រុស្ស៊ី​នោះ​។​


 
​បើ​ទោះ​មានការ​អះអាង​ពី​សំណាក់​លោក Pele យ៉ាងនេះ​ក្តី ប៉ុន្តែ​ខ្សែប្រយុទ្ធ​វ័យ​២០​ឆ្នាំ​រូបនេះ​មិន​គិតថា​ខ្លួន​អាចធ្វើ​បាន​ដល់​១​ពាន់​គ្រាប់​នោះឡើយ​។ 
 
«​ខ្ញុំ​គិតថា​បើទោះបីជា​យើង​រាប់​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​នៅលើ​ទីលាន​និង​គ្រាប់​បាល់​ក្នុង​ហ្គេម PlayStation បញ្ចូល​គ្នា​ក៏​ខ្ញុំ​នឹងមិន​អាចឈាន​ទៅដល់​ការរក​គ្រាប់​បាល់​ទី​១០០០​ដែរ​។ យ៉ាងណា​យើង​នឹង​ប្រឹងប្រែង​តាម​ដែល​អាចធ្វើ​ទៅបាន ប៉ុន្តែ​ខ្ញុំ​គិតថា​ខ្ញុំ​នៅមាន​ផ្លូវ​វែងឆ្ងាយ​ណាស់​សម្រាប់​អាជីព​របស់ខ្ញុំ​»​។​
 
Mbappe រកបាន​៣២​គ្រាប់​ហើយ​នៅក្នុង​ការប្រកួត​ទាំងអស់​សម្រាប់ PSG រដូវ​កាល​នេះ ដោយ​ក្នុងនោះ​២៧​គ្រាប់​សម្រេចបាន​ក្នុងការ​បង្ហាញខ្លួន ២៤​លើក​នៅ​ក្របខណ្ឌ Ligue 1 បារាំង​៕

Tag:
 បាល់ទាត់​
  Pele
  Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com