ជាតិ
សេដ្ឋកិច្ច
ADB៖ កម្ពុជា​ត្រូវធ្វើ​កំណែទម្រង់​វិស័យ​អប់រំ​ឲ្យ​កាន់តែ​រឹងមាំ ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​
03, Apr 2019 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​ត្រូវធ្វើ​កំណែទម្រង់​វិស័យ​អប់រំ​ឲ្យ​កាន់តែ​រឹងមាំ ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​។ ការអប់រំ​មានគុណ​ភាព​ខ្ពស់ នឹង​ជួយ​ឲ្យ​កម្ពុជា មានការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​គ្រប់គ្រាន់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​វិនិយោគិន​។ ជាពិសេស​ធនធាន​ជំនាញ​បច្ចេកវិទ្យា ដែលជា​ផ្នែក​មួយ កំពុងមាន​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​ទូទាំង​សកលលោក​។​នេះ​បើតាម​របាយការណ៍​រប​ស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​នៅ​កម្ពុជា​។​

 
​បើ​ទោះ​កម្ពុជា​នៅ​រក្សា​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​ក្នុង​រយៈពេល​២​ឆ្នាំ​ខាងមុខនេះ​ក៏ដោយ ប៉ុន្តែ​កម្លាំង​ពលកម្ម​ជំនាញ នៅ​មិនទាន់​ឆ្លើយតប​ចំពោះ​កា​រវិ​និ​យោ​បរទេស​នៅឡើយ ។ ត្រង់ចំណុច​នេះ​លោកស្រី Sunniya Durraini-Jamal នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​នៅ​កម្ពុជា ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ពង្រឹងគុណភាព​អប់រំ និង គ្រូបង្រៀន ដែលមាន​គុណភាព​ជាច្រើន​នាក់​ថែមទៀត ។ ជាពិសេស​ត្រូវ​ផ្ដល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដល់​សិស្ស​ក្រីក្រ​ដែល​រៀន​ពូកែ ដើម្បី​ជួយ​ឲ្យ​ពួកគេ​បន្ត​ការសិក្សា និង​រៀន​ជំនាញ​សមស្រប​ក្នុង​យុគសម័យ​ឌីជីថល​។ វា​ជា​ចំណុច​សំខាន់ ដែល​ជំរុញ​ឲ្យ​កម្ពុជា មាន​ធនធានមនុស្ស​គ្រប់គ្រាន់ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​វិនិយោគិន​។ 
 
​នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​នៅ​កម្ពុជា បាន​និយាយ​ដូច្នេះ​ថា​៖ «​កត្តា​សំខាន់​មួយ​ដែល​អាច​ទាក់ទាញ នឹង​រក្សា​ឲ្យ​បាន​នូវ​កំណើន​ក្នុង​រយៈពេល​វែង គឺ​កត្តា​គុណភាព​ធនធានមនុស្សរ​បស់​កម្ពុជា ដែល​រួមបញ្ចូល​ទាំង​ជំនាញ​បច្ចេកទេស និង​ជំនាញ​វិជ្ជាជីវៈ ដែល​អាចឆ្លើយតប​ទៅនឹង​តម្រូវការ របស់​វិស័យ​ឯកជន​»​។​
 
​លោក ឌី​ខាំ​ប៉ូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​មិនទាន់​បានទទួល​របាយ​ការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​នេះ បាន​ឆ្លើយតប​ថា ក្រសួង​អប់រំ​បានដាក់​ចេញ​នៅ​គោលនយោបាយ​អភិវឌ្ឍន៍​ធនធានមនុស្ស​ជាច្រើន ដូចជា​គោលនយោបាយ​យុវជន​មួយ ត្រូវមាន​ជំនាញ​មួយ​ក្នុង​ជីវិត និង​បា​នប​ង្តើ​ត​សាលា​បច្ចេកទេស​ស្ទើ​តែ​២៥ រាជធានី ខេត្ត ក្នុងការ​ពង្រឹង​ជំនាញ​ដល់​សិស្ស និស្សិត ដើម្បី​ឆ្លើយតប​នឹង​ទីផ្សារការងារ​។ លោក​បាន​និយាយថា​៖« អត្រា​ការបោះបង់​ការសិក្សា​មានការ​ថយចុះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គឺ​ថយ​រហូត ហើយ​យើង​ខំធ្វើការ​បន្តទៀត ដើម្បី​ឲ្យ​ការបោះបង់​កាន់តែ​ទាប​ជាង​នេះ​បន្ថែមទៀត​។ យើង​មិនអាច​លុបបំបាត់​បានទេ ប្រទេស​ណា​ក៏មានដែរ ប៉​ន្តែ​ធ្វើ​យ៉ាងម៉េច​ឲ្យ​កាន់តែ​នៅ​ទាប ។​ថ្មី​នេះ​យើង​បានដាក់​កម្មវិធីសិក្សា BEEP «Basic Education Equivalency Programme» ដើម្បី​ធ្វើយ៉ាងណា​អ្នក​ដែល​នៅក្រៅ​សាលារៀន គាត់​មានឱកាស​សិក្សា​បន្ត​វិញ យើង​បាន​កាត់បន្ថយ​អ្នក​ដែល​នៅក្រៅ​សាលា អត់​ការងារ​ធ្វើ អត់​មានឱកាស​ការបន្ត​ការរៀនសូត្រ ក្នុងការ​អភិវឌ្ឍ​ជំនាញ​របស់ខ្លួន​បាន​»​។​
 
​ក្នុង​ឆ្នាំ​២០១៩​នេះ ក្រសួង​អប់រំ​បានដាក់​ចេញ​គោលនយោបាយ​ចំនួន​បី​បន្ថែមទៀត ដូចជា​គោលនយោបាយ​ស្តីពី​ការសិក្សា​ពេញ​មួយជីវិត​, គោលនយោបាយ​សុខភាព​កុមារ និង​ទី​៣ ការអប់រំ​បរិ​យា​ប័ន្ន ដែល​កំពុង​អនុវត្ត​។​នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ​។​
 
 
​ក្នុង​របាយការណ៍​ចេញផ្សាយ​នៅ​ថ្ងៃទី ០៣ ខែមេសា ឆ្នាំ​២០១៩ នេះ​បាន​បង្ហាញថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ត្រូវបាន​រំពឹងថា នឹងមាន​កំណើន​ប្រមាណ ៧ ភាព​រយ​ក្នុង​ឆ្នាំ ២០១៩​នេះ និង ៦,៨ ភាព​រយ​នៅ​ឆ្នាំ​២០២០​។ ប៉ុ​ន្ថែ​បញ្ហា​ប្រឈម​ក៏មាន​ច្រើន​ផងដែរ បញ្ហា​ប្រឈម​ដែល​សំខាន​ជាងគេ ដែល​រាជ​រដ្ឋា​ភិ​បាន​ត្រូវ​យកចិត្តទុកដាក់​គឺ  ដោះស្រាយ​បញ្ហា​គម្លាត​ជំនាញ​ដែល​កើតឡើង​ដោយ​ភាពមិន​ស៊ីគ្នា រវាង​ជំនាញ​ដែល​កម្លាំង​ពលកម្ម​មាន និង​ជំនាញ​ដែល​និយោជក​ត្រូវការ​។ 
 
​របាយការណ៍​បាន​បង្ហាញថា​៖« ការអង្កេត និង​ការសិក្សា​ថ្មីៗ​ជាច្រើន​បានបង្ហាញ​ថា វិនិយោគិន និង​ក្រុមហ៊ុន​នានា កំពុង​ជួប​ការលំបាក ព្រោះថា គម្លាត​រវាង​ជំនាញ​ដែល​កម្លាំង​ពលកម្ម​មាន​និង​ជំនាញ​ដែល​វិនិយោគិន​ត្រូវការ កាន់តែ​រីក​ធំ​ទៅៗ​។ ការអូសបន្លាយ​មិន​ផ្គូរ​ផ្គង​គ្នា រវាង​ជំនាញ​ដែល​ឧស្សា​សហកម្ម និង​ក្រុមហ៊ុន​នានា​ត្រូវការ និង​ជំនាញ​ដែល​ផ្តល់​ឲ្យ​យុវជន ក្នុង​សលា​រៀន រួមទាំង​នៅតាម​គ្រឹះស្ថាន​ដែលមាន​ឯកទេស​ខាង​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ គឺជា​កត្តា​ដ៏​សំខាន់ ដែល​នាំ​ឲ្យ​មាន​គម្លាត​ជំនាញ​បែបនេះ​»​។ 
 
​របាយការណ៍​របស់​ធ​នាគារ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៨ ក៏បាន​បង្ហាញ​ដែរ​ថា ប្រទេស​កម្ពុជា​ទទួលបាន​ពិន្ទុ​ស​ន្ទ​ស្សន៍ ០,៤៩ ដែល​ចំ​ណាត​ថ្នាក់​នេះ​លើ​តែ​ប្រទេស​ឡាវ និង​មី​យ៉ាន​ម៉ា​តែប៉ុណ្ណោះ ខណៈ​ប្រទេស​វៀតណាម​ទទួលបាន​ពិន្ទុ​ស​ន្ទ​ស្សន៍ ០,៦៧ និង​សិ​ង្ហា​បុរី ០,៨៨​។ 
 
​របាយការណ៍​បានបង្ហាញ​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​ដែល​កម្ពុជា​ជួបប្រទះ​រួមមាន ទី​១ ការចុះ​ខ្សោយ​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​សកលលោក​ដែល​អាចមាន​ល្បឿន​លឿន​ជាង​ការរំពឹងទុក​, ទី​២ សហភាព​អឺរ៉ុប​ន្ត​អនុវត្ត​ផែនការ ព្យួរ​ការផ្ដល់​ភាពអនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ដល់​កម្ពុជា ក្រោម​កម្មវិធី ទំនិញ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​, ទី​៣ កំណើន​ឥណទាន​ក្នុង​កម្រិត​ខ្ពស់ និង​ការប្រមូលផ្ដុំ​ឥណទាន ក្នុង​វិស័យ​អចលនទ្រព្យ បង្ក​ហានិភ័យ​ដល់​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ និង​ទី​៤ ហានិភ័យ​ដ៏​សំខាន់​មួយទៀត គឺ​គ្រោះរាំងស្ងួត​នៅ​ឆ្នាំនេះ​។​
 
​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ព្យាករ​ថា ក្នុង​ឆ្នាំ​២០១៩​នេះ វិស័យ​ឧស្សាហកម្ម​, ទេសចរណ៍ និង​វិស័យ​កសិកម្ម របស់​កម្ពុជា នឹង​ថយចុះ​ជាង​ឆ្នាំមុន​។ 
 
«​កំណើន​ទិន្នផល​ឧស្សាហកម្ម ទំនង​ថយចុះ​ពី​ប្រមាណ ១០.៨ ភាគរយ ក្នុង​ឆ្នាំ​២០១៨ មក​នៅត្រឹម​១០.១ ភាគរយ ក្នុង​ឆ្នាំ​២០១៩​។ កំណើន​នៃ​វិស័យ​សេវាកម្ម​នឹងមាន​ការ​ថមថយ​បន្តិច​ពី​៦,៩​ភាគរយ​មក​៦,៨​ភាគរយ ក្នុង​ឆ្នាំ​២០១៩​។ វិស័យ​កសិកម្ម​ត្រូវបាន​ព្យាករណ៍​ថា មាន​កំណើន​ប្រមាណ​១,៧​ភាគរយ ពោលគឺ​ថយចុះ​បន្តិច​ពី​១,៨​ភាគរយ កាលពី​ឆ្នាំមុន​។ ឱនភាព​សារពើពន្ធ​ត្រូវបាន​គ្រោងទុក​ក្នុង​កម្រិត ៤,៥​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប នៅ​ឆ្នាំ​២០១៩ បៀ​ប​ធៀប​នឹង​៥,១​ភាគរយ ដែល​បាន​គ្រោងទុក កាលពី​ឆ្នាំ​២០១៨»​។ នេះ​បើ​យោងតាម​របាយការណ៍​ទ​ស្សន​វិស័យ​អភិវឌ្ឍន៍អាស៊ី​របស់ ADB៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com