កីឡាអន្តរជាតិ
អន្តរជាតិ
Son Heung-min ក្លាយជា​អ្នក​ស៊ុត​គ្រាប់​បាល់​ដំបូងបង្អស់​ឲ្យ Spurs នៅ​កីឡដ្ឋាន​ថ្មី
04, Apr 2019 , 10:45 am        
រូបភាព
Son Heung-min ក្លាយជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ឲ្យ Tottenham Hotspur ដំបូង​គេ​បង្អស់​សម្រាប់​ការប្រកួត​បើកឆាក​នៅ​កីឡដ្ឋាន​ថ្មី​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ជ័យជម្នះ​លើ Crystal Palace ២-០ នៃ​ក្របខណ្ឌ Premier League នៅ​រាត្រី​ថ្ងៃទី​៣ ខែមេសា​។​


 
​កីឡដ្ឋាន​ថ្មី​របស់ Spurs ដែល​បាន​សាងសង់​លើ​ទីតាំង​ចាស់ White Hart Lane កាលពី​ខែសីហា ឆ្នាំ​២០១៧ ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា​កីឡដ្ឋាន Tottenham Hotspur វិញ ដែល​កើន​កៅអី​រហូតដល់​៦២០០០​កន្លែង ពោលគឺ​បន្ថែម ២៥០០០​កៅអី​ទៀត​។ កីឡដ្ឋាន​នេះដែរ​ចំណាយ​ទឹកប្រាក់​សាងសង់​សរុប​ប្រមាណ​១​ពាន់​លាន​ផោន (១,៣២​ពាន់​លាន​ដុល្លារ​អាមេរិក​) ឯណោះ​។​
 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូរ៉េខាងត្បូង Son ត្រូវ​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប Spurs ក្នុងនាម​កីឡាករ​ដែល​រក​គ្រាប់​បាល់​ទីមួយ​នៅ Premier League ក្នុងការ​បង្ហាញខ្លួន​ដំបូង​នៅ​កីឡដ្ឋាន​ថ្មី​មួយ​នេះ​។ ២​គ្រាប់​របស់​ក្រុម​មាន់​ខ្នាយ​មាស​លើ​ក្រុម Crystal Palace ធ្វើបាន​ដោយ Son នៅ​នាទី​៥៥ និង​ខ្សែបម្រើ Christian Eriksen នៅ​នាទី​៨០​។​


 
​នេះ​ជា​ជ័យជម្នះ​ដ៏​សំខាន់​សម្រាប់​ក្រុម​លោក Mauricio Pochettino ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​ទី​៣​ពី Arsenal វិញ ក្រោយ​រកបាន​៦៤​ពិន្ទុ​ពី​ការប្រកួត​៣២​លើក​។ Arsenal ធ្លាក់​ទៅ​លេខ​៤​វិញ​ដោយ​ទទួលបាន​៦៣​ពិន្ទុ​ប៉ុន្តែ​ពួកគេ​ទើប​ប្រកួត​បាន​៣១​លើក​ប៉ុណ្ណោះ​។​
 
Manchester United បាន​ធ្លាក់​ទៅកាន់​លេខ​៦ ក្រោយ​ចាញ់ Wolverhampton Wanderers ២-១ មាន​៦១​ពិន្ទុ ខណៈ Chelsea ឡើងទៅ​លេខ​៥​វិញ​បន្ទាប់ពី​ឈ្នះ Brighton & Hove Albion ៣-០ មាន​៦៣​ពិន្ទុ ពី​ការប្រកួត​៣២​លើក​ដូចគ្នា​។​
 
​ដោយឡែក Manchester City បាន​ឡើងទៅ​ឈរ​នៅ​កំពូល​តារាង​ជំនួស Liverpool វិញ​បន្ទាប់ពី​ពួកគេ​រកបាន​៣​ពិន្ទុ​បន្ថែម​ពី​ការ​ឈ្នះ Cardiff City ២-០​។ ក្រុម​មេឃ​ខៀវ​មាន​៨០​ពិន្ទុ នាំមុខ​ហង្ស​ក្រហម​១​ពិន្ទុ​ពី​ការប្រកួត​៣២​លើកចុងក្រោយ ខណៈ​នៅសល់​៦​ប្រកួត​ទៀត​សម្រាប់​ពួកគេ​ប្រជែង​គ្នា​ដណ្តើម​ជើងឯក​ពាន​លំដាប់​កំពូល​អង់គ្លេស​រដូវ​កាល​២០១៨-១៩​នេះ​៕​



Tag:
 បាល់ទាត់​
  Son Heung-min
  Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com