អន្តរជាតិ
ចំខួបទី៧០ឆ្នាំនៃណាតូ អាមេរិកពន្លះអាល្លឺម៉ង់ និងតួកគីដែលរកស៊ីជាមួយរុស្ស៊ី កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃរដ្ឋសមាជិកសម្ព័ន្ធយោធាណាតូនៅអាមេរិក។ (រូបភាព AFP)
× ខួបទី៧០ឆ្នាំនៃការបង្កើតសម្ព័ន្ធយោធាណាតូនៅឆ្នាំ២០១៩ បែរជាឡោមព័ទ្ធដោយរឿងមិនល្អទៅវិញ។ ភាពតានតឹងបានកើតឡើងរវាងអាមេរិក និងដៃគូជាសមាជិកសម្ព័ន្ធយោធានេះពីរទៀត គឺតួកគី និងអាល្លឺម៉ង់។ អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន បានប្រើពាក្យខ្លាំងៗដើម្បីរិះគន់ក្រុងបែរឡាំង និងក្រុងអង់ការ៉ាដែលរកស៊ីជាមួយរុស្ស៊ី ទោះជារុស្ស៊ីជាសត្រូវធំដែលសមាជិកណាតូទាំងអស់ត្រូវរួមគ្នាប្រឆាំងដាច់ខាតក៏ដោយ។
រដ្ឋមន្ត្រីការបរទេសមកពីរដ្ឋសមាជិកសម្ព័ន្ធយោធាណាតូ បានជួបជុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោនដើម្បីរំឭកខួបទី៧០ឆ្នាំនៃការបង្កើតសម្ព័ន្ធយោធាដែលមានឈ្មោះថា សន្ធិសញ្ញាអាត្លង់ទិកខាងជើង។ ជាសន្ធិសញ្ញាការពារមួយ ណាតូមានគោលដៅចម្បងបំផុតគឺការពារអឺរ៉ុបពីការគំរាមកំហែងរបស់រុស្ស៊ីដែលនៅក្បែរអឺរ៉ុបជាងគេ។ យ៉ាងណាមិញ កម្មវិធីអធិកអធមមួយនេះ បែរជាចោមរោមដោយពាក្យមិនប្រពៃរបស់មេដឹកនាំលំដាប់ទីពីររបស់អាមេរិកទៅវិញ។
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន បានរិះគន់ខ្លាំងៗដោយមិនប្រណីមាត់អ្វីឡើយលើសមាជិកណាតូពីរប្រទេសមានអាល្លឺម៉ង់ជុំវិញការចំណាយតិចស្ដួចស្ដើងសម្រាប់សម្ព័ន្ធយោធាមួយនេះ និងតួកគីដែលទិញសព្វាវុធពីរុស្ស៊ី។ ថ្លែងក្នុងវេទិកាមួយនៅថ្ងៃទី៣ ខែមីនា លោក ផេន ប្រាប់ឲ្យអាល្លឺម៉ង់បង្កើនការចំណាយរបស់ខ្លួនទៀត ព្រោះអាមេរិកមិនអាចធានាពីសុវត្ថិភាពលោកខាងលិចបានឡើយ បើសម្ព័ន្ធមិត្តរបស់ខ្លួននៅតែពឹងផ្អែកខ្លាំងលើរុស្ស៊ីទៅវិញ។
តាមពិតទៅ រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ មិនសប្បាយចិត្តនឹងការចំណាយច្រើនជាងគេក្នុងខ្ទង់ចំណាយរបស់សម្ព័ន្ធយោធាមួយ។ លោក ផេន ក៏ពន្លះក្រុងបែរឡាំងទៀតថា វាជារឿងមិនអាចទទួលបានឡើយ ពេលប្រទេសសេដ្ឋកិច្ចធំជាងគេរបស់អឺរ៉ុប មិនអើពើគ្រោះថ្នាក់ក្បែរផ្ទះ ហើយមិនត្រូវមិនសូវខ្វល់ខ្វាយសន្តិសុខផ្ទាល់របស់ខ្លួន ព្រមទាំងសន្តិសុខរបស់សមាជិកដទៃទៅទៀត។
មិនត្រឹមរឿងចាយលុយនេះឡើយ អាមេរិករឹតតែមិនពេញចិត្តចំពោះអាល្លឺម៉ង់ដែលបន្តអនុវត្តគម្រោងសាងសង់បំពងបង្ហូរឧស្ម័ន Nord Stream 2 ជាមួយរុស្ស៊ី។ អាល្លឺម៉ង់ដែលត្រូវការថាមពលខ្លាំង បានចូលរួមគម្រោងជាមួយរុស្ស៊ីដែលអនុញ្ញាតឲ្យអាល្លឺម៉ង់បង្កើនការនាំចូលទ្វេដង ទោះអាមេរិកព្រមានក្ដី។ ជាថ្មីម្ដងទៀត អនុប្រធានាធិបតីអាមេរិករូបនេះលើកឡើងថា សេដ្ឋកិច្ចអាល្លឺម៉ង់អាចក្លាយជាចំណាប់ខ្មាំងរបស់រុស្ស៊ីទៀតផង។
ក្រៅពីអាល្លឺម៉ង់ លោក ផេន ក៏ឆ្លៀតរិះគន់តួកគីមួយទៀត។ បច្ចុប្បន្ននេះ តួកគី និងអាមេរិកកំពុងទាស់គ្នាលើគម្រោងទិញប្រព័ន្ធការពារ S-400 ពីសំណាក់តួកគី។ ខឹងនឹងរឿងនេះ អាមេរិកបានផ្អាកការផ្គត់ផ្គង់យន្តហោះ F-35 ទៅឲ្យតួកគីវិញ និងប្រាប់ឲ្យតួកគីបញ្ឈប់គម្រោងខ្លួន បើសិននៅចង់បានអាវុធអាមេរិកទៀត។ លោក ផេន ប្រាប់ផ្ដល់ពីរទៅតួកគី គឺទីមួយ បន្តជាដៃគូសំខាន់របស់ណាតូ ឬទីពីរ ត្រូវប្រឈមមុខហានិភ័យតាមរយៈការសម្រេចចិត្តដែលប៉ះពាល់ដល់សម្ព័ន្ធណាតូ។
យ៉ាងណាមិញ លក្ខខណ្ឌរបស់អាមេរិក សាបដូចទឹកចំពោះមុខតួកគី។ បើតាមទីភ្នាក់ងារព័ត៌មាន AFP រដ្ឋមន្ត្រីការបរទេសតួកគី Mevlut Cavusoglu និយាយថា កិច្ចព្រមព្រៀង S-400 ជាមួយរុស្ស៊ី ចប់សព្វគ្រប់ហើយ ហើយក៏មិនអាចបកក្រោយបានដែរ។ លោកអះអាងថា តួកគីធ្វើការជាមួយរុស្ស៊ី តែមិនមែនមានន័យថា តួកគីមិនខ្វល់ពីសម្ព័ន្ធណាតូ ហើយយល់តាមសម្ដីរុស្ស៊ីរហូតដែរ៕
Tag:
អាមេរិក
តួកគី
អាល្លឺម៉ង់
រុស្ស៊ី
ម៉ៃ ផេន
© រក្សាសិទ្ធិដោយ thmeythmey.com