ជាតិ
សេដ្ឋកិច្ច
លោក ប៉ាន សូរ​ស័ក្តិ ស្នើ​ឲ្យ​វិនិយោគិន​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​គោរព​ច្បាប់​ការងារ​
04, Apr 2019 , 10:19 pm        
រូបភាព
​ក្រសួងពាណិជ្ជកម្ម ស្នើ​ឲ្យ​វិនិយោគិន និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ត្រូវគោរព​តាម​បទបញ្ញត្តិ​នៃ​លក្ខខណ្ឌ​ការងារ​ឲ្យ​កាន់តែ​ប្រសើ​ឡើង ក្នុងការ​ជំរុញ​ឲ្យ​ទីផ្សា​វាយ​ន​ភណ្ឌ​កម្ពុជា ប្រកួតប្រជែង​លើ​ទីផ្សារ និង​ក្លាយជា​ប្រទេស​គោលដៅ សម្រាប់​ការបញ្ជាទិញ​ពី​អន្តរជាតិ​ធំៗ​។ សម្រាប់​សហជីព រដ្ឋាភិបាល ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់ ចំពោះ​ថៅកែ​រោងចក្រ​ដែល​រំលោភ​សិទ្ធ​ការងារ​។​

 
​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​សក្តិ បានស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ លុបបំបាត់​ការរំលោភ​សិទ្ធ​ការងារ​ឱ្យបាន​ទាំងស្រុង ហើយ​អនុលោម​តាម​បទបញ្ញត្តិ​នៃ​លក្ខខណ្ឌ​ការងារ ដើម្បី​លើកកម្ពស់​កិត្តិនាម​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ស្បែកជើង​កម្ពុជា​សំដៅ​ទាក់ទាញ​ការបញ្ជាទិញ​កាន់តែច្រើន​ពី​ទីផ្សារ​អន្តរជាតិ​ធំៗ នៅក្នុង​ពិភពលោក​។ ការ​ថ្លែង​របស់លោក​រដ្ឋមន្ត្រី​បែបនេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំត្រីមាស ស្តីពី​ការអនុវត្ត​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) ដើម្បី​តាមដាន​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា ជុំវិញ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​០៣ ខែមេសា ។​
 
​ដ្បិត​មានការ​អំពាវនាវ​ពី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បែបនេះ​ក្តី ប៉ុន្តែ​វា​ក៏​មិនអាច​ធានាបាន​ថា ការរំលោភ​សិទ្ធិ​ការងារ​ត្រូវ​បំបាត់​ទាំងស្រុង​ដែរ​។ លោក អាត់ ធន  ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ី​ខៅ​ឌូ (CCAWDU) ដែល​ដឹង​ពី​បញ្ហា​កម្មករ​នោះ បាន​និយាយថា ស្ថានភាព​សិទ្ធិ​កម្មករ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​នៅតែ​ជួប​ការលំបាក និង​មិនទាន់មាន​ភាពប្រសើ​ឡើង​នោះទេ ។ បញ្ហា​ដែល​លោក អាត់ ធន បាន​មើលឃើញ​នោះ គឺ​បញ្ហា​លក្ខខណ្ឌ​ការងារ​ប​ស់កម្មករ​រោងចក្រ ប្រាក់​ឈ្នួល​នៅ​តិច និង​សុ​វត្តិភាព​នៅ​កន្លែងធ្វើការ និង​បញ្ហា​ប្រឈម​នៃ​សហជីព​ឯករាជ្យ​ជាដើម​។ 
 
 
​ដើម្បី​ដោះស្រាយ​បញ្ហា​រំលោភសិទ្ធិ​ការងារ​ឲ្យ​បាន​ទាំងស្រុង​នោះ លោក អាត់ ធន យល់ឃើញថា រដ្ឋាភិបាល​គួរតែ​ដាក់ចេញ​នូវ​វិធានការ​ផ្លូវច្បាប់​ឲ្យ​រឹងមាំ​ថែមទៀត ទៅលើ​ថៅកែ​រោងចក្រ​ប្រព្រឹត្ត​ខុស គួរតែ​បិត​រោងចក្រ ឬ​ជាប់ពន្ធនាគារ​។ លោក​បាន​អះអាងថា​តាម​បទពិសោធ​ដែល​លោក​ធ្វើការ​លើ​វិស័យនេះ មិនដែល​ឃើញ​ថៅ​តែ​រោងចក្រ​ប្រឈម​ផ្លូវច្បាប់​នោះទេ ហើយ​ពេលខ្លះ​មាន​អ្នកមានអំណាច​ជួយ​ការពារ​ថោ​កែ​ទៀតផង​។ លោក​បានស្នើ​ឲ្យ​ដល់​រដ្ឋាភិបាល​ថា ក្នុងពេល​បច្ចុប្បន្ននេះ រដ្ឋាភិបាល​គួរតែ​តាមដាន​ការអនុវត្ត​ច្បាប់​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ដាក់​ទោសទណ្ឌ​លើ​អ្នកប្រព្រឹត្ត ទើប​ជា​រឿង​ដែល​ល្អប្រសើរ និង​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកបញ្ជា​ទិញ​។  
 
​លោក​បាន​និយាយថា​៖«​គាត់ (​ថៅកែ​) ធ្វើ​ខុស​មិន​ដែលមាន​បញ្ហា​អ្វី​ផង មានតែ​ចាប់​កម្មករ​ដាក់គុក មិនដែល​ចាប់​ថៅកែ​ផង​។ នៅ​ស្រុក​គេ​គេ​ចាប់ បើសិន​ថៅ​តែ​ខូច​។ ដូច្នេះ​ថៅកែ​ម៉េច​ហ៊ាន​ខូច​។ យើង​(​កម្ពុជា​)​មិនដែល​មាន​នរណា​ចាប់​ថៅកែ​ដាក់គុក​ផង ចាប់​តែ​កម្មករ ដូច្នេះ​ថៅកែ​នៅតែ​រំលោភសិទ្ធិ​ការងារ​។ ពេលខ្លះ​មាន​អ្នកធំ​នៅ​កាង​ពីក្រោយ​ទៀត ឬ​អ្នកធំ​ធ្វើ​ទីប្រឹក្សា​ឲ្យ​ក្រុមហ៊ុន​ទៀត ដូច្នេះ​ថៅកែ​កាន់តែ​លែង​ខ្លា​ចឡើង​»​។ 
 
​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) ដែល​បានធ្វើការ​អង្កេត​ទៅលើ​ប្រតិបត្តិការ​រោងចក្រ​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា រកឃើញថា​លក្ខខណ្ឌ​ការងារ​ក្នុង​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា កំពុងមាន​ភាពប្រសើរ​ឡើង និង ពលកម្ម​កុមារ​នៅក្នុង​វិស័យនេះ​បាន​ថយចុះ​ផងដែរ​។ ប៉ុន្តែ​ការរំលោភ​សិទ្ធិ​នៅតែមាន​ដូចជា ការរើសអើង​, ការងារ​ដោយ​បង្ខំ​, សេរីភាព​នៃ​ការបង្កើត​អង្គការ​វិជ្ជាជីវៈ​នៅតែមាន​បញ្ហា​ច្រើន​។  ILO ស្នើ​ឲ្យ​រោងចក្រ​កាត់ដេរ​ទាំងអស់ អនុលោម​តាមច្បាប់​ជាតិ និង​អន្តរជាតិ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ ILO ឆ្នាំ​២០១៨​។ 
 
​សូមជម្រាបថា វិស័យ​កាត់ដេរ​បាន​បង្កើត​ចំណូល​ជាង​៧០​ភាគរយ នៃ​ចំណូល​នាំចេញ​សរុប​របស់​កម្ពុជា ហើយ​ពលរដ្ឋ​កម្ពុ​ជាជាង ៦៥០, ០០០​នាក់ កំពុងធ្វើការ​ក្នុង​វិស័យនេះ ដែល​ភាគច្រើន​ជា​ស្ត្រី​៕
 

Tag:
 វាយ​ន​ភណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com