កីឡាអន្តរជាតិ
អន្តរជាតិ
Wolves ត្រៀម​៤០​លាន​ដុល្លារ​ដើម្បី​ទិញយក Jimenez ពី Benfica
04, Apr 2019 , 5:03 pm        
រូបភាព
Wolverhampton Wanderers នៅ​ថ្ងៃទី​៤ ខែមេសា​នេះ​បានបញ្ជាក់​ពី​ការបញ្ចេញ​ខ្ទង់ចំណាយ​ជា​កំណត់ត្រា​ក្លិប​ដើម្បី​ទិញ​ផ្តាច់​យក​ខ្សែប្រយុទ្ធ Raul Jimenez ពី Benfica ក្នុងតម្លៃ ៣០​លាន​ផោន (៤០​លាន​ដុល្លារ​អាមេរិក​)​។​


 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ម៉ិ​ក​ស៊ិ​ក វ័យ​២៧​ឆ្នាំ​រូបនេះ​ត្រូវបាន Wolves ខ្ចី​ជើង​ពី​ក្រុម​នៅ​លី​គ​កំពូល​ព័រ​ទុយ​ហ្គា​ល់ Benfica កាលពី​ខែមិថុនា ឆ្នាំ​២០១៨ និង​បាន​បញ្ចេញ​សមត្ថភាព​លេចធ្លោ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​ក្របខណ្ឌ Premier League រដូវ​កាល​នេះ​។ 
 
Jimenez ស៊ុត​បញ្ចូល​ទី​បាន​១៥​គ្រាប់​ហើយ​ក្នុងការ​បង្ហាញខ្លួន ៣៧​លើក និង​ជួយ​ក្រុម​រហស្សនាម​ចចក​ខ្មៅ​ទទួលបាន​ចំណាត់ថ្នាក់​ទី​៧​នៅក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស​គិត​ត្រឹម​សប្តាហ៍​ទី​៣២​។ អតីត​កីឡាករ Atlético Madrid រូបនេះ​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ Wolves យកឈ្នះ Manchester United ដើម្បី​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ FA Cup ដោយ​ត្រូវ​តទល់​ជាមួយ Watford នៅ​ថ្ងៃទី​៦ ខែមេសា​នេះ​។​

  
 
​សមិទ្ធផល​ដ៏​គាប់ប្រសើរ​នេះ បានធ្វើ​ឲ្យ Wolves សម្រេច​ត្រៀម​ប្រាក់​ដ៏​ច្រើនសន្ធឹក​មិន​ធ្លាប់មាន​ដល់​ទៅ​៤០​លាន​ដុល្លារ​អាមេរិក​ដើម្បី​យក Jimenez មកកាន់​ទឹកដី Molineux Stadium តែម្តង​។ Wolves ធ្លាប់​បង្កើត​កំណត់ត្រា​ទិញ​កីឡា​ថ្លៃ​បំផុត​ប្រចាំ​ក្លិប​កាលពី​ឆ្នាំ​២០១៨ សម្រាប់​តម្លៃ​ខ្លួន​ខ្សែប្រយុទ្ធ Adama Traore ពី Middlesbrough ជិត​២៤​លាន​ដុល្លារ​អាមេរិក​។ 
 
 Jimenez បាន​ផ្លាស់​ចេញពី AT-Madrid ទៅ​ចូលរួម​ជាមួយ Benfica កាលពី​ឆ្នាំ ២០១៥ ដោយ​ស៊ុត​បញ្ចូល​ទី​បាន​៣១​គ្រាប់ ក្នុង​១២០​ប្រកួត និង​ជួយ​ក្រុម​នេះ​ឈ្នះ​ជើងឯក Primera Liga របស់​ព័រ​ទុយ​ហ្គា​ល់ ២​រដូវ​កាល​ជាប់​គ្នា ២០១៥-១៦ និង ២០១៦-១៧ ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com