ជាតិ
ស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យដែលមានទំហំ៦០ មេហ្កាវ៉ាត់ បានដាក់ឲ្យដំណើរការ
× ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជាបានដាក់ឲ្យដំណើរការស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យមានអានុភាព ៦០ មេហ្កាវ៉ាត់ ដើម្បីជួយបំពេញដល់ការខ្វះអគ្គិសនីប្រើប្រាស់នៅចុងរដូវប្រាំងឆ្នាំ២០១៩ ដែលស្ថិតនៅត្មាតពង ខេត្តកំពង់ស្ពឺ។ អាជ្ញាធរអះអាងថា ក្នុងដំណាក់កាលដំបូងនេះ ស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អាចបញ្ចេញថាមពលអគ្គិសនីបានចំនួន ២០ មេហ្កាវ៉ាត់។
យោងតាមទំព័រហ្វេសប៊ុករបស់អាជ្ញាធរអគ្គិសនី គណៈប្រតិភូក្រសួងរ៉ែ និងថាមពល និងគណៈប្រតិភូអគ្គិសនីកម្ពុជា ដែលបានចុះទៅពិនិត្យប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យមានទីតាំងនៅត្មាតពង ខេត្តកំពង់ស្ពឺ ទំហំ ៦០ មេហ្កាវ៉ាត់ បន្ទាប់ពីបានធ្វើតេស្តសាកល្បងបញ្ជូនអគ្គិសនីចូលប្រព័ន្ធបណ្តាញជាតិបានដោយសុវត្ថិភាព និងជោគជ័យ។
រដ្ឋាភិបាលកម្ពុជាបានកាត់ផ្ដាច់ចរន្តអគ្គិសនី ៦ម៉ោងជារៀងរាល់ថ្ងៃ ដោយឆ្លាស់ពីតំបន់មួយ ទៅតំបន់មួយ ដើម្បីសន្សំសំចៃថាមពលអគ្គិសនីដែលកំពុងមានការកង្វះខាតនៅក្នុងដើមឆ្នាំនេះ ខណៈថ្ងៃចុងសប្តាហ៍និងថ្ងៃបុណ្យជាតិដំណើរការធម្មតា។ តាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គិសនីកម្ពុជា ការផ្ដាច់ចរន្តថាមពលអគ្គិសនីនឹងបន្តរហូតដល់ចុងខែឧសភា លើកលែងតែមានភ្លៀងធ្លាក់មុនចុងខែឧសភាប៉ុណ្ណោះទើបការផ្គត់ផ្គង់ត្រឡប់មកប្រក្រតីវិញ៕
Tag:
អគ្គិសនី
ព្រះអាទិត្យ
© រក្សាសិទ្ធិដោយ thmeythmey.com