អន្តរជាតិ
អាមេរិកដកទិដ្ឋាការពីរដ្ឋអាជ្ញា ICC ព្រោះស៊ើបអង្កេតក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន លោកស្រី Fatou Bensouda រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ។ (រូបភាព EPA)
× សហរដ្ឋអាមេរិក បានសម្រេចចិត្តដកទិដ្ឋាការរបស់រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ហើយ។ នេះបើតាមការប្រកាសរបស់ការិយាល័យរដ្ឋអាជ្ញានៃតុលាការអន្តរជាតិមួយនេះ។ ការលុបចោលទិដ្ឋាការចូលទឹកដីអាមេរិកនេះ ជាវិធានការមួយរបស់ក្រុងវ៉ាស៊ីនតោនដែលបានគំរាមចាត់ការលើមន្ត្រីតុលាការ ICC ជុំវិញការបើកការស៊ើបអង្កេតក្នុងសំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាមនៅអាហ្វហ្គានីស្ថានដែលបង្កដោយទាហានអាមេរិក។
រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លោកស្រី Fatou Bensouda មិនអាចជាន់ទឹកដីអាមេរិកឡើយ បើចង់ស៊ើបអង្កេតលើលទ្ធភាពដែលយោធាអាមេរិកប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអាហ្វហ្គានីស្ថាន។ ការិយាល័យលោកស្រីប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែមេសា ថា អាមេរិកបានលុបចោលទិដ្ឋាការរបស់លោកស្រីរដ្ឋអាជ្ញាបាត់ហើយ។
ការបើកការស៊ើបអង្កេតលើសំណុំរឿងសង្គ្រាមនៅអាហ្វហ្គានីស្ថាន ធ្វើឲ្យអាមេរិកក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង។ កាលពីខែមុន រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ បានគំរាមដក ឬបដិសេធសំណើសុំទិដ្ឋាការរបស់មន្ត្រីតុលាការព្រហ្មទណ្ឌអន្តរជាតិដែលស៊ើបអង្កេតលើអាមេរិក ឬសម្ព័ន្ធមិត្តរបស់ខ្លួន។ មន្ត្រីអាមេរិកខ្លះថែមទាំងគំរាមកាត់ទោសចៅក្រមតុលាការអន្តរជាតិមួយទៅទៀត បើហ៊ានប៉ះពាល់យោធាអាមេរិកនោះ។
យ៉ាងណាមិញ ការិយាល័យលោកស្រី Fatou Bensouda អះអាងថា សកម្មភាពរបស់អាមេរិកបែបនេះ នឹងមិនប៉ះពាល់ដល់ការធ្វើដំណើររបស់លោកស្រីទៅកាន់អង្គការសហប្រជាជាតិឡើយ។ ទោះបីជា ICC មិនស្ថិតក្រោមអង្គការសហប្រជាជាតិក៏ដោយ លោកស្រីរដ្ឋអាជ្ញារូបនេះតែងធ្វើដំណើរទៅកាន់ទីស្នាក់ការនៅទីក្រុងញូវយ៉ក ដើម្បីរាយការណ៍ឲ្យក្រុមប្រឹក្សាសន្តិសុខពីសំណុំរឿងដែលលោកស្រីទទួលបាន។
សម្រាប់ការធ្វើដំណើរក្នុងក្របខណ្ឌជំនួបនៅអង្គការសហប្រជាជាតិ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់និយាយថា ការស្នើសុំទិដ្ឋាការការទូតទៅប្រជុំ UN នៅតែចំហដដែល។ ប៉ុន្តែមន្ត្រីរូបនេះប្រាប់ឲ្យអ្នកពាក់ព័ន្ធដាក់ពាក្យស្នើឲ្យបានឆាប់តាមតែអាចធ្វើបានដើម្បីមានឱកាសខ្ពស់ក្នុងការទទួលបានទិដ្ឋាការ។
សូមបញ្ជាក់ថា អាមេរិកមិនមែនជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមដែលលិខិតូបករណ៍ផ្នែកច្បាប់ដើម្បីបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិឡើយ ដូចគ្នានឹងរុស្ស៊ីដែរ។ ជាភាគីនៃតុលាការនេះ រដ្ឋសមាជិកស្ថិតក្រោមយុត្តាធិការរបស់តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ។ យ៉ាងណាចុះ ការិយាល័យរដ្ឋអាជ្ញាបញ្ជាក់ច្បាស់ថា លោកស្រី Fatou Bensouda នឹងបំពេញការងាររបស់ខ្លួនដោយគ្មានការយោគយល់ ឬបារម្ភអ្វីឡើយ។
គិតតាំងពីឆ្នាំ២០១៧ មក លោកស្រីរដ្ឋអាជ្ញាកំពុងស៊ើបអង្កេតពីការសង្ស័យពាក់ព័ន្ធឧក្រិដ្ឋកម្មសង្គ្រាមដែលបង្កដោយភាគីទាំងអស់ក្នុងសង្គ្រាមអាហ្វហ្កានីស្ថានរួមទាំងការសង្ស័យលើសកម្មភាពយោធាអាមេរិកក្នុងការឃាត់ខ្លួនជនសង្ស័យផង។ ចំណែកឯចៅក្រមវិញកំពុងត្រួតពិនិត្យភស្តុតាងនានាដូចគ្នា ប៉ុន្តែមិនទាន់ឈានដល់ការសម្រេចចិត្តបើកការស៊ើបអង្កេតជាផ្លូវការនៅឡើយទេ៕
Tag:
អាមេរិក
ICC
អាហ្វហ្កានីស្ថាន
Fatou Bensouda
© រក្សាសិទ្ធិដោយ thmeythmey.com