កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ព្រមាន​ចេញមុខ​ដោះស្រាយ​ឲ្យ​កីឡាករ បើ​អាជ្ញាកណ្តាល ចៅក្រម​កាត់ក្តី​មិន​យុត្តិធម៌​
05, Apr 2019 , 11:29 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាលនិងអាហារសាមគ្គីជាមួយមហាគ្រួសារកីឡានៅកោះពេជ្រ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាលនិងអាហារសាមគ្គីជាមួយមហាគ្រួសារកីឡានៅកោះពេជ្រ
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចេញមុខ​ដោះស្រាយ​ជូន​កីឡាករ បើ​អាជ្ញាកណ្តាល​ចៅក្រម​កាត់ក្តី​មិន​យុត្តិធម៌​។ ការព្រមាន​បែបនេះ បន្ទាប់ពី​មានរឿង​អយុត្តិធម៌​ក្នុងការ​កាត់ក្តី​មួយចំនួន​បានកើត​ឡើង​នៅតាម​ស្ថានីយទូរទស្សន៍ ជាពិសេស​លើ​វិស័យ​កីឡាប្រដាល់​នាពេល​កន្លងមក​។ សម្តេច ជំរុញ​ឲ្យ​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ត្រូវ​យកចិត្តទុកដាក់​លើ​ការបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដាក់ពិន្ទុ​ដល់​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​។​

 


 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាស់តឿន​ឲ្យ​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​លើ​ប្រភេទ​កីឡាប្រដាល់​គុន​ខ្មែរ​ត្រូវ​កាត់ក្តី​ឲ្យ​ត្រឹមត្រូវ និង​យុត្តិធម៌​ដល់​កីឡាករ កីឡាការិនី​ទាំង​កម្ពុជា​និង​បរទេស​។ សម្តេច​សង្កេតឃើញថា មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​មួយចំនួន​នៅមាន​ភាពខ្វះ​ចន្លោះ​ក្នុងការ​កាត់ក្តី និង​ដាក់ពិន្ទុ ដែលជា​ហេតុ​ធ្វើ​ឲ្យ​កីឡាករ​មួយចំនួន​រង​ភាពអយុត្តិធម៌​។ សម្រាប់​សម្តេច ការកាត់ក្តី​មិន​យុត្តិធម៌​អាចធ្វើ​ឲ្យ​កីឡាករ​បាក់​ទឹកចិត្ត និង​ប៉ះពាល់​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​ប្រទេសជាតិ​។ 


 
​ត្រង់ចំណុច​នេះ​សម្តេច​ព្រមាន​ចេញមុខ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​កីឡាករ​ដោយផ្ទាល់ បើសិន​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​មិន​កែប្រែ​ទម្លាប់​អាក្រក់ ហើយ​បន្ត​ឲ្យ​មានរឿង​អយុត្តិធម៌​បែបនេះ​កើតឡើង​ទៀត​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​រូបនេះ បាន​អះអាងថា ពេលខ្លះ​សម្តេច​មិន​ត្រឹមតែ​ទស្សនាការ​ប្រកួត​ប៉ុ​ណ្តោះ​ទេ ថែមទាំង​ថត​វីដេអូ​ការប្រកួត​នោះ​ទុក​ទៀតផង​។ 


 
​ទន្ទឹមនឹងនេះ​សម្តេច ហ៊ុន សែន ជំរុញ​ឲ្យ​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ត្រូវ​យកចិត្តទុកដាក់​បណ្តុះបណ្តាល​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម ពី​បច្ចេកទេស ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ក្នុងការ​ដាក់ពិន្ទុ​ឲ្យ​បាន​ត្រឹមត្រូវ​។ 


 
«​សូម​ឲ្យ​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​(​លោក តែម ម៉ឺន​)​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ការបណ្តុះបណ្តាល​អាជ្ញាកណ្តាល និង​ក្រមសីលធម៌​នៃ​អាជ្ញាកណ្តាល បើសិនជា​មិន​ព្រម​កែប្រែ​ទេ ខ្ញុំ​នឹង​ចេញមុខ​រក​ដំណោះស្រាយ​ជូន​កីឡាករ​របស់​យើង ព្រោះ​ពួកគេ​រង​នូវ​អំពើ​អយុត្តិធម៌ ដែល​ខ្ញុំ​មិន​និយាយ​»​។ ការព្រមាន​បែបនេះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើឡើង​ក្នុង​ពិធី​ជួបជុំ​មហា​គ្រួសារ​កីឡា និង​ពិសារ​អាហារ​សាមគ្គី​កាលពី​ល្ងាច​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​


 
​ការជួប​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​មហា​គ្រួសារ​កីឡា​លើក​ទី​៤​នេះ មាន​ថ្នាក់ដឹកនាំ មន្ត្រី គ្រូបង្វឹក អត្ត​ព​លិ​ក និង​អ្នកពាក់ព័ន្ធ​វិស័យ​កីឡា​ជាង​៤​ពាន់​នាក់​ចូលរួម​។ បើ​ធៀប​នឹង​ឆ្នាំមុន​កើនឡើង​ជាង​៥០០​នាក់ ដែលមាន​ត្រឹមតែ​ជាង​៣​ពាន់​នាក់​៕     
 




Tag:
 សម្តេច ហ៊ុន សែន​
  ប្រដាល់​គុន​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com