ជាតិ
សង្គមជាតិ
ជ្រូក៤០០ក្បាលងាប់ និង១០០ក្បាលសម្លាប់ចោលនៅរតនគិរី ដោយសារឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកពីវៀតណាម
× ភ្នំពេញ៖ ជ្រូក៤០០ក្បាលបានងាប់ និង១០០ក្បាលទៀត ត្រូវបានអគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានសុខភាព និងផលិតផលកម្មសត្វ ប្រមូលមកសម្លាប់ចោល ដោយសារមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលឆ្លងពីប្រទេសវៀតណាម។ ជំងឺនេះបានចម្លងទៅសត្វជ្រូកក្នុងកសិដ្ឋាន ដែលនៅក្នុងឃុំសោមធំ ស្រុកអូរយ៉ាវដាវ ខេត្តរតនគិរី កាលពីថ្ងៃទី២២ ខែមីនា មកម្ល៉េះ។
លោក តាន់ ផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បាននិយាយថា មូលហេតុដែលនាំឲ្យមានជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ដោយសារតែពលរដ្ឋខ្មែរដែលរស់នៅតំបន់ឃុំសោមធំ ស្រុកអូរយ៉ាវដាវ នោះ បានដោះដូរទំនិញជ្រូកជាមួយភាគីវៀតណាមទៅវិញទៅមក ដែលជាហេតុធ្វើឲ្យជ្រូកនៅកម្ពុជាមានជំងឺប៉េស្តជ្រូកអាហ្វ្រិក។ បើតាមលោក តាន់ ផាន់ណារ៉ា រហូតមកដល់ពេលនេះក្រុមការងាររបស់លោក កំពុងតែប្រមូលទិញជ្រូកពីកសិករចិញ្ចឹមជ្រូកដើម្បីសម្លាប់ចោល ហើយក៏បានបាញ់ថ្នាំសម្លាប់មេរោគដែលមាននៅតំបន់នោះផងដែរ ដើម្បីទប់ស្កាត់ជំងឺមិនឲ្យរាតត្បាតឆ្លងទៅតំបន់ផ្សេងៗទៀតឡើយ ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក តាន់ ផាន់ណារ៉ា បាននិយាយដូច្នេះថា៖ «ដើម្បីទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនឲ្យរាតត្បាតជាបន្តទៀតនោះ យើងក៏បានចាត់វិធានការកំណត់តំបន់ទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកក្នុងរង្វង់កាំ៣គីឡូម៉ែត្រ គឺមិនឲ្យមានចរាចរណ៍ការនាំចូលសត្វជ្រូកឡើយ ហើយក្នុងរង្វង់កាំ១០គីឡូម៉ែត្រទៀត ក្រុមការងាររបស់យើងក៏កំពុងតែអនុវត្ត និងទប់ស្កាត់ជាបន្តទៀតដែរ»។
លោក តាន់ ផាន់ណារ៉ា បានបន្ថែមថា ជំងឺប៉េស្តជ្រូកនេះ ទើបតែកើតមានតែនៅខេត្តរតនគិរីតែប៉ុណ្ណោះ ហើយវាក៏មិនមែនជាជំងឺដែលចម្លងទៅមនុស្សឡើយ។ ជាមួយគ្នានេះលោកក៏បានអំពាវនាវដល់ពលរដ្ឋដែលរស់នៅតាមព្រំដែនដែលជាប់ប្រទេសវៀតណាមដូចជា ខេត្តក្រចេះ ស្ទឹងត្រែង និងមណ្ឌលគីរី កុំជួញដូរសត្វជ្រូកដែលមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក។
គួរបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងលើកដំបូងនៅឆ្នាំ១៩០៧ នៅប្រទេសកេនញ៉ា ហើយវាបានផ្ទុះឡើងជាបន្តបន្ទាប់ទៅតាមបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក និងចុងក្រោយ ជំងឺនេះបានផ្ទុះឡើងនៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបក្នុងឆ្នាំ២០១៨ រួចបន្តរាលឆ្លងចូលក្នុងប្រទេសចិន ។បច្ចុប្បន្នជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ កំពុងបន្តរាលដាលតាមបណ្តាខេត្តមួយចំនួននៅប៉ែកខាងជើង និងកណ្តាលនៃប្រទេសវៀតណាម៕
Tag:
ជ្រូក
ជំងឺប៉េសជ្រូកអាហ្វ្រិ
វៀតណាម
សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com