ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​កសិកម្ម បញ្ជា​ឲ្យ​បំផ្លាញចោល​ជ្រូក​មាន​ផ្ទុក​ជំងឺ ដើម្បី​ទប់ស្កាត់​ការរីក​រាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​
05, Apr 2019 , 4:31 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រោយពី​មាន​ករណី​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​ធ្វើ​ឲ្យ​ជ្រូក​៥០០​ក្បាល​ងាប់​នៅ​រតនគិរី​មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចាត់​ឲ្យ​ក្រុមការងារ​៣​ក្រុម​រួមគ្នា​ទប់ស្កាត់​ការផ្ទុះ​រាលដាល​ជំងឺ​នេះ​។ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ បាន​កើតឡើង​នៅក្នុង​ភូមិ​សោម​កា​និ​ញ ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគិរី​។​

 
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្គាប់​ឲ្យ​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ ត្រូវ​ចាត់វិធានការ​ព្យាបាល និង​បោសសម្អាត​ជាបន្ទាន់​នៅ​តំបន់​ផ្ទុះ​ជំងឺ ដោយ​ត្រូវ​បំផ្លាញចោល​សត្វ​ជ្រូក​ដែលមាន​ផ្ទុក​ជំងឺ​, ផ្អាក​ការទិញ លក់ សត្វ​ជ្រូក និង​សាច់ជ្រូក​ដែលមាន​ផ្ទុក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ ជាមួយគ្នា​ផងដែរ លោក វេ​ង សាខុន ក៏​ចាត់វិធានការ​ឲ្យ​ពលរដ្ឋ​ផ្អាក​ការជួញដូរ​សត្វ​ជ្រូក និង​សាច់ជ្រូក​ជា​បណ្តោះអាសន្ន​សិន ដើម្បី​រួមចំណែក​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ ក្រោយពី​ជំងឺ​នេះ​បាន​ទប់ស្កាត់​រួច ក្រសួង​នឹង​ប្រកាស​ឲ្យ​ជួញដូរ​ដូច​ធម្មតា​វិញ​។ 
 
​ក្រុមការងារ​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​ក្រសួង​បញ្ចូនទៅ​ខេត្តរតនគិរី​នោះ រួមមាន ក្រុមទី​១ អនុវត្ត​វិធាន​ជីវ​សុ​វត្តិភាព កំទេច​,​កប់​សត្វ​មាន​ជំងឺ និង​បាញ់ថ្នាំ​។ ក្រុមទី​២ អន្តរាគមន៍​ទប់ស្កាត់​ចលនា​សត្វ​ចេញ ចូលក្នុង​តំបន់​ផ្ទុះ​ជំងឺ​ក្នុង​កាំ​រង្វង់​៣​គីឡូម៉ែត្រ និង​ក្រុមទី​៣ អង្កេត និង​ត្រួតពិនិត្យ​ក្នុង​តំ​ដើម្បី​រក​វត្តមាន​រាលដាល​ជំងឺ​។ ក្រុមការងារ​ទាំងនោះ​នឹង​សហការគ្នា ពង្រឹង​ការទប់ស្កាត់​ចលនា​សត្វ​ជ្រូក និង​សាច់ជ្រូក ចេញពី​តំបន់​ផ្ទុះ​ជំងឺ​ដោយ​សុវត្ថិភាព​ប្រកបដោយ​ប្រសិទ្ធភាព​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​
 
 
​បើតាម​ការបញ្ជាក់​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ជំងឺ​នេះ​ពុំ​ឆ្លង និង​ប៉ះពាល់​ដល់​មនុស្ស​ទេ ប៉ុន្តែ​ជំងឺ​នេះ​បណ្តាល​ឲ្យ​ជ្រូក​ឈឺ និង​ងាប់​មាន​អត្រា​ខ្ពស់​ដល់​១០០​ភាគរយ ដែល​បង្ក​ការ​ខាត​ធ្ងន់​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​តែប៉ុណ្ណោះ​។ 
 
​គួរ​បញ្ជាក់ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះឡើង​លើកដំបូង​នៅ​ឆ្នាំ​១៩០៧ នៅ​ប្រទេស​កេ​ន​ញ៉ា ហើយ​វា​បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​ទៅតាម​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក និង​ចុងក្រោយ ជំងឺ​នេះ​បាន​ផ្ទុះឡើង​នៅ​បណ្តា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​ក្នុង​ឆ្នាំ​២០១៨ រួច​បន្ត​រាល​ឆ្លង​ចូលក្នុង​ប្រទេស​ចិន​។ បច្ចុប្បន្ន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ កំពុង​បន្ត​រាលដាល​តាម​បណ្តា​ខេត្ត​មួយចំនួន​នៅ​ប៉ែក​ខាងជើង និង​កណ្តាល​នៃ​ប្រទេស​វៀតណាម​៕ 
 

Tag:
 ជ្រូក​
 ​ក្រសួងកសិកម្ម​
 ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​
 ​សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com