ONE Championship
កីឡាជាតិ
ជាតិ
ហ៊ុន ច័ន្ទ​រាជ្យ រៀបរាប់​ពី​ផលចំណេញ​ក្រោយ​បង្កើត​សហព័ន្ធ​កីឡា​គុន​ចម្រុះ​កម្ពុជា​
05, Apr 2019 , 8:59 pm        
រូបភាព
លោក ហ៊ុន​ ចាន់រាជ្យ (ឈរកណ្តាលគេ) រួមជាមួយកូនសិស្សនៃក្លិប Cambodian Top Team
លោក ហ៊ុន​ ចាន់រាជ្យ (ឈរកណ្តាលគេ) រួមជាមួយកូនសិស្សនៃក្លិប Cambodian Top Team
​ដោយ​៖ ស៊ី​ធី​

​គ្រូបង្វឹក​ក្បាច់គុន​ចម្រុះ ហ៊ុន ច័ន្ទ​រាជ្យ បាន​រៀបរាប់​ផល​លំបាក​ជាច្រើន​មុន​ការបង្កើត​សហព័ន្ធ និង បង្ហើប​អំពី​ផលចំណេញ​ក្រាស់ក្រែល ក្រោយ​បង្កើតបាន​ក្បាលម៉ាស៊ីន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កាលពី​ចុងឆ្នាំ ២០១៨ កន្លងមក​។

 
​លោក ហ៊ុន ច័ន្ទ​រាជ្យ ដែលមាន​តួនាទី​ជា​អគ្គលេខាធិការ​នៃ​សស​ព័ន្ធ​ក្មេងខ្ចី​មួយ​នេះ​បាន​ដៅ​ចំណុច​លំបាក​ខ្លះៗ យ៉ាង​ដូច្នេះ​៖« MMA ឬ ហៅថា​ក្បាច់គុន​ចម្រុះ​ហ្នឹង​ជា​ក្បាច់គុន​គេ​ទទួលស្គាល់​ជា​អន្តរជាតិ ពេល​យើង​មិនទាន់​បង្កើតជា​សហព័ន្ធ គេ​មិនសូវ​ទទួលស្គាល់​ដូច​សហព័ន្ធ​ដទៃ​នៅ​កម្ពុជា​ទេ ហើយ ការធ្វើការងារ​របស់​យើង​ក៏​ជួប​ផល​លំបាក​ច្រើន​ដែរ​ពាក់ព័ន្ធ​ការរត់​ការ ឬ រត់​ឯកសារ​ផ្លូវការ​នានា​។ យើង​អត់​មាន​សហព័ន្ធ  គឺ មិនទាន់​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ យុវជន និង កីឡា ហើយ យើង​ក៏​អត់​មាន​កញ្ចប់​ថវិកា​ពី​ក្រសួង​ដែរ​។ យើង​ត្រូវ​ប្រើប្រាស់​លុយ​ខ្លួនឯង​ច្រើន​។​»


 
​ផ្ទុយទៅវិញ​បន្ទាប់ពី​រៀបចំ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា រួចរាល់ គ្រូបង្វឹក​ដែល​ហាត់​ក្បាច់គុន​តាំងពី​អាយុ ៤ ឆ្នាំ​នៅ​អាមេរិក​រូបនេះ​លម្អិត​អំពី​ផលចំណេញ​ដូចជា មាន​ថ្នាក់​ដឹក​នាម​គ្រប់គ្រង​ច្បាស់លាស់ សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ក្លាយជា​សមាជិក​ពេញសិទ្ធិ​របស់​សហព័ន្ធ​កីឡា​គុន​ចម្រុះ​អន្តរ​ពិភពលោក​(WMMAF) សហព័ន្ធ​ជួយ​សម្រួល​កីឡាករ​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស ជួយ​ជ្រោមជ្រែង​កីឡាករ​របស់​ក្លិប​ជា​សមាជិក​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ ផ្សព្វផ្សាយ​ក្បាច់គុន​ចម្រុះ​របស់​កម្ពុជា​នៅ​ឆាក​អន្តរជាតិ និង បង្កើត​ទំនាក់​ជាមួយ​ស្ថាប័ន​រៀបចំ​ការប្រកួត​លំដាប់​ពិភព​លោកធំៗ ជាដើម​។ 
 
​គ្រូបង្វឹក​វ័យ ៣១ ឆ្នាំ​រូបនេះ​បាន​ប្ដេជ្ញា ទាំង​ការងារ​បង្វឹក និង​ការងារ​ពាក់ព័ន្ធ​នានា​ជាមួយ​ក្លិប​ក្រោមបង្គាប់ ដើម្បី​ជំរុញ​ឲ្យ កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ដើរទៅ​មុខ​។ លោក​ពួតដៃគ្នា​ជាមួយ​ថ្នាក់ដឹកនាំ​សហព័ន្ធ ជាពិសេស មាន ឯកឧត្ដម វ៉ាន់ ចំរើន ជា​ប្រធាន និង ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ជា​បង្គោល​។ លើសពីនេះទៅទៀត​មុន​បង្កើត​សហព័ន្ធ ក៏​ឯកឧត្ដម វ៉ា​ត់ ចំរើន បាន​ជួយ​ជ្រោមជ្រែង​ដល់​កីឡា​គុន​ចម្រុះ​យ៉ាងច្រើន រួមទាំង​ការឧបត្ថម្ភ​ដល់​កីឡាករ​ផ្ទាល់​ទៀតផង​។ ហើយ​លោក ហ៊ុន ច័ន្ទ​រាជ្យ ក៏បាន​ធ្វើការ​យ៉ាង​ដិតដល់​ជាមួយ​ឯកឧត្ដម អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​តាំងពី​មិនទាន់​បង្កើត​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​មកម្ល៉េះ​។ 


 
​ជាមួយគ្នានេះដែរ គ្រូបង្វឹក​ដែល​កើត​នៅ​អាមេរិក​រូបនេះ​សង្កត់ធ្ងន់​ទៀតថា ៖«​សហព័ន្ធ​ត្រូវ​បង្កើតឡើង​នេះ​គឺ ដើម្បី​បង្ហាញ​ក្បាច់គុន​ចម្រុះ​ខ្មែរ​ខ្លាំង ហើយ​ចេញទៅ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា ទទួលបាន​លទ្ធផល​ល្អ​។ សូម​យើងទាំងអស់គ្នា​ធ្វើ​អ្វីៗ ដើម្បី​ប្រយោជន៍​រួម កុំ​គិតថា​អញ​និយម អត់​នេះ​ធ្វើ​មិនបាន ទាល់តែ​មាន​ទើប​ធ្វើបាន​។ យើង​មិនត្រូវ​ច្រណែន គ្នា​ទេ ហើយ​ត្រូវ​រួមគ្នា​ដោះស្រាយ​ទាំងអស់គ្នា​ទើប​ក្បាច់គុន​របស់​យើង​ដើរទៅ​មុខ​។​» 
 
​គួរ​ដឹង​ដែរ​ថា សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​ត្រូវបាន​បង្កើតឡើង​នៅ​ខែ តុលា ឆ្នាំ ២០១៨ កន្លងទៅ ដែលមាន​សមាជិក​ប្រតិបត្តិ​ចំនួន ៩ រូប​។ ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជា​ប្រធាន​, លោក ម៉ក់ សំអុល និង លោក កែ ប៊ិន​សូរ​ស្មី ជា​អនុប្រធាន​, លោក ហ៊ុន ច័ន្ទ​រាជ្យ ជា​អគ្គលេខាធិការ , កញ្ញា ឈិន រី​យ៉ា ជា​អគ្គលេខាធិការរង​, លោក អន សុ​វុ​ឌ្ឍី​យ៉ា ជា​អគ្គហិរញ្ញិក​, កញ្ញា សេង សុខ​សេរី ជា​អគ្គហិរញ្ញិក​រង និង សមាជិក​២​រូប​ទៀត​គឺ លោក ធន សកល និង​លោក​គង់ ចាន់​ទីណា​៕ 
 

Tag:
 ONE Championship
  ហ៊ុន ច័ន្ទ​រាជ្យ
© រក្សាសិទ្ធិដោយ thmeythmey.com