ជាតិ
សេដ្ឋកិច្ច
ពលរដ្ឋ និង​ពាណិជ្ជករ​កម្ពុជា អាច​ទូទាត់​ប្រាក់រៀល នៅ​ប្រទេស​ថៃ​
05, Apr 2019 , 10:19 pm        
រូបភាព
រូបពីធនាគារជាតិកម្ពុជា
រូបពីធនាគារជាតិកម្ពុជា
​ភ្នំពេញ​៖ ប្រជាពលរដ្ឋ និង​ពាណិជ្ជករ​កម្ពុជា អាច​ទូទាត់​ប្រាក់រៀល​ក្នុងប្រទេស​ថៃ​បាន ក្រោយពី​ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារ Siam Commercial Bank នៃ​ប្រទេស​ថៃ បានដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​រវាង​ប្រទេស​ទាំងពីរ​តាមរយៈ QR «​អន្តរ​ប្រតិបត្តិការ​នៃ​ការទូទាត់​តាម​ប្រព័ន្ធ QR (Interoperable QR Payment)»​។ នេះ​បើ​យោងតាម​សេ​ក្តី​ប្រកាស​ព័ត៌មាន​នៃ​ធនាគារជាតិ​កម្ពុជា​។

 
​ការដាក់​ឲ្យ​ដំណើរការ​សាកល្បង​នៃ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​រវាង ធនាគារ​រ​ជាតិ​នៃ​កម្ពុជា និង Siam Commercial Bank (SCB) របស់​ប្រទេស​ថៃ និង​សាខា​របស់ខ្លួន​នៅ​កម្ពុជា បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៩ នៅ​ខេត្ត​ឈាង​រ៉ៃ ប្រទេស​ថៃ ដើម្បី​បន្ត​ការ​សហ​ការតភ្ជាប់​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ លើសពីនេះ ពាណិជ្ជករ និង​ភ្ញៀវទេសចរ​ថៃ អាច​ប្រើប្រាស់​កម្មវិធី​ធនាគារ​ចល័ត​តាមរយៈ​ទូរ​សព្ទ​ដៃ ដើម្បី​ស្កេ​ន QR code និង​ទូទាត់​សង​ប្រាក់​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ផងដែរ​។ ប្រទេស​ទាំងពីរ​នឹង​បន្ត​ធ្វើការ​ជាមួយគ្នា​ក្នុងការ​ពង្រីក​បណ្តាញ​ទូទាត់​ប្រាក់ ឆ្លងដែន​តាម​ប្រព័ន្ធ QR នេះ តាម​ធនាគារ​នៃ​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​នា​ថ្ងៃ​ខាងមុខ​។ 


 
​អន្តរ​ប្រតិបត្តិការ នៃ​ការទូទាត់​សង​ប្រាក់​តាម​ប្រព័ន្ធ QR នេះ​ត្រូវបាន​ធ្វើឡើង​តាម​ស្តង់ដារ EMV ដែល​អាច​សម្រួល​ដល់​ការទូទាត់​ឆ្លងដែន​រវាង​បុគ្គល និង​ពាណិជ្ជករ​ក្នុងប្រទេស​ទាំងពីរ ។ ជាពិសេស​កាត់បន្ថយ​ការចំណាយ និង​ការគាំទ្រ​ដល់​ការប្រើប្រាស់​រូបិយវត្ថុ​ក្នុងស្រុក​។​
 
​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​និយាយថា ការបង្កើត​នូវ​ប្រព័ន្ធ​ទូទាត់​តាមរយៈ QR code គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​ទាំងពីរ ដើម្បី​សម្រួល​ដល់​ការទូទាត់​សង​ប្រាក់​ឆ្លងដែន និង​កាត់បន្ថយ​ហានិភ័យ​និង​ការចំណាយ​ក្នុងការ​ទូទាត់​ជាដើម​។ 
 
​លោក Veerathai Santiprabhob ទេសាភិបាល ធនាគារកណ្តាល​ថៃ ចាត់ទុក​ដំណើរការ​ប្រតិបត្តិការ​រួមគ្នា​ជាការ​បោះជំហាន​មួយកម្រិត​ទៀត លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ភាគី​ទាំងពីរ ជាពិសេស​វិស័យ​ទេសចរណ៍ ខណៈដែល​កម្ពុជា ជា​ទិសដៅ​ទេសចរណ៍​ដ៏​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ​ថៃ​។ 


 
​បើតាម​លោក Veerathai Santiprabhob ការបង្ហាញ​នា​ថ្ងៃនេះ គឺ​គ្រាន់តែ​ជា​ជំហាន​ដំបូង​នៃ​អន្តរ​ប្រតិបត្តិការ​នៃ​ការទូទាត់​សង​ប្រាក់​តាម​ប្រព័ន្ធ QR រវាង​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​។ លោក​សង្ឃឹមថា ការអនុវត្ត​នេះ​នឹង​កាន់តែ​ទូលំទូលាយ​លើ​អន្តរ​ប្រតិបត្តិការ នៃ​ការទូទាត់​សង​ប្រាក់​តាម​ប្រព័ន្ធ QR នឹង​អាច​ធ្វើឡើង​កាន់តែច្រើន​ថែមទៀត តាមរយៈ​ធនាគារ​នៃ​ប្រទេស​ថៃ​និង​កម្ពុជា​។​
 
​លោក​បាន​និយាយថា​៖ «​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​ពិនិត្យឃើញ​ពី​វឌ្ឍនភាព​នៃ​ន​វា​នុ​វត្ត​ភាព​ហិរញ្ញវត្ថុ​នៅក្នុង​សេវា​ទូទាត់​ឆ្លងដែន​រវាង​កម្ពុជា​និង​ថៃ ជាពិសេស​ផ្តោតលើ​ការបង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ នៃ​អន្តរ​ប្រតិបត្តិការ​នេះ​»​។​
 
​គួររម្លឹកថា ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្តាល​ថៃ បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី កិច្ចសហប្រតិបត្តិការ​ក្នុង​ផ្នែក​ន​វា​នុ​វត្ត​ភាព​ហិរញ្ញវត្ថុ​និង​ប្រព័ន្ធ​ទូទាត់ នៅ​រាជធានី​ភ្នំពេញ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com