ជាតិ
តំណាង គ​.​ជ​.​ប សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​កម្ពុជា ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត​មូលដ្ឋាន​នៅ​ជប៉ុន​
06, Apr 2019 , 9:22 am        
រូបភាព
ប្រតិភូកម្ពុជានាជំនួបជាមួយអនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Kenji Yamada
ប្រតិភូកម្ពុជានាជំនួបជាមួយអនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Kenji Yamada
តូ​ក្យូ​៖ ប្រតិភូ​កម្ពុជា ៧​រូប ដែលមាន​តំណាង​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ខុមហ្វ្រែល និង​និក​ហ្វិ​ច រួមទាំង​អ្នកសារព័ត៌មាន ThmeyThmey ស្ថិតក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់ និង​ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត​ថ្នាក់មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​។ ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​មួយ​សប្តាហ៍​ដែល​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១០ ខែមេសា នេះ រៀបចំ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) និង​ក្រសួងការបរទេស​ជប៉ុន​។​






ការបោះឆ្នោត​ថ្នាក់មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​ដើម្បី​ជ្រើសរើស​អភិបាលខេត្ត ក្រុង ស្រុក ភូមិ (Prefectures, Cities, Towns, Villages) នឹង​ដំណើរ​នៅ​ថ្ងៃអាទិត្យ ទី​៧ ខែមេសា ឆ្នាំ​២០១៩ ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ប្រតិភូ​កម្ពុជា បាន​សិក្សា​ស្វែងយល់​ពី​និតិ​វិធី និង​ប្រព័ន្ធ​បោះឆ្នោត​នៅ​ជប៉ុន ដោយមាន​គ្រូឧទ្ទេស​ជំនាញ​ពី​សាកលវិទ្យាល័យ Keio University, មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បោះឆ្នោត​នៃ​ក្រសួង​កិច្ចការ​ផ្ទៃក្នុង និង​ទូរគមនាគមន៍​ជប៉ុន មន្ត្រី​រៀបចំ​ការបោះឆ្នោត​ថ្នាក់ជាតិ​របស់​ជប៉ុន ក៏ដូចជា​អ្នកជំនាញ JICA ដែល​ធ្លាប់​បំពេញបេសកកម្ម​ការងា​រ​នៅ​កម្ពុជា​ផងដែរ​។​



នា​ជំនួប​ស្វាគមន៍​ប្រតិភូ​កម្ពុជា លោក Kenji Yamada អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន បាន​អះអាង​ពី​កិច្ចប្រឹងប្រែង​របស់​ជប៉ុន​ក្នុងការ​ចូលរួម​លើកកម្ពស់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា តាមរយៈ​ការបោះឆ្នោត និង​ជំនួយ​ផ្សេងៗ​ទៀត តាំងពី​សម័យ​កសាង​សន្តិភាព​មក​។​

​លោក Yamada បាន​បញ្ជាក់ថា ទោះ​ស្ថានភាព​នយោបាយ​យ៉ាងណាក៏ដោយ ជប៉ុន នៅតែ​បន្ត​ជួយ​ក្នុង​កំណែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា ដែល​មិន​មានន័យថា ជាការ​បង្គាប់បញ្ជា​នោះឡើយ តែ​ជាការ​ផ្តល់ឱកាស​ឲ្យ​កម្ពុជា​រៀន​បទពិសោធន៍​ល្អៗ​មួយចំនួន​ពី​ភាគី​ជប៉ុន​។​


សូមបញ្ជាក់ថា កាលពី​ជំនួប​កំពូល​កម្ពុជា​-​ជប៉ុន​កាលពី​ខែតុលា ឆ្នាំ​២០១៨ លោកនាយក​រដ្ឋមន្ត្រី ជប៉ុន Shinzo Abe បាន​ប្រាប់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​ឆ​ន្ទះ​របស់​ជប៉ុន​ក្នុង​ការបន្ត​គាំទ្រ​ផ្នែក​អភិបាលកិច្ច​នៅ​កម្ពុជា តាមរយៈ​ការបញ្ជូន​អ្នកបច្ចេកទេស និង​សម្ភារ​ទៅ​កម្ពុជា និង​រៀបចំ​ឲ្យ​មាន​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​ការបោះឆ្នោត​នៅ​ជប៉ុន​។​

​បើ​គិត​ចាប់តាំងពី​ជំនួប​មេដឹកនាំ​ទាំងពីរ​កាលពី​ខែតុលា ឆ្នាំ​២០១៨​មក នេះ ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​បី​ហើយ​របស់​ប្រតិភូ​កម្ពុជា ដោយ​ចាប់ផ្តើម​ពី​ក្រុម​អ្នកនយោបាយ​វ័យក្មេង និង ក្រុមការងារ (Working Group) ក្នុង​វិស័យ​រដ្ឋធម្មនុញ្ញ​។​

​ក្រៅពី​សិក្សា​ស្វែងយល់​ពី​អ្នកជំនាញ ប្រតិភូ​កម្ពុជា ត្រូវបាន​អ​ញ្ចើ​ញ​ឲ្យ​ទៅ​សង្កេតមើល​យុទ្ធនា​ការឃោសនា​រក​សំឡេង​ចុងក្រោយ​នៅ​ក្រុង Yokohama និង​សង្កេតការណ៍​ចំ​ថ្ងៃ​បោះឆ្នោត នា​ថ្ងៃអាទិត្យ ទី​៧ ខែមេសា នៅ​ក្រុង Chigasaki ដែលជា​មណ្ឌលបោះឆ្នោតរ​បស់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក Tarō Kōno ផងដែរ​។​

​ប្រតិភូ​កម្ពុជា​ទាំង​៧​រូប ដឹកនាំ​ដោយ​លោក ហួត បូ​រិ​ន ប្រធានការិយាល័យ​ទទួល​ពាក្យបណ្តឹង និង​ស៊ើបអង្កេត​នៃ គ​.​ជ​.​ប​។ ក្រៅពីនេះ មាន​លោក ហម ចាន់​សុភ័ក្ត្រ អនុប្រធាន​ការិយាល័យ​ព័ត៌មាន និង​ផ្សព្វផ្សាយ គ​.​ជ​.​ប អ្នកស្រី  អនុប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តកំពង់ចាម លោក កែវ វណ្ណា មន្ត្រី​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តស្ទឹងត្រែង លោក គឹម ឈន នាយក​ប្រតិបត្តិ​ស្តីទី​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (​ខុមហ្វ្រែល​) សំ រស្មី ជំនួយការ​នាយក​គណៈ​ក​ម្មា​ធិ​ការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា  (​និក​ហ្វិ​ច​) និង​លោក អ៊ឹង ចំរើន និពន្ធ​នាយក​សារព័ត៌មាន ThmeyThmey៕



© រក្សាសិទ្ធិដោយ thmeythmey.com