ជាតិ
«​អា​នូ​» ព្រាត់​មេ ដោយសារ​មនុស្ស​កាប់ ដុត ទន្ទ្រានព្រៃ​ធម្មជាតិ​
06, Apr 2019 , 11:49 am        
រូបភាព
  ​អា​នូ កំពុង​ប្រឡែង​លេង​ជាមួយ​កុមារ​តូច ជា​កូន​ម្ចាស់ផ្ទះ​ដែល​បាន​យក​អា​នូ​មក​ចិញ្ចឹម​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
​អា​នូ កំពុង​ប្រឡែង​លេង​ជាមួយ​កុមារ​តូច ជា​កូន​ម្ចាស់ផ្ទះ​ដែល​បាន​យក​អា​នូ​មក​ចិញ្ចឹម​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
ដោយ:
​ស្ទឹងត្រែង​៖ «​អា​នូ​» គឺជា​ឈ្មោះ​កូន​ស្វា​ឈ្មោល​កំព្រា​មួយ​ក្បាល ដែល​ត្រូវ​ព្រាត់ប្រាស់​ពី​មេ​រប​ស់វា នៅក្នុង​ព្រៃ​មួយ ដែល​គេ​ទន្ទ្រាន កាប់ ដុត​ដើម្បី​ចាប់យក​ដី​។ អា​នូ ត្រូវបាន​បុរស​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ រស់នៅក្នុង​ភូមិ​ភ្លុក ឃុំ​ភ្លុក ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង រើស​មកពី​ក្នុងព្រៃ យកមក​ចិញ្ចឹម​នៅក្នុង​ផ្ទះ​របស់គាត់​។ 


 
​ឈរ​ក្បែរ​ទ្រុង​រាង​បួន​ជ្រុង​ធ្វើ​ពី​ដែក​សរសៃ ព័ទ្ធ​ដោយ​សំណាញ់​ដែក ដែលជា​ទ្រុង​សម្រាប់​ដាក់ អា​នូ បុរស​ម្នាក់ កំពុង​ប្រឡែង​លេង​ជាមួយ​អា​នូ យ៉ាង​សប្បាយរីករាយ ដូច​ឪពុក​ប្រឡែង​នឹង​កូន ។ អា​នូ លោត​តោង​ជើងខោ​របស់​បុរស​ម្នាក់​នេះ រួច​តោង​ឡើងដល់​ស្មា ឱប ក ដោយ​សេចក្តីស្រឡាញ់ រួច​សម្រូត​ចុះមក​ក្រោម​វិញ ដោយ​បន្ត​រត់​ចូល​ក្រោមផ្ទះ ហើយ​ត្រឡប់មក​តោង​ឡើងលើ​បុរស​ម្នាក់​នោះ​របស់​វិញ តាម​សភាវ​របស់​សត្វ​ពានរ​។ ថ្វីដ្បិតតែ​វា​មិនចេះ​និយាយ​ភាសា​មនុស្ស ប៉ុន្តែ អា​នូ​បាន​សម្តែង​កាយវិការ ស្រឡាញ់​បុរស​ម្នាក់នេះ​ខ្លាំងណាស់​។ វា​លោត​តោង វា​ឱប យ៉ាង​ស្និទ្ធស្នាល​។ នេះ​ប្រហែលជា​វា​យល់ច្រឡំ​ថា បុរស​ម្នាក់នេះ ជា​ម្តាយ​របស់​វា​ហើយក៏​មិនដឹង​។ 
 

អា​នូ នៅក្នុង​ទ្រុង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
 
​ថ្វីដ្បិតតែ​មាន​ទ្រុង តែ​អា​នូ​មិនសូវ​ស្ថិតនៅក្នុង​ទ្រុង​ទេ​។ ទ្វារ​ទ្រុង​បើកចំហ​។ អា​នូ វា​អាច​ចេញ​-​ចូល​ដោយ​សេរី​។ អា​នូ ហាក់​បាន​ក្លាយជា​សមាជិក​ម្នាក់​នៃ​គ្រួសារ​មួយ​នេះ​ទៅហើយ​។ វា​លោត​ចុះ លោត​ឡើង ចូលក្នុង​ទ្រុង រូ​ច​ចេញ​វិញ រត់ឡើង​លើផ្ទះ តោង​សមាជិកគ្រួសារ​មួយ​នេះ ពី​ម្នាក់​ទៅ​ម្នាក់​។ ក្នុងចំណោម​សមាជិក​ក្នុង​គ្រួសារ​នេះ​ទាំងមូល អា​នូ ស្រឡាញ់​បុរស​ដែល​រើស​វា​យក​មកពី​ព្រៃ​ជាងគេ​។ វា​ហក់​តោង វា​ឱប ហាក់​មិន​ចង់​ឃ្លាត​។​
 
«​ទ្រុង​នេះ នាម​ហៅថា​ទ្រុង​ប៉ុណ្ណោះ តែ​ខ្ញុំ​មិន​បិទទ្វារ​ទេ គឺ​បើកចំហ​។ អា​នូ វា​អាច​ចេញចូល​ដោយ​សេរី​។ ខ្ញុំ​ដាក់​អា​នូ​ក្នុង​ទ្រុង​ហើយ​បិទទ្វារ ពេលណា​ដែល​ខ្ញុំ​មិន​នៅផ្ទះ​ប៉ុណ្ណោះ​»​។ នេះ​ជាស​ម្តី​របស់​ម្ចាស់​អា​នូ ប្រាប់​ដល់​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
 
​បុរស​ម្នាក់នេះ បាន​ឲ្យ​ដឹងថា អា​នូ គឺជា​ស្វា​កំព្រា​មួយ​ក្បាល ដែល​បាន​ព្រាត់​មេ​រប​ស់វា​នៅក្នុង​ព្រៃ​មួយ ដែល​គេ​កាប់​ទន្ទ្រាន និង​ដុត​យក​ដី​មួយកន្លែង​។ គាត់​បានដាក់​ឈ្មោះ​វា​ថា «​អា​នូ​»​។ «​ខ្ញុំ​មិនដឹងថា មេ​របស់​វា​ងាប់​ដោយ​ភ្លើង​ឆេះ​ព្រៃ ឬក៏​ជាប់អន្ទាក់​ព្រានព្រៃ​ឡើយ​។ អា​នូ វា​នៅ​តូច​ណាស់ ដូចជា​ទើបនឹង​កើត ព្រោះ​វារ​ត់​មិនបាន​លឿន​ឡើយ​»​។​
 
​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការកាប់​ព្រៃ​ទន្ទ្រាន ដុត​ព្រៃ រាន​ព្រៃ​ធម្មជាតិ​នៅ​សេសសល់ យក​ដី​ធ្វើ​ចំការ នៅតែ​មិនកើត​មាននៅ​តាម​បណ្តា​ខេត្ត​នានា  ជាពិសេស នៅតាម​បណ្តា​ខេត្ត​ភាគ​ខាងជើង​ប្រទេស​៕

© រក្សាសិទ្ធិដោយ thmeythmey.com