ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
លៀស​ហាល​៦​រសជាតិ​ដ៏​ល្បី​នៅ​កំពង់ចាម ១​កំប៉ុង ៦​ពាន់​រៀល
06, Apr 2019 , 1:29 pm        
រូបភាព
ដោយ:
​កំពង់ចាម​៖  លៀស​ហាល នៅតែ​ជា​អាហារ​ដ៏​ពេញនិយម​សម្រាប់​ពលរដ្ឋ​កម្ពុជា​។ នៅ​ទី​រួម​ខេត្តកំពង់ចាម ម្ដុំ​ផ្លូវភ្លោះ​ជា​កន្លែង​លក់​លៀស​ហាល​ដ៏​ល្បី​មួយ  ដែលមាន​អតិថិជន​ចោមរោម​ទិញ​ឥត​ដាច់​។ អ្នកស្រី សា វ៉ាត ជា​អ្នកលក់​មួយរូប ក្នុងចំណោម​អ្នកលក់​ជាច្រើន​ទៀត​នៅ​ទីនោះ​។​អ្នកលក់​លៀស​រូបនេះ ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃ គាត់​អាច​លក់​លៀស​ហាល​បាន​ពី​១៥០ ទៅ​២០០​កំប៉ុង និង​អាច​បាន​ប្រាក់ចំណេញ​ខ្ទង់​១០​ម៉ឺន​រៀល​។ បើតាម​អ្នកលក់​ដដែល លៀស​មួយ​កំប៉ុងៗ មានតម្លៃ​ពី​២​ពាន់​រៀល ទៅ​៦​ពាន់​រៀល ទៅតាម​ប្រភេទ​លៀស​។  អ្នកស្រី សា វ៉ាត បញ្ជាក់​៖ «​តម្លៃ​វា​ខុសៗ​គ្នា​។ លៀស​ទន្លេតូចៗ ១​កំប៉ុង ២​ពាន់​រៀល​។ លៀស​គៀន​ជ្រៃ​១​កំប៉ុង ៣ ទៅ​៤​ពាន់​រៀស​តាម​ទំហំ និង​លៀស​ទន្លេធំៗ តម្លៃ​៦​ពាន់​រៀល ១​កំប៉ុង​»​។

 
​លៀស​របស់​អ្នកស្រី វ៉ាត មាន​៣​ប្រភេទ គឺ​លៀស​ឆា​អំពិល​ទុំ​, លៀស​ប្រឡាក់​អំបិលម្ទេស​, លៀស​ប្រឡាក់​អំបិលម្រេច​។ ដោយសារ​មាន​ច្រើន​ប្រភេទ និង​រសជាតិ​ច្រើន តាម​តម្រូវការ​នោះ ទីនេះ​បាន​ទាក់ទាញ​អតិថិជន​ឲ្យ​ចេញចូល​ជា​ហូរហែ ចាប់ពី​ពី​ម៉ោង​១០​ព្រឹក​តទៅ​។ អ្នកស្រី សា វ៉ាត ដែល​លក់​លៀស​ហាល​នេះ​ប្រមាណ​៣០​ឆ្នាំ​មកហើយ​នោះ បញ្ជាក់​ដូច្នេះ​៖«​មិន​ត្រឹមតែ​មានការ​ចាប់អារម្មណ៍​ពី​អតិថិជន​ធម្មតា​នោះទេ សូម្បីតែ​តារា ដែល​ឆ្លងកាត់​តំបន់​នេះ ក៏​ឈប់​ទិញ​លៀស​ហាល​ខ្ញុំ​ដែរ​។ ដាច់​ខ្លាំង​ពី​ម៉ោង​១០​ព្រឹក​ទៅ  ហើយ​ពេលខ្លះ​អត់​បាន​បាយទឹក​ទេ ដាច់​ពេក​»​។ 


 
​ជា​រៀល​រាល់ថ្ងៃ អ្នកស្រី សា វ៉ាត ត្រូវ​ក្រោក​នៅ​ម៉ោង​៥​ព្រឹក លាង​សម្អាត​លៀស​ដែល​បាន​ត្រាំ​ទឹក​ឲ្យ​ចេញ​ដី​តាំងពី​ល្ងាច និង​រើស​លៀស​ណា​មិនល្អ​ចេញ​។ បន្ទាប់មក​អ្នកស្រី​យក​លៀស​ទាំងនោះ ទៅ​ប្រឡាក់​គ្រឿង​ដែល​បាន​ត្រៀម​ជាស្រេច ទៅតាម​រសជាតិ​នីមួយៗ​។​។ ទោះបី​របរ​នេះ កាកកប់​ក្ដី ក៏មាន​ថ្ងៃ​ខ្លះ អ្នកស្រី សា វ៉ាត ក៏​បង់ខាត​ដែរ បើ​អាកាសធាតុ​មិន​អំណោយផល​។ បច្ចុប្បន្ន​អ្នកស្រី សា វ៉ាត លក់​លៀស​ហាល​២​កន្លែង​។ មួយ​នៅ​ម្ដុំ​ផ្លូវភ្លោះ ជាប់​អគារ​វឌ្ឍនៈ និង​មួយកន្លែង​ទៀត នៅ​ជិត​សាលា​ទួល​ថ្ម​ជាប់​អាង​ហែល​ទឹក ក្រុង​កំពង់ចាម​៕




 

Tag:
 លៀស​ហាល​
 ​មុខរបរ​
 ​កំពង់ចាម​
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com