កីឡាជាតិ
ជាតិ
លី​គ​៖ ទ័ព​ប៉ះ​កំពង់ចាម អាស៊ី​អឺរ៉ុប​ស្វាគមន៍​សូល​ទី​ឡូ​អង្គរ ខណៈ​អគ្គិសនី​ជួប U18 បាទី​
06, Apr 2019 , 12:49 pm        
រូបភាព
ដោយ:
​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ឈានដល់​សប្តាហ៍​ទី​៣ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​៦ ខែមេសា ឆ្នាំ​២០១៩​នេះ​មានការ​ប្រកួត​ចំនួន​៣​គូ ក្នុងនោះ​ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​)​ស្វាគមន៍​កំពង់ចាម ក្រោយ​សូល​ទី​ឡូ​អង្គរ​ប៉ះ​អាស៊ី​អឺរ៉ុប​និង​អគ្គិសនី​កម្ពុជា​ទទួលភ្ញៀវ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​។

 
​ក្រុម​មិនទាន់​ស្គាល់​ចាញ់​ក្រសួងការពារជាតិ ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ស្តា​ត​ចាស់​ស្វាគមន៍​ភ្ញៀវ​កំពង់ចាម សម្រាប់​ជំនួប​សប្តាហ៍​ទី​៣​នៃ​ពានរង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​។ បច្ចុប្បន្ន​ទ័ព ស្ថិតនៅ​លេខ​៣​ដោយមាន​៤ ក្រោយ​យកឈ្នះ​ណាហ្គា​វើ​ល ៤-២ និង​ស្មើ ១-១ ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ​។ ចំណែក​កំពង់ចាម​ឈ្នះ​អគ្គិសនី ១-០ និង​ចាញ់​អង្គ​រថា​យ​ហ្គឺ​រ ១១-០​។ 
 
​លោក ភា សុ​ភ័​ក្ត្រា បាន​អះអាង​ពី​ការត្រៀមខ្លួន​រួចរាល់​ក្នុងការ​ស្វាគមន៍​ក្រុម​ចំណូល​ថ្មី​មួយ​នេះ​។ តែ​លោក ហាក់​មិន​ហ៊ាន​មើលស្រាល​សមត្ថភាព​រប​ស់​ក្រុម​នេះឡើយ ទោះបី​ពួកគេ​បាន​រង​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​កាលពី​សប្តាហ៍​មុខ​ក៏ដោយ​។ ទោះបី​យ៉ាងនេះ​ក្តី លោក សុ​ភ័​ក្ត្រា បាន​និយាយថា លោក​នឹង​ព្យាយាម​ដាក់​សម្ពាធ​លើ​ក្រុម​ថ្មី​នេះ​តាមតែ​អាចធ្វើ​បាន​។​
 
​នៅ​ម៉ោង​៣:៣០​នាទី​រសៀល ក្រុម​អាស៊ី​អឺរ៉ុប​ដែល​បរាជ័យ​ពីរ​ប្រកួត​ជាប់​គ្នា ត្រូវ​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន​ស្វាគមន៍​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​សូល​ទី​ឡូ​អង្គរ​។ សម្រាប់​ពីរ​ប្រកួត​កន្លងមក អាស៊ី​អឺរ៉ុប​ចាញ់​ណាហ្គា​វើ​ល ១-០ ក្នុងជំនួប​បើកឆាក​ហើយ​បាន​បន្ត​ចាញ់​អគ្គស្នងការ​នគរបាល​ជាតិ ៣-២ ខណៈ​សូល​ទី​ឡូ​អង្គរ​បញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយ​វិសាខា និង​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង ១-០​។ 
 
​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នេះដែរ ក្រុម​អគ្គិសនី​កម្ពុជា​ដែល​យកឈ្នះ​បឹងកេត​ស្ទើរ​មិនគួរ​ឲ្យ​ជឿ ១-០ សប្តាហ៍​មុន ត្រូវ​តទល់​ជាមួយ​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​នៅ​កីឡដ្ឋាន EDC​។ ពីរ​ប្រកួត​កន្លងមក​ក្រុម U18 បាទី​មិនទាន់​អាច​រកបាន​ពិន្ទុ​នៅឡើយ​ទេ ក្រោយ​ពួកគេ​ចាញ់​គីរីវង់​សុខ​សែន​ជ័យ ៤-១ និង​ចាញ់​ភ្នំពេញ​ក្រោ​ន ២-០៕ 

Tag:
 បាល់ទាត់​
  Cambodian League 2019
© រក្សាសិទ្ធិដោយ thmeythmey.com