សៀមរាប៖ ដោយសាររងឥទ្ធិពលរលកកម្ដៅ អែល នីណូ ធ្វើឱ្យបណ្ដាខេត្តនានារបស់កម្ពុជា មានភាពហួតហែងជាងរាល់ឆ្នាំ។ បឹងបួរ ស្ទឹង ស្រះមួយចំនួន ដែលធ្លាប់មានទឹកជាប់នោះ បែរជារីងអស់។ នៅតំបន់រមណីយដ្ឋានអង្គរ ក៏រងឥទ្ធិពលនេះដែរ ប៉ុន្តែនៅមានទឹកច្រើននៅឡើយ ពិសេសនៅកសិន្ធុអង្គរវត្ត។ អ្នកជំនាញថា ក្នុងកសិន្ធុអង្គរជារៀងរាល់ថ្ងៃ បាត់បង់ទឹកជាងមួយម៉ឺនម៉ែត្រគូប ដោយសារកម្ដៅខ្លាំង។ អ្នកជំនាញ ក៏ខិតខំគ្រប់គ្រង ដើម្បីធ្វើឱ្យទឹកជាប់រហូត។
សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ដូចតទៅ៖
ទឹកកសិន្ធុអង្គរវត្ត បានបង្ហាញវិសាលភាពរបស់ខ្លួនដ៏អស្ចារ្យមួយ ខណៈដែលតំបន់ដទៃនៅប្រទេសកម្ពុជានារដូវកាលនេះ គ្មានទឹក។ ទាំងរដូវប្រាំង និងវស្សា ទឹកកសិន្ធុអង្គរវត្ត តែងបញ្ចេញសម្រស់ដ៏ត្រកាលរបស់ខ្លួន ដើម្បីបង្អួតភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលទស្សនាហើយមិនណាយ។
ភ្ញៀវទេសចរដែលមកកម្សាន្តរមណីយដ្ឋានអង្គរនារដូវកាលនេះ ច្បាស់ជាលាន់មាត់ និងខ្លះងឿងឆ្ងល់ ពីទឹកកសិន្ធុអង្គរវត្តជាក់ជាមិនខាន។ ពិតណាស់ថា មានអាជ្ញាធរមួយដែលគ្រប់គ្រងតំបន់នេះ ក៏ដូចជាក្រុមការងារជំនាញមួយ ដែលមើលការខុសត្រូវជាប្រចាំ ទើបមានលទ្ធផលមកដល់ពេលនេះ។ នាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បានចុះសង្កេត និងបញ្ចូលទឹកជាប្រចាំ មិនឱ្យកសិន្ធុរីងសោះឡើយ។
លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានរៀបរាប់ថា ការគ្រប់គ្រងទឹកនៅកសិន្ធុអង្គរវត្ត គឺមានការរៀបចំត្រឹមត្រូវទាំងរដូវប្រាំង និងវស្សា។
លោកពន្យល់ថា នារដូវប្រាំង ការគ្រប់គ្រងម្យ៉ាង រីឯរដូវវស្សា ការគ្រប់គ្រងបែបម្យ៉ាង។ ខែវស្សា ទឹកមានបរិមាណច្រើន ជួនកាលអាជ្ញាធរបារម្ភពីការហៀរចេញ ចំណែកខែប្រាំង ទាមទារឱ្យមានការបញ្ជូនទឹក និងការគ្រប់គ្រងល្អិតល្អន់ជាងវស្សា ក៏ដូចជាបញ្ចូលជាប្រចាំ ពិសេសត្រូវគិតគូរខ្ពស់ ពីការប្រើប្រាស់ទឹកក្រោមដី។ ទឹកកសិន្ធុ មិនមែនប្រយោជន៍សម្រាប់លម្អសម្រស់អង្គរទេ តែវាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងគ្រឹះប្រាសាទ។ កាលណាស្រទាប់ដីខាងក្រោមនៅតំបន់អង្គរដែលជាប្រភេទដីល្បាយខ្សាច់នោះ គ្មានទឹក នោះវានឹងស្រុត។ នេះជាការពន្យល់របស់លោក ភឿន សុឃីម
នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥។ មុនពេលនោះ ការគ្រប់គ្រងទឹកនៅតំបន់អង្គរ មិនទាន់មានប្រសិទ្ធភាពឡើយ ហើយរៀងរាល់រដូវប្រាំង ទឹកនៅ កសិន្ធុអង្គរ តែងរីងជានិច្ច។ លោក សុឃីម បានរំឮកថា បាតកសិន្ធុអង្គរវត្ត បានក្លាយជាវាយលេងបាល់របស់ក្មេងៗ។ កាលណោះ អាជ្ញាធរក៏មិនទាន់បារម្ភពីការបាត់បង់ស្រទាប់ទឹកក្រោមដីដែរ ដ្បិតការអភិវឌ្ឍនៅពេលណោះក៏នៅទាបនៅឡើយ។ បន្ទាប់ពីបានរៀបចំរួច នាយកដ្ឋានគ្រប់គ្រងទឹកបានរៀបចំស្ដារប្រព័ន្ធធារាសាស្ដ្របុរាណឡើងវិញ ហើយមកដល់បច្ចុប្បន្ននេះ ការស្ដារនោះបានរហូតដល់៩០ភាគរយហើយដែរ។
ដ្បិតថា មិនរីងស្ងួតដូចតំបន់ដទៃមែន តែទឹកកសិន្ធុក៏រងរំហួតពីកម្ដៅថ្ងៃផងដែរ។ ជារៀងរាល់ថ្ងៃ ទឹកជាងមួយម៉ឺនម៉ែត្រគូប ត្រូវបានបាត់បង់ ទាំងដោយសាររំហួត និងការជ្រាបទៅស្រទាប់ក្រោមដី តែក៏មានការបញ្ចូលជាប្រចាំ ដើម្បីឱ្យមានភាពសមាមាត្រគ្នា។ ក្នុងការបញ្ចូលទឹកនេះដែរ នាយកដ្ឋានគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា បានធ្វើសំណង់ស្ទាក់ខ្សាច់មួយនៅផ្នែកខាងជើង ដើម្បីការពារមិនឱ្យបាតកសិន្ធុរងការចាក់បង្គរដោយដីខ្សាច់ ក៏ដូចជាកាកសំណល់ផ្សេងៗ។
ទឹកកសិន្ធុអង្គរវត្តមានបរិមាណជាង ១លានម៉ែត្រគូប។ មុនរដូវប្រាំងចូលមកដល់ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានរៀបចំទឹកបញ្ចូលអាងក្នុងតំបន់ជុំវិញ ដើម្បីធានាពីនិរន្តរភាពការគ្រប់គ្រង ដើម្បីឆ្លើយតបទៅនឹងការអភរិក្សសំណង់ប្រាសាទ។ ប្រភពទឹកសំខាន់សម្រាប់បញ្ចូលក្នុងអាងទំនប់នានាក្នុងតំបន់អង្គរ គឺទឹកពីភ្នំគូលេន។ មន្ត្រីគ្រប់គ្រងទឹកលើកឡើងថា បច្ចុប្បន្នបរិមាណទឹកពីភ្នំគូលេនកាន់តែតិចទៅៗ ដោយសារការបាត់បង់ស្រទាប់ព្រៃឈើនៅតំបន់នេះ។ លោក សុឃីម និយាយដោយការព្រួយបារម្ភ តែថាយ៉ាងណា ក៏អាជ្ញាធរ អាចសង្គ្រោះក្នុងដំណាក់កាលដ៏លំបាកនៅឆ្នាំនេះបាន។
ចំពោះការងារគ្រប់គ្រងទឹកនៅតំបន់អង្គរនេះដែរ អាជ្ញាធរជាតិអប្សរា ក៏បានរៀបចំជួសជុលខ្នងបារាយណ៍ខាងលិច ដើម្បីស្ដុកទឹកទុកបានច្រើន ក៏ដូចជាបញ្ជៀសទឹកជំនន់ពីតំបន់អង្គរផងដែរ។ បារាយណ៍នេះ ផ្ទុកទឹកបាន៥៣លានម៉ែត្រគូប និងបានបម្រើផលកសិកម្មដល់ប្រជាពលរដ្ឋនៅតំបន់ជុំវិញ និងមួយផ្នែកផ្គត់ផ្គង់ទៅរដ្ឋាករទឹក ដោយជំនួសការទាញទឹកពីក្រោមដី៕