ជាតិ
កូនកន្ធាយក្បាលកង្កែបជាង ៥០០ក្បាល ត្រូវបានលែងឲ្យរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ
× ភ្នំពេញ៖ កូនកន្ធាយក្បាលកង្កែបចំនួន ៥៣៤ក្បាល ត្រូវបានក្រុមអភិរក្សរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងរដ្ឋបាលជលផល លែងឲ្យរស់នៅទីតាំងចំនួនពីរតាមដងទន្លេមេគង្គក្នុងស្រុកសំបូរ ខេត្តក្រចេះ។ នេះបើតាមទំព័រហ្វេសប៊ុករបស់អង្គការ WCS។
នៅថ្ងៃទី ២៦ និង២៧ ខែ មីនា ឆ្នាំ២០១៩ ក្រុមអភិរក្សរបស់អង្គការសមាគមអភរិក្សសត្វព្រៃកម្ពុជា និងរដ្ឋបាលជលផល បានព្រលែងកូនកន្ធាយក្បាលកង្កែប ឬល្មិចចំនួន ៥៣៤ក្បាល នៅទីតាំងចំនួនពីរតាមដងទន្លេមេគង្គ។ ការលែងកូនកន្ធាយក្បាលកង្កែបទាំងនេះ គឺជាផ្នែកមួយនៃកម្មវិធីការពារសំបុករបស់ប្រជាសហគមន៍ ដើម្បីបង្កើនចំនួនកន្ធាយក្បាលកង្កែបនៅក្នុងធម្មជាតិ។
រូបភាពពីហ្វេសប៊ុក WCS
ក្នុងពិធីលែងកូនកន្ធាយក្បាលកង្កែបនេះ មានការចូលពីព្រះសង្ឃ ប្រធានភូមិ អ្នកការពារសំបុក ឆ្មាំទន្លេ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ១២៤នាក់។ ជាមួយគ្នានេះ អ្នកចូលរួម បានបេជ្ញាចូលរួមថែរក្សា និងអភិរក្សសត្វកន្ធាយក្បាលកង្កែបនៅថ្ងៃខាងមុខផងដែរ។
សូមបញ្ជាក់ថា សត្វកន្ធាយក្បាលកង្កែប ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCNជាប្រភេទរងគ្រោះជិតផុតនៅលើសកលលោក។ ពួកវាត្រូវបានគេគិតថាផុតពូជពីកម្ពុជាទៅហើយ។ រហូតដល់ឆ្នាំ២០០៧ ពួកវាត្រូវបានរកឃើញម្តងទៀត នៅក្នុងបរិវេណ៤៨គីឡូម៉ែត្រ នៅដងទន្លេមេគង្គ ចន្លោះខេត្តក្រចេះ និងស្ទឹងត្រែង៕
Tag:
កូនកន្ធាយក្បាលកង្កែប
WCS
ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com