ជាតិ
រដ្ឋាករទឹក​ស្វយ័ត​សៀមរាប នឹង​សង់​ស្ថានីយ​ទឹកស្អាត​មួយទៀត តម្លៃ​ប្រមាណ​១០​លាន​ដុល្លារ
06, Apr 2019 , 5:59 pm        
រូបភាព
រូបភាពពីទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាAKP
រូបភាពពីទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាAKP
​ភ្នំពេញ​៖ នៅ​ថ្ងៃទី ៥​មេសា​នេះ អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប បានប្រកាសថា នឹង​សាងសង់​ស្ថានីយ​ទឹកស្អាត​មួយកន្លែង​បន្ថែមទៀត នៅជាប់​បឹង​ទន្លេសាប​ផ្នែក​ខាងជើង ដែល​ស្ថិតនៅក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។ ស្ថានីយ​នេះ មានលទ្ធភាព​ផ្គត់ផ្គង់​ទឹក​ក្នុង​១​ថ្ងៃ​បាន ៦០​ពាន់​ម៉ែត្រត្រីគុណ​។ ការសាងសង់​ស្ថានីយ​ទឹកស្អាត​នេះ នឹង​ចំណាយ​ថវិកា​ប្រមាណ ១០​លាន​ដុល្លារ ក្រោម​ឥណទាន​ដៃគូ​អភិវឌ្ឍន៍​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP​។


 
​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​អាណត្តិ​ទី​៤​លើក​ទី​១៩​របស់​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប លោក ឃុ​ត វុ​ត្យា​រិ​ទ្ធ អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប បាន​លើកឡើងថា ឆ្នាំ​២០១៨​កន្លងទៅ អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប បាន​ត​ភ្ជាប់​ប្រព័ន្ធ​ទឹកស្អាត​ទៅផ្ទះ​ពលរដ្ឋ​មាន​ចំនួន​ទាប​ជាង​ផែនការ​បន្តិច ប៉ុន្តែ​បរិមាណ​ទឹកស្អាត​សម្រាប់​ផ្គត់ផ្គង់​ទៅផ្ទះ​ពលរដ្ឋ​បាន​ប្រវែង​២២​គីឡូម៉ែត្រ មាន​កើនឡើង​ស្មើនឹង​១០៤​ភាគរយ  បើ​ធៀប​ទៅនឹង​កាលពី​ឆ្នាំ​២០១៧​។​
 
​លោក ឃុ​ត វុ​ត្យា​រិ​ទ្ធ បាន​លើក​ពី​គម្រោង​សាងសង់​ស្ថានីយ​ទឹកស្អាត​បន្ថែមទៀត​យ៉ាង​ដូច្នេះ​៖ «​ក្នុង​គម្រោង​ឆ្នាំ​២០១៩​នេះ កម្ពុជា​នឹង​សាងសង់​ស្ថានីយ​ទឹកស្អាត​មួយទៀត នៅជាប់​នឹង​បឹង​ទន្លេសាប​ផ្នែក​ខាងជើង ដោយ​យក​ប្រភពទឹក​ពី​បឹង​ទន្លេសាប​មក​ផ្គត់ផ្គង់ និង​រៀបចំ​បណ្តាញ​បំពង់​ទឹកស្អាត​ចូលមកក្នុង​ក្រុង រួមទាំង​ប្រព័ន្ធ​ចែកចាយ​ទឹក​ប្រវែង​២០០​គីឡូម៉ែត្រ​»​។ 
 
​អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប​រូបនេះ បន្តថា ស្ថានីយ​ទឹកស្អាត​នេះ មាន​សមត្ថភាព​ផ្គត់ផ្គង់​ទឹក​ក្នុង​១​ថ្ងៃ​បាន​៦០​ពាន់​ម៉ែត្រត្រីគុណ ក្រោម​ឥណទាន​ដៃគូ​អភិវឌ្ឍន៍ ដែលមាន​ទឹកប្រាក់​សរុប ១០​លាន​ដុល្លារ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា ដកស្រង់​សម្ដី​លោក ឃុ​ត វុ​ត្យា​រិ​ទ្ធ​៕ 
 

Tag:
 ទឹកស្អាត​
  សៀមរាប​
  ទន្លេសាប​
© រក្សាសិទ្ធិដោយ thmeythmey.com