ជាតិ
​អាល្លឺម៉ង់​ផ្ដល់​ជំនួយឥតសំណង​ជាង​៦០០​លាន​ដុល្លារ​ដល់​កម្ពុជា ក្នុង​រយៈពេល​២៦​ឆ្នាំ
06, Apr 2019 , 11:29 pm        
រូបភាព
រូបភាពក្រុមព្រឹក្សាអភិវឌ្ឍន៍កម្ពុជា
រូបភាពក្រុមព្រឹក្សាអភិវឌ្ឍន៍កម្ពុជា
​រយៈពេល​ជាង​២០​ឆ្នាំនេះ រដ្ឋាភិបាល​អាល្លឺម៉ង់ បានផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ជាង​៦០០​លាន​ដុល្លារ ស្មើនឹង​ប្រមាណ​៣​ភាគរយ នៃ​ទំហំ​ហិរញ្ញប្បទាន​ទាំងអស់ ដែល​ផ្ដល់​ដោយ​ដៃគូរ​អភិវឌ្ឍន៍​មក​កម្ពុជា​។ នេះ​បើតាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​៤ មេសា​។​

 
​ទំហំ​ហិរញ្ញប្បទាន​ឥត​សំណាង​ប្រមាណ​ជាង​៦០០​លាន​ដុល្លារ​នេះ គឺ​មិន​រាប់បញ្ចូល​ហិរញ្ញប្បទាន ដែល​ភាគី​អាល្លឺម៉ង់​ផ្ដល់​ដល់​កម្ពុជា​តាមរយៈ​គម្រោង​ថ្នាក់​តំបន់ និង​សកល សហភាព​អឺរ៉ុប អង្គការសហប្រជាជាតិ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ និង​ស្ថាប័ន​ពហុភាគី​ដទៃទៀត​ទេ​។ ទឹកប្រាក់​៦០០​លាន​ដុល្លារ គឺ​គិត​ចាប់​ឆ្នាំ​១៩៩២ ដល់ ២០១៨​។​
 
​កាល​ថ្ងៃទី​៤​មេសា​នេះ កម្ពុជា​បានរៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង នៅ​ទីស្ដីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គឺ​សម្រាប់​ត្រៀម​រៀបចំ​កិច្ចចរចា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អាល្លឺម៉ង់​លើក​ទី​១៣ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៤​ដល់​១៦​ឧសា​ភា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៉ែក​ឡាំង ប្រទេស​អាល្លឺម៉ង់​។ កិច្ចប្រជុំ​នេះ ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការអភិវឌ្ឍន៍ និង​ភាពជា​ដៃគូ ជាពិសេស​សំណើ​គម្រោង​កម្មវិធី​អភិវឌ្ឍន៍ និង​ការសន្យា​ផ្ដល់​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​អា​ល្លឺ​ង​ម៉​ង់​មក​កម្ពុជា សម្រាប់​រយៈពេល​២​ឆ្នាំ គឺ​២០១៩​ដល់​២០២០​។​
 
​សំណើរ​គម្រោង​ផ្ដល់​ហិរញ្ញប្បទាន​២​ឆ្នាំនេះ បាន​ត្រូវ​ស្នើ​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ទ្វេភាគី​កាលពី​ខែ​វិច្ចិកា​ឆ្នាំ​២០១៨ ដែល​ផ្ដោត​សំខាន់​លើ​វិស័យ​ចំនួន​៣​។ វិស័យ​សុខាភិបាល សម្រាប់​គាំពារ​សុខមាលភាព​សង្គម និង​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​, វិស័យ​អភិវឌ្ឍន៍ជនបទ និង​វិស័យ​អភិបាលកិច្ច​។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា និង​អាល្លឺម៉ង់ តែងតែ​រៀបចំ​កិច្ចចរចា​ទ្វេភាគី​ស្តីពី​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការអភិវឌ្ឍន៍​រៀងរាល់​២​ឆ្នាំ​ម្ដង​។ នេះ​បើតាម​រាជរដ្ឋាភិបាល​កម្ពុជា ៕ 

Tag:
 អាល្លឺម៉ង់​
  ជំនួយឥតសំណង
© រក្សាសិទ្ធិដោយ thmeythmey.com