ជាតិ
ក្រសួងកសិកម្ម​៖ រថយន្ត​ស្លាក​លេខ​រដ្ឋ​ដែល​បើក​បុក​ទ្រូងផ្លូវ ជា​រថយន្ត​ឯកជន​ដែល​ក្លែង​ស្លាក​លេខ​
07, Apr 2019 , 12:09 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បដិសេធថា  រថយន្ត​ស្លាក​លេខ​រដ្ឋ​ដែល​បើក​បុក​ទ្រូងផ្លូវ​នៅ​ចំណុច​មុខ​វត្ត​ទួល​ទំពូង មិនមែនជា​រថយន្ត​កម្ម​សិទ្ធិ​របស់ខ្លួន​ឡើយ​។



តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃទី​៦ ខែមេសា  ក្រសួងកសិកម្ម បញ្ជាក់​ដូច្នេះ​៖«​រថយន្ត​នោះ ពុំមែន​ជា​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នោះទេ គឺជា​រថយន្ត​ឯកជន​ក្លែងបន្លំ​ស្លាក​លេខ​រដ្ឋ មក​បំពាក់​លើ​រថយន្ត​ផ្ទាល់ខ្លួន​»​។ 
 
​ការបដិសេធ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​រថយន្ត​ដែលមាន​ស្លាក​លេខ​ក្រោម​កម្មសិទ្ធិ​របស់​ក្រសួងកសិកម្ម បាន​បើក​បុក​របាំង​ទ្រូងផ្លូវ​កាលពី​ម៉ោង​១២​រំលង​អា​ធ្រា​ត​ថ្ងៃទី ៦ មេសា​។ ក្រសួងកសិកម្ម អះអាងថា រថយន្ត​របស់​ក្រសួងកសិកម្ម​ដែលមាន​ស្លាក​លេខ​ដូច​រថយន្ត​បង្ក​គ្រោះថ្នាក់​នោះ គឺជា​រថយន្ត​ម៉ាក​ផ្សេងគ្នា​។ ទន្ទឹមនឹង​ការបដិសេធ ក្រសួងកសិកម្ម ក៏បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​តាមច្បាប់ ចំពោះ​ជន​ដែល​ក្លែងបន្លំ​ស្លាក​លេខ​រថយន្ត​នេះ​៕

Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
  ស្លាក​លេខ​រដ្ឋ​
  ក្រសួងកសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com