ជាតិ
សង្គមជាតិ
វ័យ​៦៥​ឆ្នាំ​ទៅហើយ អ្នកស្រី សុគន្ធរ នៅតែ​ចាត់ទុក​ការការពារ​ស្ត្រី បរិស្ថាន និង​ជីវៈចម្រុះ ជា​ទំនួល​ខុសត្រូវ​របស់ខ្លួន​
07, Apr 2019 , 9:29 pm        
រូបភាព
រូបភាពផ្តល់ដោយអង្គការOxfam
រូបភាពផ្តល់ដោយអង្គការOxfam
​ភ្នំពេញ​៖ អ្នកស្រី ជិន សុគន្ធរ ជា​ស្ត្រី​ឆ្នើម​មួយរូប​ក្នុង​សមាគម​សំបូរ​នៅក្នុង​ការងារ​ការពារ​សម្បត្តិ​ធម្មជាតិ​,​ធនធានទឹក និង​ការអប់រំ​ស្រី្ត និង​កុមារ​ជាដើម​។ បច្ចុបន្ន អ្នកស្រី សុគន្ធរ មាន​វ័យ ៦៥​ឆ្នាំ​ទៅហើយ ប៉ុន្តែ​គាត់​នៅតែ​ចាត់ទុក​ការការពារ ថែរក្សា​ព្រៃឈើ បរិស្ថាន  និង​ជីវៈចម្រុះ​នៅក្នុង​ទឹក និង​ស្ត្រី ជាការ​ទទួលខុសត្រូវ​របស់ខ្លួន ក្នុងនាម​ជា​ពលរដ្ឋ​ម្នាក់​។​

 
​ការ​ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​វេទិកា​ពិភាក្សា​អំពី​«​ទឹក និង​ស្រី្ត​» ដែល​រៀបចំ​ដោយ​អង្គការ OXFAM នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ (CKCC) កាលពី​ចុងខែ​មីនា​កន្លងទៅ​។ ជា​វាគ្មិន មាន​វ័យ​ចំណាស់​ជាងគេ ក្នុងចំណោម​វាគ្មិន​ទាំង​៦​រូប គាត់​បាន​ផ្តើម​ការនិយាយ​របស់ខ្លួន ទៅកាន់​អ្នកចូលរួម​ប្រមាណ​៣០០​នាក់​ទៀត ដោយ​មោទកភាព​ចំពោះ​កិច្ច​ការជួយ​សង្គម​ដែល​ខ្លួន​បាន​ប្រឡូក​ប្រមាណ​២០​ឆ្នាំ​មកនេះ​។ អ្នកស្រី ជិន សុគន្ធរ ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ​មិនមែនជា​មនុស្ស​ដែលមាន​ចំណេះដឹង​ច្រើន​ទេ ប៉ុន្តែ​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​រស់នៅ​ក្នុងសង្គម ហើយ​ព្យាយាម​ធ្វើយ៉ាងណា កុំឱ្យ​សង្គម​មួយ​នេះ​ពិបាក​ដោយសារ​ខ្ញុំ ហើយ​ត្រូវ​ចេះ​ជួយ​សង្គម​វិញ​»​។  ចប់​ប្រយោគ​នេះ​ចប់​ភ្លាម សំឡេង​ទះដៃ ក៏​លាន់​រំពង​ឡើង​ពេញ​បន្ទប់​វេទិកា​។​


រូបភាពផ្តល់ដោយអង្គការOxfam

​ក្រោយ​ការ​ទះដៃ​អបអរ​បញ្ចប់ ស្ត្រី​ចំណាស់​បាន​បន្ត​ទាំង​ញញឹម ដោយ​លើកឡើង​ពី​ជោគជ័យ​របស់ខ្លួន ក្នុង​ការចូល​រួមការ​ពារ​បរិស្ថាន និង​លើកកម្ពស់​ការអប់រំ​នាពេល​កន្លងមក​។ បើតាម អ្នកស្រី សុគន្ធរ ក្រុម​អ្នកស្ម័គ្រចិត្ត​របស់ខ្លួន​បានសម្រេច​ភាពជោគជ័យ​មួយចំនួន​នៅ​ស្រុក ដូចជា ការបង្កើត​ក្រុមយុវជន​ឱ្យ​ចេះ​រាយការណ៍​ពី​បញ្ហា​កាប់បំផ្លាញ​ព្រៃឈើ​, អំពើហិង្សា​លើ​ស្ត្រី និង​កុមារ​, ការនេសាទ​ខុសច្បាប់​, ការអប់រំ​កុមារ​, ការរក្សា​អនាម័យ និង​ការប្រើប្រាស់​ទឹកស្អាត​ជាដើម​។​
 
​បច្ចុប្បន្ន​គាត់​កំពុង​ធ្វើ​សកម្មភាព​ខ្លាំងក្លា ទៅលើ​ការគ្រប់គ្រង​ប្រភពទឹក ពោល​ព្យាយាម​អប់រំ និង​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​ក្នុងភូមិ​-​ស្រុក កុំ​ចោល​កាកសំណល់​ចូល​បឹង​ស្ទឹង និង​ទន្លេ​ពិសេស​សំណល់​ថ្នាំពុល​គីមីកសិកម្ម ដែល​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន និង​ប្រភពទឹក ដែលជា​ប្រភព​ចាំបាច់​បំផុត​សម្រាប់​ជីវិត​មនុស្ស​-​សត្វ និង​ភាវរស់​។ អ្នកស្រី​បាន​និយាយ​ដូច្នេះ​៖«​បញ្ហា​ទឹក​ដែល​ខ្ញុំ និង​អ្នក​ឯទៀត​ក្នុង​សមាគម កំពុង​យកចិត្តទុកដាក់​ធ្វើ​នេះ ដោយសារតែ​ប្រភពទឹក​នានា​កំពុងតែ​រងគ្រោះ​ពី​សកម្មភាព​ផ្សេងៗ​របស់​មនុស្ស ដូចជា​ប្រភពទឹក​មេគង្គ​ក្នុង​ខេត្តក្រចេះ​ខ្ញុំ កំពុង​រងគ្រោះ​ពី​ការបង្ហូរ​សារធាតុ​កខ្វក់ ពី​ទំនប់​វា​រី​អគ្គិសនី និង​ចោល​កាកសំណល់​ជាតិពុល​ជាដើម​»​។ 
 
​បន្ទាប់ពី​រំឭក​ពី​ភាពជោគជ័យ​ស្ត្រី​ដដែល ក៏​មិន​ភ្លេច​លើកឡើង​ពី​បញ្ហា​ប្រឈម​នានា​ដែល​ខ្លួន​បាន​ជួបប្រទះ​នោះដែរ ។ អ្នកស្រី សុគន្ធរ បាន​ឲ្យ​ដឹងថា គាត់​ទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​កូន និង​ស្វាមី ប៉ុន្តែ​ការងារ​របស់គាត់ មិន​ទទួលបាន​ការស្វាគមន៍​ពី​ពលរដ្ឋ​មូលដ្ឋាន​ឡើយ​។ អ្នកស្រី​ថា រាល់ពេល​គាត់​ចុះទៅ​និយាយ​ពី​ការថែរក្សា​បរិស្ថាន ការថែរក្សា​ព្រៃឈើ ឬ​សិទ្ធិ​ស្ត្រី​ក្នុងសង្គម នៅតាម​មូលដ្ឋាន​តាម​ក្នុងភូមិ ស្រុក​នោះ ជារឿយៗ គាត់​តែង​ទទួល​សំណួរ​ផង និង​ការរិះគន់​ផង​ថា​៖«​ខ្លួនឯង​ស្រី ហេតុអ្វី​ក៏​ហ៊ាន​អះអាង​ខ្លាំង​ម្ល៉េះ​? ធ្វើ​ការងារ​ទាំងនេះ​តើ​បាន​អ្វី​មកវិញ​? ធ្វើ​ដើម្បី​អ្វី​? ទុក​ការងារ​នេះ​ឱ្យ​បុរសៗ​ធ្វើទៅ​។ ខ្លួន​ជា​ស្រី បង្វិល​ចង្ក្រាន​មិន​ជុំ​ផង ទៅ​ចង់​ធ្វើ ចង់​ចេះ ចង់ដឹង​អ្វី​ទៀត​? មើល​តែ​ការងារ​ក្នុង​គ្រួសារ​ខ្លួនឯង​ឱ្យ​បានតែ​ល្អ​ទៅ​»​។ 
 
​ទោះបីជា​ជួប​ឧបសគ្គ​ក្នុងការ​បំពេញការងារ​ច្រើនក្តី ប៉ុន្តែ​ឆន្ទៈ​ជួយ​ការងារ​សង្គម​របស់​ស្ត្រី​ចំណាស់​រូបនេះ នៅតែ​មិន​រួញរា​។ អ្នកស្រី សុគន្ធរ បញ្ជាក់​ដូច្នេះ​៖«​អ្វីដែល​ខ្ញុំ​ធ្វើ​នេះ គឺ​កើតចេញពី​ការស្ម័គ្រចិត្ត មិនដែល​គិតថា​ចង់បាន​អ្វី​ពី​នរណាម្នាក់​ឡើយ​។ ខ្ញុំ​ធ្វើ​ទៅតាម​អ្វីដែល​ខ្ញុំ​ស្រលាញ់ និង​គិតថា​ជា​ប្រយោជន៍​សង្គមជាតិ​»​។​
 
​អ្នកស្រី  សង្ឃឹមថា សកម្មភាព​ដែល​អ្នក​បានធ្វើ​កន្លងមក នឹង​ក្លាយជា​គំរូ​ល្អ​មួយ សម្រាប់​យុវជន​ជំនាន់​ក្រោយ ហើយ​ពួកគេ​គឺជា​អ្នក​បន្តវេន រក្សា ការពារ និង​អភិរក្ស​អ្វីៗ ដែល​ធម្មជាតិ​បាន​ផ្តល់ឱ្យ​មនុស្ស​នេះ​៕

Tag:
 បរិស្ថាន​
 ​ធម្មជាតិ​
 ​ជិន សុគន្ធរ​
 ​ក្រចេះ​
 OXFAM
© រក្សាសិទ្ធិដោយ thmeythmey.com