ជាតិ
លោក ថោង ខុន ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទប់ស្កាត់​ឲ្យ​បាន ការដាក់​តម្លៃ​ទំនិញ និង​សេវាកម្ម​ថ្លៃ​ហួសហេតុ
07, Apr 2019 , 10:29 pm        
រូបភាព
រូបភាពពីក្រសួងទេសចរណ៍
រូបភាពពីក្រសួងទេសចរណ៍
​ភ្នំពេញ​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ព្រមាន​ចាត់វិធានការ​យ៉ាង​តឹងតែង ចំពោះ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ក៏ដូចជា​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​ណា ដែល​នៅតែ​មិន​ព្រម​បិទ​បង្ហាញ​តម្លៃ​ទំនិញ​-​សេវាកម្ម ឬ​តារាង​តម្លៃ (Menu)​។ ការព្រមាន​នេះ ធ្វើឡើង​ក្នុង​ពិធី បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ និង​ទិសដៅ​អនុវត្ត​បន្ត កាលពី​ថ្ងៃទី​៣ ខែមេសា និង​ត្រូវបាន​ផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍​។​


 
​ទន្ទឹមនឹង​ការព្រមាន​នេះ លោក​រដ្ឋមន្ត្រី ក៏​បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ និង​បញ្ជាក់​រឿងនេះ​ដល់​អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ឲ្យ​បាន​មុន​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ដើម្បី​ទប់ស្កាត់​ការ​ឡើងថ្លៃ​ហួសហេតុ​ពេក ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​។ លោក ថោង ខុន ថ្លែង​ដូច្នេះ​៖«​យើង​មិនអាច​កំណត់​ថ្លៃ​ជំនួស​ម្ចាស់​អាជីវកម្ម​ទាំងនោះ​បានទេ យើង​ពិន័យ​តែ​អ្នកណា​អត់​សរសេរ​តម្លៃ មានន័យថា យើង​អត់​ពិន័យ​រឿង​ឡើងថ្លៃ ឬ​មិន​ឡើងថ្លៃ​នោះទេ បើ​គេ​សរសេរ​ហើយ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ជំនាញ​ត្រូវ​ចុះ​ត្រួតពិនិត្យ​មើលថា តម្លៃ​ដែល​គេ​សរសេរ​នោះ​ត្រឹមត្រូវ ឬក៏​អត់ ហើយ​បើ​សមស្រប​ហើយ យើង​ទទួលស្គាល់​ឲ្យ​គេ​ដាក់​ទៅ​»​។​
 
​នា​ពិធី​បិទ​សន្និបាត​នោះ បញ្ហា​សំរាម និង​បរិស្ថាន​ក៏ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​លើកឡើង​ដែរ ដាស់តឿន​ជាថ្មី​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត និង​មន្ត្រី​មាន​សមត្ថកិច្ច ត្រូវ​យកចិត្តទុកដាក់ និង​ត្រូវខិតខំ​ពង្រឹង​យុទ្ធនាការ «​គ្មាន​សំរាម​ក្រោម​តុ​នៅតាម​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​» ឲ្យ​បាន​កាន់តែ​ល្អ ក៏ដូចជា ទប់ស្កាត់​ការ​ចោល​សំរាម​តាម​ទីសាធារណៈ​ឲ្យ​មាន​ប្រសិទ្ធភាព​៕
 

Tag:
 ពិនិត្យ​តម្លៃ​
  អាហា​រដ្ឋា​ន
© រក្សាសិទ្ធិដោយ thmeythmey.com