ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល ក្រើនរំលឹក​ឲ្យ​ពលរដ្ឋ​បង្ការ​ករណី​ពុល​ស្រា​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​
08, Apr 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយពី​មាន​ករណី​ពុល​ស្រា​ជាច្រើនលើក​ច្រើនសារ​មក ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ឲ្យ​ពលរដ្ឋ​បង្ការ​ករណី​ពុល​ស្រា​ក្នុងអំឡុងពេល​បរិភោគ​អាហារ​ជួបជុំ​គ្រួសារ​នៅ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។


 
​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ករណី​ពុល​ស្រា​នៅតែ​កើតមាន​ជា​បន្តបន្ទាប់ នៅតាម​សហគមន៍​ទូទាំង​ខេត្ត​មួយចំនួន​កន្លងមក​។ ជាក់ស្តែង​នៅ​ឆ្នាំ​២០១៨ មាន​ករណី​ពុល​ស្រា​ចំនួន​៩​លើក និង​អ្នកស្លាប់​ដោយសារ​ពុល​ស្រា​ចំនួន​១៣​នាក់​។ កាលពី​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៩​នេះ មាន​អ្នកស្លាប់​ដោយសារ​ពុល​ស្រា​ចំនួន​២​នាក់​។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល អំពាវនាវ​ដល់​ពលរ​ដ្ឋ​បញ្ឈប់​ពិសា​ស្រា ដែល​ផ្ទុក​សារធាតុពុល​នា​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។  
 
​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ដាស់តឿន​ឲ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ពិសា​ស្រា ដែល​ផ្ទុក​ដោយ​សារធាតុពុល ស្របពេល​អាកាសធាតុ​ក្តៅ​ខ្លាំង​ហួតហែង ព្រោះ​វា​ងាយ​បណ្តាល​ឲ្យ​បាត់​បង់ជីវិត​។ ជាមួយគ្នានេះ  រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ប្រាប់​ឲ្យ​ពលរដ្ឋ​ជៀសវាង​ការ​ពិសារ​ភេសជ្ជៈ​នានា ដែល​នាំ​ឲ្យ​ឈឺពោះ ក្អួត រាករូស ជាពិសេស​ចំណីអាហារ​ដែល​មិនមាន​អនាម័យ​ត្រឹមត្រូវ​។ 
 
​ចំពោះ​ករណី​ពុល​ស្រា មាន​រោគសញ្ញា​ដូចជា ឈឺក្បាល​, ក្អួត​,​ស្រវាំងភ្នែក​,​សន្លប់​,​វិលមុខ​,​ប្រកាច់​,​ពិបាក​ដកដង្ហើម​។ ដូច្នេះ​បើ​ពលរដ្ឋ​មាន​រោគសញ្ញា ដូចដែល​បានលើកឡើង​ខាងលើ  ត្រូវ​ត្រួតពិនិត្យ និង​ព្យាបាល​ជាបន្ទាន់​៕  

Tag:
 ​ក្រសួងសុខាភិបាល​
 ​ពលរដ្ឋ​
 ​ស្រា​
 ​បុណ្យចូលឆ្នាំ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com